ព្រឹកថ្ងៃទី ២៣ ខែកញ្ញា នៅវិមានសភាប្រជាជនចិន លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានថ្លែងសុន្ទរកថាគន្លឹះ ខណៈពេលជួបសំណេះសំណាលជាមួយតំណាងនៃបុគ្គលិកការងារដែលចូលរួមការងារសិក្សាស្រាវជ្រាវនិងការងារពិសោធន៍នៃបេសកកម្មហោះហើររបស់យានអវកាសChangE-៦នៃគម្រោងស្ទង់រុករកភពព្រះចន្ទ ។ លោកបានគូសបញ្ជាក់ថា សមិទ្ធផលនៃគម្រោងស្ទង់រុករកភពព្រះចន្ទ ជាបណ្តុំនៃតម្រិះប្រាជ្ញានិងកម្លាំងកាយចិត្តរបស់អវកាសយានិកច្រើនជំនាន់របស់ប្រទេសចិន បានបង្ហាញពីសមិទ្ធផលដ៏លេចធ្លោរបស់ប្រទេសចិនលើវិស័យសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដោយឯករាជ្យម្ចាស់ការក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ និងបានបង្ហាញពីឆន្ទៈ និងចរិតដ៏មោះមុតរបស់ប្រជាជនចិន ។ យើងត្រូវខិតខំប្រឹងប្រែងផ្សព្វផ្សាយស្មារតីស្ទង់រុករកភពព្រះចន្ទនៅក្នុងសង្គមទាំងមូល ពោលគឺខំស្វែងរកសុបិន ហ៊ានសិក្សាស្រាវជ្រាវ រួមគ្នាជម្នះលើឧបសគ្គ ធ្វើកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះ ដើម្បីបង្កើនជំនឿចិត្តនិងមោទនភាពលើខ្លួនឯងរបស់កុលបុត្រកុលធិតាចិន ប្រមូលផ្តុំកម្លាំងដ៏ខ្លាំងក្លាដើម្បីជំរុញដោយគ្រប់ជ្រុងជ្រោយនូវកិច្ចកសាងប្រទេសខ្លាំងក្លា និងបុព្វហេតុស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ។
សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន រួមមានលោក Li Qiang លោក Zhao Leji លោកWang Huning លោកCai Qi លោកDing Xuexiang និងលោកLi Xi បានចូលរួមពិធីសណេះសំណាលលើកនេះ ៕