ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ រដ្ឋាភិបាលចិនដាច់ខាតមិនបណ្តែតបណ្តោយចំពោះអំពើហិង្សាខុសច្បាប់ណាមួយឡើយ
2024-09-20 15:39:12cri
Share with:

នៅក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសចិនកាលពីថ្ងៃទី ១៩ ខែកញ្ញា មានអ្នកយកព័ត៌មានបានសួរថា នៅថ្ងៃទី ១៩ ខែកញ្ញា ស្ថានអគ្គកុងស៊ុលជប៉ុនប្រចាំនៅទីក្រុងGuangzhouបានប្រកាសថាក្មេងប្រុសដែលត្រូវជនដៃដល់ចាក់នឹងកាំបិតនៅទីក្រុង Shenzhen កាលពីថ្ងៃទី ១៨ ខែកញ្ញាបានទទួលមរណភាពហើយ។ តើអ្នកនាំពាក្យយល់ឃើញយ៉ាងណាចំពោះរឿងនេះ?

លោកLin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា ប្រទេសចិនសម្តែងការសោកស្ដាយ និងការឈឺចាប់ចំពោះការកើតមានហេតុការណ៍ដ៏អកុសលបែបនេះ ព្រមទាំងសូមចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ក្មេងប្រុសនេះ និងសួរសុខទុក្ខចំពោះក្រុមគ្រួសាររបស់គាត់។

លោកLin Jian បានថ្លែងបន្តថា ក្មេងប្រុសនេះមានសញ្ជាតិជប៉ុន ឪពុកម្តាយរបស់គាត់ជាពលរដ្ឋជប៉ុននិងពលរដ្ឋចិន។ ក្មេងប្រុសនេះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីរងការវាយប្រហារ។ ប្រទេសចិននឹងផ្តល់កិច្ចសហការដ៏ចាំបាច់ដល់គ្រួសាររបស់គាត់ក្នុងការចាត់ចែងការងារពាក់ព័ន្ធ។

លោកLin Jian បានបន្តថា នេះជាករណីកម្រមាន។ រដ្ឋាភិបាលចិនដាច់ខាតមិនបណ្តែតបណ្តោយចំពោះអំពើហិង្សាខុសច្បាប់ណាមួយឡើយ។ ជានិច្ចកាល ប្រទេសចិនបានចាត់វិធានការ ហើយក៏នឹងបន្តចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីធានាដល់សុវត្ថិភាពរបស់ពលរដ្ឋបរទេសទាំងអស់នៅក្នុងប្រទេសចិន៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស