ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមការងារសេដ្ឋកិច្ចចិន-អាមេរិកបើកកិច្ចប្រជុំលើកទី៥
2024-09-21 15:22:48cri
Share with:

អ្នកសារព័ត៌មានទទួលបានដំណឹងពីក្រសួងហិរញ្ញវត្ថុចិនកាលពីថ្ងៃទី ២០ ខែកញ្ញាឱ្យដឹងថា ក្រុមការងារសេដ្ឋកិច្ចចិន-អាមេរិកបានបើកកិច្ចប្រជុំលើកទី ៥ នៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែកញ្ញា ក្រោមសហអធិបតីរបស់លោក Liao Min អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចិន និងលោក Shambaugh អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក ។ស្ថាប័នពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចនៃប្រទេសទាំងពីរបានចូលរួមកិច្ចប្រជុំដើម្បីផ្លាស់ប្តូរមតិយោបល់ ។

ភាគីចិននិងអាមេរិកបានយោងតាមស្មារតីនៃគំនិតឯកភាពរួមដែលអ្នកដឹកនាំនៃភាគីទាំងពីរបានឈានដល់គ្នានៅក្នុងកិច្ចជំនួបក្រុងសាន់ហ្រ្វានស៊ីស្កូ និងកិច្ចសន្ទនាក្រុងក្វាងចូវ ដើម្បីធ្វើការប្រាស្រ័យទាក់ទងដោយស្មោះត្រង់ និងប្រកបដោយភាពជាក់ស្តែងនិងលក្ខណៈស្ថាបនា អំពីស្ថានភាពនិងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ ការឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល និងបញ្ហាកង្វល់របស់ទ្វេភាគី។ ប្រទេសចិនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការដែលអាមេរិកដំឡើងពន្ធគយលើទំនិញនាំចូលពីចិន  ការរឹតបន្តឹងចំពោះការវិនិយោគនៅចិន ការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ការគាបសង្កត់និងប៉ះពាល់ដល់ផលប្រយោជន៍របស់ក្រុមហ៊ុនចិនជាដើម។ ភាគីទាំងពីរបានឯកភាពបន្តរក្សាការប្រាស្រ័យទាក់ទងគ្នា។

នាថ្ងៃដដែលនោះ លោក He Lifeng ឧបនាយករដ្ឋមន្ត្រីចិន និងជាអ្នកដឹកនាំភាគីចិនផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិកក៏បានជួបសន្ទនាជាមួយគណៈប្រតិភូដែលដឹកនាំដោយលោក Shambaugh ផងដែរ។

លោក He Lifeng បានថ្លែងថា ប្រទេសចិននិអាមេរិកគួរតែអនុវត្តជាក់ស្តែងនូវគំនិតឯកភាពដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរនៅក្នុងកិច្ចជំនួបក្រុងសាន់ហ្វ្រានស៊ីស្កូ និងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីខែមេសា ឆ្នាំ២០២៤នេះ ដើម្បីជំរុញឱ្យទំនាក់ទំនងសេដ្ឋកិច្ចចិន-អាមេរិកទទួលបានការអភិវឌ្ឍប្រកបដោយភាពរឹងមាំនិងស្ថិរភាព ។

ជាការឆ្លើយតប លោក Shambaugh បានពាំនាំនូវសារផ្តាំរបស់លោកស្រី Yellen អ្នកដឹកនាំភាគីអាមេរិកផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិក និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកថា អាមេរិកមានឆន្ទៈរក្សាការប្រាស្រ័យទាក់ទងផ្នែកសេដ្ឋកិច្ចជាមួយប្រទេសចិន ដើម្បីអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ចចិន-សហរដ្ឋអាមេរិកប្រកបដោយភាពរឹងមាំ  ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស