កិច្ចសម្ភាសន៍ពិសេសជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា ៖ ការអភិវឌ្ឍរបស់ប្រទេសចិន បានជំរុញឱ្យ មានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងទូទាំងពិភពលោក
លោក Xue Lei អ្នកសារព័ត៌មានទីភ្នាក់ងារព័ត៌មានស៊ីនហួចិន
(រូបថតជាឯកសារ)
បើសិននិយាយចំពោះគណបក្សកុម្មុយនិស្តចិន និង គណបក្សប្រជាជនកម្ពុជា ឆ្នាំ ២០១៦ គឺជាឆ្នាំមួយដែលមានអត្ថន័យពិសេស ពោលគឺរយៈពេល៩៥ ឆ្នាំមុន គណបក្ស កុម្មុយនិស្តចិនត្រូវបានបង្កើតឡើង។ រយៈពេល២០ ឆ្នាំមុន គណបក្សកុម្មុយនិស្តចិន និង គណបក្សប្រជាជនកម្ពុជា បានបង្កើតទំនាក់ទំនងមិត្តភាពជាផ្លូវការ។ មុននេះបន្តិច សម្តេច វិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានផ្តល់បទសម្ភាសន៍ពិសេសជាលាយលក្ខណ៍អក្សរជាមួយអ្នកសារព័ត៌មានចិន ស៊ីនហួ ដោយសម្តេចបានកោតសរសើរយ៉ាងខ្ពង់ខ្ពស់ចំពោះសមិទ្ធផលដែលគណបក្ស កុម្មុយនិស្តចិនទទួលបានក្នុងរយៈពេល ៩៥ ឆ្នាំកន្លងមកនេះ។ សម្តេចបានបញ្ជាក់ថា ការ អភិវឌ្ឍរបស់ប្រទេសចិនបានអំណោយផលដល់ការអភិវឌ្ឍក្នុងតំបន់ ព្រមទាំងជំរុញឱ្យមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងនៅក្នុងទូទាំងពិភពលោកផងដែរ ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានលើកឡើងថា “ រំលឹកឡើងវិញនូវរយៈពេល ៩៥ ឆ្នាំកន្លងមក ប្រទេសចិនបានទទួលការសាកល្បងយ៉ាងតឹងរ៉ឹងជាច្រើនលើផ្នែកការការពារ ការកសាង និងអភិវឌ្ឍន៍ជាតិ ព្រមទាំងបញ្ហាលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនចិន។ ជាមួយនឹងការដោះស្រាយបញ្ហាក្នុងស្រុក ប្រទេសចិនក៏ត្រូវរងកម្លាំងសម្ពាធផ្នែកនយោបាយនិងសេដ្ឋកិច្ចពីបរទេសផងដែរ ប៉ុន្តែគណបក្សកុម្មុយនិស្តចិន និងប្រជាជនចិន បានផ្អែកលើកម្លាំងអត់ធ្មត់យ៉ាងរឹងមាំ ការប្រឹងប្រែងតស៊ូ និងភាពឈ្លាសវៃ ដើម្បីពុះពារជំនះនូវឧបសគ្គយ៉ាងច្រើន ហើយជាលទ្ធផលគឺទទួលបានជោគជ័យជាបន្តបន្ទាប់”។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានលើកឡើងថា " នៅក្រោមការដឹកនាំដ៏ត្រឹម ត្រូវរបស់គណបក្សកុម្មុយនិស្តចិន ប្រជាជនចិនបានអនុវត្តកំណែទម្រង់តាមលក្ខណៈ ពិសេសរបស់ចិន ដែលជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវនិងបានជំរុញដល់ការអភិវឌ្ឍយ៉ាងឆាប់ រហ័សក្នុងល្បឿនលឿនលើគ្រប់វិស័យ។ ក្នុងនោះដែរ កម្រិតជីវភាពរស់នៅរបស់ប្រជាជនចិនត្រូវលើកកម្ពស់ជាបន្តបន្ទាប់ ហើយប្រទេសចិនបានក្លាយទៅជាតួអង្គសេដ្ឋកិច្ចធំទី២លើពិភពលោក ។
សម្តេច សាយ ឈុំ ក៏បានកត់សម្គាល់ផងដែរថា ស្របពេលនឹងការអភិវឌ្ឍប្រទេស ជាតិយ៉ាងឆាប់រហ័ស " ប្រទេសចិនបានដើរតួនាទីកាន់តែសំខាន់នៅក្នុងតំបន់និងនៅលើ ពិភពលោកផងដែរ គួរបញ្ជាក់ថា កំណើនសេដ្ឋកិច្ចចិនបាននាំមកនូវកាលានុវត្តភាពថ្មីសម្រាប់សេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមនៅក្នុងតំបន់និងពិភពលលោក ពិសេសគឺបណ្តាប្រទេសជិតខាង "។
សម្តេច សាយ ឈុំ បានវាយតម្លៃយ៉ាងខ្ពស់ចំពោះការផ្តួចផ្តើមគំនិតអំពីយុទ្ធសាស្ត្រ" ខ្សែក្រវាត់មួយនិងផ្លូវមួយ " និងការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ។ សម្តេចបានគូសបញ្ជាក់ថា "ការផ្តួចផ្តើមគំនិតទាំងពីរនេះ បានបង្ហាញឲ្យឃើញនូវការប្តេជ្ញា ចិត្តរបស់ចិនអំពីការប្រកាន់ខ្ជាប់នូវគោលការណ៍បើកចំហ និង ជំរុញការតភ្ជាប់គ្នា។ អ្វីទាំងអស់នេះមិនមែនគ្រាន់តែដើរតួនាទីសំខាន់ៗក្នុងការជំរុញទំនាក់ទំនង និងការតភ្ជាប់គ្នារវាងបណ្តាប្រទេសនានាក្នុងតំបន់ និង បណ្តាប្រទេសនានាលើពិភពលោកប៉ុណ្ណោះទេ ថែមទាំងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំពារសន្តិភាពនិងសន្តិសុខលើពិភពលោកផងដែរ។
