អត្ថបទទីភ្នាក់ងារស៊ីនហួ ចេញផ្សាយពីថ្ងៃទី១៤ ខែកញ្ញា ពីទីក្រុងណាននីង ក្រោមចំណងជើង «កិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងប្រទេសអាស៊ានបង្ហាញពីចំណុចភ្លឺច្រើន ផ្អែកលើយុទ្ធសាស្ត្រ "ខ្សែក្រវ៉ាត់មួយនិងផ្លូវមួយ"
លោក He Wei អ្នកសារព័ត៌មានទីភ្នាក់ងារព័ត៌មានស៊ីនហួចិន
(រូបថតឯកសារ)
កាលពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០១៦ ពិព័រណ៌ចិន-អាស៊ានលើកទី១៣ ក្រោមប្រធានបទ " រួមគ្នាកសាងផ្លូវសូត្រលើសមុទ្រនាសតវត្សរ៍ទី២១ រួមគ្នាកសាងសហគមន៍រួមវាសនាចិន-អាស៊ានកាន់តែជិតស្និទ្ធ " បានទាក់ទាញសហគ្រាសចំនួនជាង២៦០០ នៃបណ្តាប្រទេសអាស៊ានទាំង១០ និងប្រទេសចំនួន២៩ទៀត ដែលមកពីតំបន់តាមដងផ្លូវ " ខ្សែក្រវ៉ាត់មួយនិងផ្លូវមួយ " ចូលរួមពិព័រណ៌នេះ ធ្វើឱ្យពិព័រណ៌នេះមានភាពឱឡារិក និងលេចចេញនូវពន្លឺដ៏ភ្លឺស្វាង ដោយទទួលបាននូវការវាយតម្លៃយ៉ាងខ្ពស់ពីបណ្តាប្រទេសដែលបានចូលរួម។
លោក Wang Lei អគ្គលេខាធិការនៃលេខាធិការដ្ឋានពិព័រណ៌ចិន-អាស៊ានបានប្រាប់ឱ្យដឹងថា ពិព័រណ៌ចិន-អាស៊ានលើកទី១៣ បានរៀបចំធ្វើឡើង ចំឱកាសខួបទី២៥ នៃការបង្កើតទំនាក់ទំនងកិច្ចសន្ទនារវាងចិន-អាស៊ាននិងបានផ្តោតសំខាន់លើប្រធានបទ " រួមគ្នាកសាងផ្លូវសូត្រលើសមុទ្រនាសតវត្សរ៍ទី២១ រួមគ្នាកសាងសហគមន៍រួមវាសនាចិន-អាស៊ានកាន់តែជិតស្និទ្ធ " ដោយ សង្កត់ធ្ងន់ទៅលើកិច្ចសហប្រតិបត្តិការផ្នែកសមត្ថភាពផលិតកម្មអន្តរជាតិ ខិត ខំជំរុញការកសាងគម្រោងធំៗសំខាន់ៗដូចជា កំពង់ផែសម្រាប់ផ្តល់ព័ត៌មានចិន-អាស៊ានជាដើម ហើយលទ្ធផលជាក់ស្តែងខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មពិតជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់។
ក្នុងការដាក់តាំងបង្ហាញនូវឧស្សាហកម្មធុនស្រាល នៃពិព័រណ៌ចិន-អាស៊ាន លើកទី១៣នេះផងដែរ ក៏មានការរៀបចំជាពិសេសនូវស្តង់ពិព័រណ៌ "ខ្សែក្រវ៉ាត់មួយនិងផ្លូវមួយ" ដោយបង្ហាញជូននូវផលិតផល ដែលមានលក្ខណៈតំណាងបំផុតនៅក្នុងវិស័យឧស្សាហកម្មធុនស្រាលនៃប្រទេសចិន-អាស៊ាន និងបណ្តាប្រទេសផ្សេងៗទៀតតាមដងផ្លូវ " ខ្សែក្រវ៉ាត់មួយនិងផ្លូវមួយ " ហើយក៏មានការបែងចែកតាមប្រភេទដោយមានទាំងសម្ភារៈអេឡិចត្រូនិក គ្រឿងបរិក្ខារប្រើប្រាស់ក្នុងផ្ទះ សម្ភារៈការិយាល័យ កីឡា និងការថែរក្សាសុខភាព គ្រឿងបរិក្ខារសម្រាប់តុបតែងផ្ទះ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ វត្ថុអនុស្សាវរីយ៍ ឧបករណ៍ផ្នែករឹងជាដើម ដែលបានជំរុញឱ្យមានប្រសិទ្ធភាពដល់កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរខាងឧស្សាហកម្មធុនស្រាល នៃបណ្តាប្រទេសផ្សេងៗ ហើយក៏បានពង្រីកនិងពង្វាតទីផ្សារនិងការទទួលស្គាល់ចំពោះផលិតផលតំណាងនៃឧស្សាហកម្មធុនស្រាលនៃបណ្តាប្រទេសតាមដងផ្លូវ "ខ្សែក្រវ៉ាត់មួយនិងផ្លូវមួយ" ផងដែរ។
