កិច្ចប្រជុំពិសេសបន្ទាន់លើកទី១០ នៃមហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសម្រេចចិត្តមួយកាលពីថ្ងៃទី១៨ខែកញ្ញា ដោយទាមទារឱ្យអ៊ីស្រាអែលបញ្ចប់ការកាន់កាប់ទឹកដីប៉ាឡេស្ទីនដោយខុសច្បាប់ក្នុងរយៈពេល១២ខែ។
លទ្ធផលបោះឆ្នោតនៅថ្ងៃដដែលនោះមានសំឡេងគាំទ្រចំនួន ១២៤សំឡេង សំឡេងប្រឆាំងចំនួន ១៤សំឡេង និងអនុបវាទ ៤៣សំឡេង។ សេចក្តីសម្រេចចិត្តនេះទាមទារឱ្យអ៊ីស្រាអែលដកកងកម្លាំងយោធាទាំងអស់ចេញពីទឹកដីប៉ាឡេស្ទីនដែលខ្លួនបានកាន់កាប់ ព្រមទាំងបញ្ចប់នូវគោលនយោបាយ និងសកម្មភាពខុសច្បាប់របស់អ៊ីស្រាអែលក្នុងនោះបូករួមទាំងការបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពតាំងទីលំនៅថ្មី និងដកអ្នកដែលបានតាំងលំនៅទាំងអស់ចេញពីទឹកដីប៉ាឡេស្ទីនដែលត្រូវបានកាន់កាប់ ហើយប្រគល់ដី និងអចលនទ្រព្យផ្សេងទៀតឱ្យទៅប៉ាឡេស្ទីនវិញ និងអនុញ្ញាតឱ្យជនជាតិប៉ាឡេស្ទីនទាំងអស់ដែលបាត់បង់ទីជម្រកក្នុងអំឡុងពេលដែនដីត្រូវបានកាន់កាប់ ឱ្យត្រឡប់ទៅរស់នៅទីតាំងដើម វិញជាដើម៕