សម្តេចបានបញ្ជាក់បន្ថែមថា សមាជិកនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីជាច្រើន ក្នុងនោះរួមមានទាំងប្រទេសកម្ពុជាផង សុទ្ធតែជាប្រទេសនៅតាមបណ្តោយដងផ្លូវ " ខ្សែក្រវាត់មួយនិងផ្លូវមួយ " ហើយក៏មានការរំពឹងទុកថា ប្រទេសពាក់ព័ន្ធនានាអាចទទួលបាននូវផលប្រយោជន៍ពីការអនុវត្តនៃការផ្តួចផ្តើមគំនិតទាំងពីរនេះ ដើម្បីជំរុញការអភិវឌ្ឍប្រទេសរៀងៗខ្លួន ។
ការបើកចំហនិងការអភិវឌ្ឍរបស់ប្រទេសចិនមានអត្ថន័យយ៉ាងទូលំទូលាយចំពោះ តំបន់និងចំពោះពិភពលោក ដែលវាមិនត្រឹមតែបង្ហាញនៅក្នុងវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ វាក៏បង្ហាញនៅក្នុងវិស័យផ្សេងៗផងដែរ។ ថ្នាក់ដឹកនាំប្រទេសចិនក៏បានលើកឡើងផងដែរ នូវទស្សនៈការទូតអំពី " ភាពជិតស្និទ្ធិ ភាពស្មោះត្រង់ ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងអធ្យាស្រ័យគ្នា ដើម្បីបង្កើតសហគមន៍រួមវាសនាតែមួយអាស៊ាន- ចិន ដោយឈរលើមូលដ្ឋានមានមេត្រីភាពនិងសុខដុមនីយកម្មជាមួយប្រទេសជិតខាង និងកិច្ចសហ ប្រតិបត្តិការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ។
សម្តេច សាយ ឈុំ បានកត់សម្គាល់ថា ទស្សនៈការទូតអំពី " ភាពជិតស្និទ្ធិ ភាព ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងអធ្យាស្រ័យគ្នា " បានគាំពារផល ប្រយោជន៍របស់ភាគីពាក់ព័ន្ធនានា។ ដោយឈរលើមូលដ្ឋានប្រកាន់ខ្ជាប់នូវគោលការណ៍ ស្មើភាពនិងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង បណ្តាប្រទេសពាក់ព័ន្ធនានាអាចទទួលបាននូវផលប្រយោជន៍ជាច្រើនពីកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ពិសេសគឺវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ជាដើម។ អ្វីដែលគួរឱ្យកាន់តែចាប់អារម្មណ៍នោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ កម្ពុជានិងចិន បានត្រូវលើកកម្ពស់ជាលំដាប់ រហូតដល់ក្លាយជាទំនាក់ទំនងភាពជាដៃគូនៃកិច្ច សហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ។ កិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរលើគ្រប់វិស័យបានផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាជននិងប្រទេសទាំងពីរ។ សម្តេចបានបញ្ជាក់ថា " ប្រទេសចិនបានផ្តល់ជំនួយជាច្រើនដល់ប្រទេសកម្ពុជា ដែលអ្វីទាំងអស់នេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា។
ព្រមពេលជាមួយគ្នានេះ សម្តេចបានបញ្ជាក់ថា គោលនយោបាយនេះនឹងជំរុញឲ្យបណ្តាប្រទេសនានាលើពិភពលោកបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាដោយឈរលើមូលដ្ឋានគាំពារសន្តិភាពនិងស្ថិរភាព ដើម្បីសម្រេចបាននូវគោលបំណងស្តីពីសន្តិភាព រួមរស់នៅជាមួយគ្នាដោយសុខដុមរមនាដើម្បីឆ្ពោះទៅរកភាពរុងរឿងថ្កុំថ្កើងទាំងអស់គ្នា ។
