ថ្ងៃទី ២៨ ខែមេសា សម្តេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ព្រះប្រធានក្រុមសិល្បៈ ព្រះរាជទ្រព្យកម្ពុជាបានផ្តល់បទសម្ភាសន៍ជាពិសេសជាមួយវិទ្យុយើងខ្ញុំនៅទីក្រុងប៉េកាំងថា ដើម្បីអបអរសាទរខួបទី ៦០ នៃការបង្កើតសម្ព័ន្ធផ្លូវទូតរវាងប្រទេសកម្ពុជានិងចិន ទ្រង់បានដឹកនាំក្រុមសិល្បៈមកដល់ទីក្រុងប៉េកាំង ដើម្បីចូលរួមការសម្តែងជាពិសេសនៅយប់ថ្ងៃទី ២៨ មេសានេះ ក្នុងនោះរួមមានទាំងរបាំព្រះរាជទ្រព្យ របាំអប្សរាជាដើម ដែលសុទ្ធតែជាសិល្បៈប្រពៃណីមានភាពតំណាងរបស់ប្រទេសកម្ពុជាសម្រាប់ផ្តល់ជូនទស្សនិកជនចិន។
នេះគឺជាលើកទីមួយហើយដែលក្រុមសិល្បៈព្រះរាជទ្រព្យកម្ពុជាបានអញ្ជើញមកចូលរួមកម្មវិធីសិល្បៈ “ជួបជុំគ្នានៅទីក្រុងប៉េកាំង”។ សម្តេចព្រះរៀមទ្រង់បានឲ្យដឹងថា ដើម្បីរំលឹកខួបអនុស្សាវរីយ៍នៃចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរកម្ពុជានិងចិនដែលត្រូវបានពូនជ្រំដោយថ្នាក់ដឹកនាំជំនាន់មុនៗ ក្រុមសិល្បៈព្រះរាជទ្រព្យកម្ពុជាក៏នឹងលើកយកបទ « ស្រណោះស្រុកចិន » និងបទ « ឱ ប្រទេសចិន ប្រិយមាតុភូមិទី ២ នៃខ្ញុំ » ដែលជាព្រះរាជនិពន្ធរបស់ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនាកោដ្ឋមកសម្តែងជូនផងដែរ៕