គិតមកទល់ដំណាច់ឆ្នាំ២០១៨ កីឡាករកីឡាការិនីចិនទទួលបានជើងឯកពិភពលោកចំនួន៣៤៥៨ និងបានបង្កើតឯតទគ្គកម្មពិភពលោកចំនួន១៣៣២លើក។ ការអភិវឌ្ឍនៃកីឡាប្រភេទប្រកួតប្រជែងបានជំរុញការហាត់ប្រាណរបស់ប្រជាជនទាំងឡាយនិងការអភិវឌ្ឍនៃមុខរបរកីឡា។ នាឆ្នាំ២០០៩ ប្រទេសចិនបានកំណត់យកថ្ងៃទី៨ខែសីហាជារៀងរាល់ឆ្នាំជា“ទិវាហាត់ប្រាណរបស់ប្រជាជននៅទូទាំងប្រទេស”។ បច្ចុប្បន្ននេះ នៅទូទាំងប្រទេសចិនមានកន្លែងសម្រាប់មហាជនហាត់ប្រាណជាង៣លាន១សែនកន្លែង អ្នកដែលបានចូលរួមការហាត់ប្រាណជាញឹកញាប់មានចំនួនលើសពី៤០០លាននាក់។ ការប្រកួតកីឡាលំដាប់អន្តរជាតិដែលរៀបចំធ្វើនៅប្រទេសចិនជារៀងរាល់ឆ្នាំមានជាង២០០លើក។
នៅគ្រាដំបូងនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដើម្បីកែប្រែមុខមាត់ដែលប្រជាជនទន់ខ្សោយ ប្រទេសជាតិក្រីក្រ ប្រទេសចិនបានបង្កើតរូបមន្តអភិវឌ្ឍន៍កីឡាប្រកួតប្រជែងដែលចាត់ទុក”កីឡាអូឡាំពិកជាការងារស្នូល” ។ ឆ្នាំ ២០០៨ ក្នុងការប្រកួតកីឡាអូឡាំពិករដូវក្តៅក្រុងប៉េកាំង ប្រទេសចិនបានឈរនៅចំណាត់ថ្នាក់លេខ ១ ក្នុងតារាងមេដាយមាស ដោយដណ្តើមបានមេដាយមាសសរុប ៥១ គ្រឿង បានក្លាយទៅជាប្រទេសអាស៊ីទីមួយដែលឈរនៅចំណាត់ថ្នាក់លេខ ១ ក្នុងតារាងមេដាយមាសនៃការប្រកួតកីឡាអូឡាំពិក ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានចាត់វិធានការជាច្រើនទៀតសំដៅកែប្រែរូបមន្តអភិវឌ្ឍន៍វិស័យកីឡា ដោយបានបំផុសឱ្យមានការហាត់ប្រាណនៅទូទាំងប្រទេសយ៉ាងទូលំទូលាយ បណ្តុះបណ្តាលក្មេងជំទង់ដែលជាអ្នកចូលចិត្តកីឡា បំផុសកម្លាំងសង្គមសម្រាប់កែលម្អបរិស្ថាននិងល័ក្ខខ័ណ្ឌសម្រាប់ហាត់កីឡា ដើម្បីពន្លឿនការកសាងប្រទេសជាតិឱ្យទៅជាប្រទេសខ្លាំងខាងកីឡា ៕