ថ្ងៃទី ១៨ ខែកក្កដា ពិធីបដិសណ្ឋារកិច្ចអបអរសាទរខួបទី ៦០នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជាដែលសហការរៀបចំដោយសមាគមប្រជាជនចិនសម្រាប់មិត្តភាពជាមួយបរទេសនៃប្រទេសចិន និងស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសចិន បានប្រារព្ធធ្វើនៅក្រុងប៉េកាំង ។ ឯកឧត្តម វ៉ាងយី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន លោកជំទាវ ខែក កែមាលីស៊ីសូដា ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសចិនបានអញ្ជើញចូលរួមពិធីបដិសណ្ឋារកិច្ចព្រមទាំងថ្លែងសុន្ទរកថា ។ លោកស្រី Li Xiaolin ប្រធានសមាគមប្រជាជនចិនសម្រាប់មិត្តភាពជាមួយបរទេសនៃប្រទេសចិន ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ឥស្សរជនមេត្រីភាពមកពីគ្រប់មជ្ឈដ្ឋាននិងអង្គទូតបរទេសប្រចាំនៅប្រទេសចិនសរុបជិត៣រយរូបបានចូលរួមបដិសណ្ឋារកិច្ចលើកនេះ ។
លោក វ៉ាងយី បានថ្លែងថា ៦០ឆ្នាំកន្លងមកនេះ ទោះជាសភាពការណ៍អន្តរជាតិកើតមានការបម្រែបម្រួលដ៏ធំយ៉ាងណា ក៏ដោយ តែចំណងមិត្តភាពរវាងប្រជាជនចិននិងកម្ពុជាគឺរឹងមាំជាប់រហូត ឆ្លងកាន់ពេលវេលាកាន់តែយូរ កាន់តែរឹងមាំ។ ជឿជាក់ថា ឲ្យតែយើងខិតខំជាមួយគ្នា ចំណងមេត្រីភាពរវាងចិននិងកម្ពុជានឹងអាចរក្សាកម្លាំងរស់រវើកជានិច្ចនិរន្តរ៍។ ក្រៅពីនេះ ប្រទេសចិនក៏សង្ឃឹមនិងជឿជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៦ របស់ប្រទេសកម្ពុជានឹងប្រព្រឹត្តទៅដោយរលូន។
លោកជំទាវ ខែក កែមាលី ស៊ីសូដា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិនដែលបានផ្តល់ជំនួយនិងការគាំទ្រចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជាជាប់រហូតមក សង្ឃឹមថាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជានិងចិនទទួលបានសមិទ្ធផលកាន់តែច្រើនថែមទៀតក្រោមក្របខ័ណ្ឌ “ខ្សែក្រវាត់មួយនិងផ្លូវមួយ”។
ក្នុងបដិសណ្ឋារកិច្ច លោក វ៉ាងយីនិងលោកជំទាវ ខែក កែមាលីស៊ីសូដា បានរួមគ្នាបើកស្រោមសំបុត្ររំលឹកខួបអនុស្សាវរីយ៏លើកទី ៦០នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា ព្រមទាំងបានរួមគ្នាកាត់នំខេកផងដែរ ។
ក្រៅពីនេះ ភាគីរៀបចំកម្មវិធីក៏បានអញ្ជើញក្រុមរបាំព្រះរាជាទ្រព្យនៃប្រទេសកម្ពុជាឲ្យចូលរួមសម្តែងរបាំប្រពៃណីខ្មែរផងដែរ ៕