សម្តេចបានលើកឡើងទៀតថា " សហគមន៍រួមវាសនាតែមួយអាស៊ាន-ចិន គឺជាការផ្តួចផ្តើមគំនិតដែលមិនធ្លាប់មានពីមុនមក ទោះបីជាសព្វថ្ងៃនេះវាមិនទាន់បានសម្រេច គោលបំណងទាំងស្រុងនៅឡើយ តែខ្ញុំសង្ឃឹមថា ទំនាក់ទំនងភាពជាដៃគូសន្ទនាអាស៊ាន-ចិន ប្រាកដជាត្រូវបានលើកកម្ពស់ជាលំដាប់ ហើយក្លាយទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ដែលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ដោយសារចិននិងអាស៊ាន គឺជាអ្នកជិតខាងល្អ ជាមិត្តភ័ក្តិល្អ និងជាដៃគូល្អ ខ្ញុំមានក្តីសោមនស្សរីករាយណាស់និងពេញចិត្តយ៉ាងខ្លាំងចំពោះសមិទ្ធផលសំខាន់ៗដែលទទួលបានពីកិច្ចសហប្រតិបត្តិការរវាងចិន-អាស៊ាន ក៏ដូចជា អាស៊ាន-ចិន ជប៉ុន និងកូរ៉េខាងត្បូង( 10+3 ) តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន និងតំបន់តាមបណ្តោយដងទន្លេឡានឆាង-មេគ្គង ជាដើម ។
សម្តេចបានបញ្ជាក់ផងដែរថា " អាស៊ាននិងចិនគឺជាដៃគូដែលមិនអាចខ្វះបាននោះទេ "។ ការអភិវឌ្ឍន៍របស់អាស៊ានមិនអាចចាកចេញពីកិច្ចសហប្រតិបតិ្តការជាមួយចិនបានឡើយ ដូច្នេះ ចិននិងអាស៊ាននឹងដើរតួនាទីសំខាន់ និងអាចបំពេញបន្ថែមឱ្យគ្នានៅក្នុងការ អភិវឌ្ឍលើគ្រប់វិស័យនាពេលអនាគត។ សម្តេចបានលើកឡើងថា " ការបង្កើតទំនាក់ទំនងរវាងអាស៊ាន-ចិន ដែលមានភាពកាន់តែជិតស្និទ្ធិ គឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះ ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ គាំពារស្ថិរភាព សន្តិភាព និងសន្តិសុខ ព្រមទាំងជំរុញឱ្យមានភាពថ្កុំថ្កើងនិងរីកចម្រើនក្នុងតំបន់ទៀតផង ។
នៅឆ្នាំ ២០១៦ នេះ គឺចំពេលនៃខួបទី ២០ នៃការបង្កើតទំនាក់ទំនងមិត្តភាពរវាង គណបក្សប្រជាជនកម្ពុជានិងគណបក្សកុម្មុយនិស្តចិន។ សម្តេច សាយ ឈុំ បានបញ្ជាក់ថាទំនាក់ទំនងមិត្តភាពរវាងគណបក្សទាំងពីរ បានប្រកានខ្ជាប់នូវគោលការណ៍មូលដ្ឋាន ៤ ចំណុច គឺឯករាជ្យ ស្មើភាព គោរពគ្នាទៅវិញទៅមក និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរៀងៗខ្លួន។ ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ គណបក្សទាំងពីរ បានធ្វើជាកម្លាំងដឹកនាំដ៏សំខាន់ និងបានជំរុញប្រកបប្រសិទ្ធភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ព្រមទាំងជំរុញឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យឡើង ឈានដល់ទំនាក់ទំនងភាពជាដៃគូ នៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយផង ដែរ។ អាចនិយាយបានថា " ទំនាក់ទំនងរវាងគណបក្សទាំងពីរ គឺជាមិត្តភ័ក្តិចាស់ ជាមិត្តភក្តិល្អ ជាអ្នកជិតខាងល្អ ជាបងប្អូនល្អ និងជាដៃគូល្អយ៉ាងពិតប្រាកដ។ "
ចំពោះគោលដៅនៃកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងគណបក្សទាំងពីរនាពេលអនាគត សម្តេច សាយ ឈុំ បានគូសបញ្ជាក់ថា ដើម្បីពង្រឹងនិងពង្រីកមិត្តភាព និងទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ភាគីទាំងពីរត្រូវតែបន្តបង្កើននូវដំណើរទស្សនកិច្ចរវាង ថ្នាក់ដឹកនាំជាន់ខ្ពស់ និងការផ្លាស់ប្តូរបទពិសោធន៍មន្ត្រីរវាងគណបក្សទាំងពីរ ពិសេសគឺជំរុញការផ្លាស់ប្តូររវាងយុវជន ពីព្រោះថាយុវជនជាតួអង្គពិសេសក្នុងការរក្សាបន្ត ពង្រឹង និង ពង្រីកទំនាក់ទំនងរវាងគណបក្សទាំងពីរ ក៏ដូចជារវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ។ ក្រៅពីនេះ ភាគីទាំងពីរនឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការនិងការសម្របសម្រួលស្តីពីបញ្ហាក្នុងតំបន់និងអន្តរជាតិ ហើយកិច្ចការនេះក៏ជាភារកិច្ចដ៏សំខាន់ដែលគណបក្សទាំងពីរសុទ្ធតែបានផ្តោតការយកចិត្តទុកដាក់ដូចគ្នាផងដែរ ៕