ពិធីបំពាក់គ្រឿងឥស្សរិយយសជាតិចិនបានប្រារព្ធឡើងយ៉ាងឱឡារិកនៅវិមានសភាប្រជាជននៅក្រុងប៉េកាំងនៅព្រឹកថ្ងៃទី ២៩ ខែកញ្ញានេះ ។ លោកស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនិងជាប្រធាននៃគណៈកម្មាធិការយោធាមជ្ឈិមចិនបានបំពាក់មេដាយសាធារណរដ្ឋប្រជាមានិតចិន មេដាយមិត្តភាពនិងគ្រឿងឥស្សរិយយសជាតិដល់អ្នកទទួលមេដាយនានាព្រមទាំងថ្លែងសុន្ទរកថា ។
យោងតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ បានបង្ហាញថា មេដាយសាធារណរដ្ឋប្រជាមានិតចិនត្រូវផ្តល់ជូនឥស្សរជនចំនួន ៨ នាក់ , មេដាយមិត្តភាពត្រូវផ្តល់ជូនឥស្សរជនចំនួន ៦ នាក់ , និងគ្រឿងឥស្សរិយយសជាតិត្រូវផ្តល់ជូនឥស្សរជនចំនួន ២៨ នាក់។
បន្ទាប់ពីពិធីបំពាក់មេដាយ លោក ស៊ី ជីនភីង បានថ្លែងថា អ្នកទទួលមេដាយជាតិនិងគ្រឿងឥស្សរិយយសជាតិ ជាតំណាងនៃបណ្តាឥស្សរជនដ៏ឆ្នើមរាប់ពាន់រាប់ម៉ឺននាក់ដែលបានចូលរួមផ្តល់វិភាគទានក្នុងបុព្វហេតុបក្សនិងប្រជាជន។ ថ្ងៃនេះ យើងផ្តល់កិត្តិយសដល់វីរបុរសនិងគំរូទាំងនេះ ដែលមានស្តង់ដារខ្ពស់បំផុត ដើម្បីផ្សព្វផ្សាយយ៉ាងទូលំទូលាយពីភាពស្មោះត្រង់ ការតស៊ូនិងចរិតលក្ខណៈដ៏សុភាពរាបសារបស់ពួកគេ។
លោក ស៊ី ជីនភីង បានបន្តទៀតថា ថ្ងៃនេះយើងខ្ញុំសូមកោតសរសើរដល់គ្រប់មិត្តចាស់ មិត្តល្អ ដែលធ្លាប់ផ្តល់ការជួយគាំទ្រដល់ប្រទេសចិនក្នុងអំឡុងរយៈពេលយូរយារណាស់មកហើយ។ យើងខ្ញុំសូមថ្លែងអំណរគុណអស់ពីដួងចិត្ត អរគុណពួកគេបានផ្តល់វិភាគទានក្នុងការកសាងនិងអភិវឌ្ឍប្រទេសចិន! ប្រជាជនចិនមានឆន្ទៈ រួមជាមួយប្រជាជនគ្រប់ប្រទេសលើលោក ដើម្បីបង្កើតសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ និងដើម្បីជំរុញឱ្យភពផែនដីរបស់យើងកាន់តែល្អប្រសើរជាងមុន៕