ដោយពឹងផ្អែកលើយុទ្ធសាស្រ្ត "ខ្សែក្រវ៉ាត់មួយនិងផ្លូវមួយ" កិច្ចសហប្រតិបត្តិការផ្នែកសមត្ថភាពផលិតកម្មរវាងប្រទេសចិននិងបណ្តាប្រទេសអាស៊ាន បានឈានចូលដល់សភាពការណ៍ថ្មី។ លោក Zheng Chiping អនុប្រធានផ្នែកប្រើប្រាស់មូលធនបរទេស និងវិនិយោគក្រៅប្រទេសនៃគណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិចិនបានថ្លែងថា បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការផ្នែកសមត្ថភាពផលិតកម្មរវាងប្រទេសចិននិងបណ្តាប្រទេសអាស៊ាន មានមូលដ្ឋាននិងទ្រង់ទ្រាយជាជំហានដំបូង ហើយក្នុងផ្នែកសហការខាងការកសាងសួនផលិតកម្មនិងផ្លូវដែកល្បឿនលឿនជាដើម កំពុងទទួលបាននូវលទ្ធផលជាវិជ្ជមានជាច្រើន។
គិតមកដល់ខែមករា ឆ្នាំ២០១៦ សហគ្រាសចិនបានបង្កើតគម្រោង វិនិយោគទុនចំនួន២៣ នៅក្នុងប្រទេសអាស៊ាន ដែលមានលក្ខណៈសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និង ពាណិជ្ជកម្មក្រៅប្រទេស សរុបបានទាក់ទាញសហគ្រាសចិនចំនួន៤២១ ចូលទៅក្នុងសួន ជាមួយទំហំវិនិយោគសរុបរហូតដល់ ២១ ៣០០ លានដុល្លារអាម៉េរិក។
ជាក់ស្តែង គម្រោងសហប្រតិបត្តិការលើផ្នែកសមត្ថភាពផលិតកម្មមួយចំនួនកំពុងដំណើរការក្នុងល្បឿនលឿន។ ពិធីបើកការដ្ឋានសាងសង់គម្រោងផ្លូវដែកចិន-ថៃ នៅក្នុងប្រទេសថៃ ដែលសហការសាងសង់ដោយភាគីចិនបានប្រព្រឹត្តទៅរួចជាស្រេចនៅចុងឆ្នាំ២០១៥។ នៅប្រទេសឥណ្ឌូនេស៊ី គម្រោងកសាងខ្សែសង្វាក់ផលិតកម្មដែកអ៊ីណុក ដែលបណ្តាក់ទុនដោយក្រុមហ៊ុន TsingShan Holding Group របស់ប្រទេសចិន បានបញ្ចប់ដំណាក់កាលសាងសង់ទីមួយដោយជោគជ័យ ហើយគម្រោងដំណាក់កាលទីពីរនិងទីបី ក៏កំពុងតែទទួលបានការវិនិយោគធ្វើការសាងសង់ផងដែរ។ កិច្ចសហប្រតិបត្តិការផ្នែកសមត្ថភាពផលិតកម្មលើកនេះ បានបំបែកប្រវត្តិសាស្រ្តនៃខ្សែសង្វាក់ ផលិតកម្ម មិនផលិតដែកអ៊ីណុករបស់ប្រទេសឥណ្ឌូនេស៊ី។
នៅប្រទេសឡាវ គម្រោងសាងសង់វារីអគ្គិសនីទន្លេ Nam Ou ដែលកសាងដោយក្រុមហ៊ុន Power China របស់ប្រទេសចិន បានសម្រេចនូវការបង្កើតអគ្គិសនីដោយក្រុមម៉ាស៊ីនទីមួយរួចជាស្រេច។ គម្រោងនេះជាគម្រោងគន្លឹះនៃយុទ្ធសាស្ត្រថាមពលជាតិរបស់ប្រទេសឡាវ។ ព្រមពេលជាមួយនេះ កាលពីខែធ្នូ ឆ្នាំ២០១៥ ផ្លូវដែកចិន-ឡាវ ក៏បានរៀបចំធ្វើពិធីបើកការដ្ឋានដែលគ្រោងនឹងចំណាយប្រាក់ទុនចំនួន ៦៨០០ លានដុល្លារអាម៉េរិក ហើយបើតាមការប៉ាន់ស្មាន គឺនឹងសាងសង់រួចរាល់នៅឆ្នាំ២០២០។
លោកស្រី Yang Xiuping អគ្គលេខាធិការមជ្ឈមណ្ឌលចិន-អាស៊ាន បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះ ប្រទេសចិនបានចុះហត្ថលេខាជាមួយប្រទេសជាច្រើន និងបានចាប់ផ្តើមធ្វើកិច្ចសហប្រតិបត្តិការខាងផ្នែកសមត្ថភាពផលិតកម្មដោយប្រើប្រាស់យន្តការភាវូបនីយកម្ម ចំនួនមូលនិធិសហប្រតិបត្តិការនៃសមត្ថភាពផលិតកម្មទ្វេភាគីគ្រប់ប្រភេទមានលើសពី ១០០ ០០០លានដុល្លារអាម៉េរិក។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានចូលរួមក្នុងពិព័រណ៌ចិន-អាស៊ានជាច្រើនលើកមកហើយបានថ្លែងថា ប្រទេសកម្ពុជានិងប្រទេសចិនកំពុងជ្រើសរើសគម្រោងណាដែលសមស្របនឹងការផ្តួចផ្តើមស្តីពី " ខ្សែក្រវ៉ាត់មួយនិងផ្លូវមួយ " របស់ចិន ខណៈតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុរបស់ប្រទេសកម្ពុជាអាចនឹងក្លាយទៅជាផ្នែកមួយនៃ "ខ្សែក្រវ៉ាត់មួយនិងផ្លូវមួយ"។
ចាប់តាំងពីឆ្នាំ២០១៥ ថ្នាក់ដឹកនាំជាន់ខ្ពស់ប្រទេសចិននិងប្រទេសវៀតណាមក៏បានជំរុញការផ្តួចផ្តើមស្តីពី "ខ្សែក្រវ៉ាត់មួយនិងផ្លូវមួយ" របស់ចិន ផ្សារភ្ជាប់ជាមួយនឹងផែនការអភិវឌ្ឍន៍ជាតិរបស់វៀតណាម ដោយភាគីទាំងពីរបានដើរដល់មតិឯកភាពគ្នាជាយុទ្ធសាស្ត្រដ៏សំខាន់។ លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីវៀតណាមបានថ្លែងថា ៖ " បណ្តាប្រទេសអាស៊ាន ក្នុងនោះរួមទាំងប្រទេសវៀតណាមផង សុទ្ធតែមានជំនឿទុកចិត្តពេញលេញទៅលើសក្តានុពលអភិវឌ្ឍ កាលានុវត្តភាព និងអនាគតនៃទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងអាស៊ាននិងចិន។ "
"ខ្សែក្រវ៉ាត់មួយនិងផ្លូវមួយ" បានជំរុញឱ្យការផ្លាស់ប្តូរវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសចិន និងអាស៊ានកាន់តែមានភាពមមាញឹក និងរស់ រវើក។ លោកស្រី Yang Xiuping បានបន្តទៀតថា ៖ " កិច្ចសហប្រតិបត្តិការទ្វេភាគីចិននិងអាស៊ានបានឆ្លងកាត់តាំងពី 'ដំណាក់កាលលូតលាស់' ដែលមានការវិវឌ្ឍក្នុងល្បឿនលឿន ឈានចូលដល់ 'ដំណាក់កាលចាស់ទុំ' ដែលផ្តោតជាសំខាន់ទៅលើការលើកកម្ពស់គុណភាពនិងច្នៃប្រឌិតខ្ពស់ ហើយដែលនឹងនាំមកនូវសុខុមាលភាពកាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ និងផ្តល់វិភាគទានកាន់តែធំដល់ការអភិវឌ្ឍនិងភាពរុងរឿងក្នុងតំបន់ជាក់ជាមិនខាន"៕