徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចព្រះមហាក្សត្រីនរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរបានអញ្ជើញយាងទតពិព័រណ៍សមិទ្ធផលទ្រង់ទ្រាយធំដើម្បីអបអរសាទរខួបគម្រប់ ៧០ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

2019-09-27 15:23:01 cri

    កាលពី​ថ្ងៃទី ២៦ ខែកញ្ញា ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេចព្រះមហាក្សត្រី​នរោត្តម​មុនីនាថ សីហនុ​បានអញ្ជើញ​យាងទត​ពិព័រណ៍​សមិទ្ធផល​ទ្រង់ទ្រាយធំ​ដើម្បី​អបអរសាទរ​ខួបគម្រប់ ៧០ ឆ្នាំ​នៃការបង្កើត​សាធារណរដ្ឋប្រជាមានិតចិន​ក្រោមប្រធានបទ​ដំណើរដ៏​មហិមា សមិទ្ធផល​ដ៏រុងរឿង​នៅសាលពិព័រណ៍​ក្រុងប៉េកាំង ។

បន្ទាប់ពី​យាងទត ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម សីហមុនី​បានមាន​ព្រះរាជបន្ទូលថា យើងខ្ញុំមាន​សេចក្តីរីករាយ​និង​មាន​សេចក្តីរំភើប​យ៉ាងក្រៃលែង​ដោយមានភ័ព្វសំណាង​បានមកទស្សនា​ពិព័រណ៍​ដ៏សំខាន់​និង​ដ៏ល្អបំផុត​បង្ហាញអំពី​សមិទ្ធផលដ៏ធំធេងសម្បើម​មហាអស្ចា្យនៃ​សាធារណរដ្ឋប្រជាមានិតចិន​ក្នុងរយៈពេល ៧០ ឆ្នាំ​កន្លងមក ។ ប្រទេសកម្ពុជា​និង​ប្រជាជនកម្ពុជា​សូមសម្តែងនូវ​សេចក្តីកោតសរសើ​ជូនចំពោះ​សាធារណរដ្ឋប្រជាមានិតចិន​ដែលបាន​ទទួលនូវ​មហាជោគជ័យ រីកចម្រើន លូតលាស់ ជឿនលឿន​លើគ្រប់វិស័យ​ក្នុងរយៈពេល ៧០ ឆ្នាំ​កន្លងមក​ក្រោម​ការដឹកនាំ​ដ៏ភ្លឺស្វាង ដ៏មហាអស្ចា្យ​របស់ឯកឧត្តមប្រធាន​ម៉ៅសេទុង ឯកឧត្តមប្រធាន​តេងស៊ៀវភីង ឯកឧត្តមប្រធាន​ជាំងហ្សឺមីង ឯកឧត្តមប្រធាន​ហ៊ូជីនថាវ និងឯកឧត្តម​ប្រធានស៊ីជីនភីង ។ យើងខ្ញុំ​កម្ពុជា​សូមជូនពរ​មហាប្រជាជនចិន ជាបងប្អូន សូមបានទទួលនូវ​សេចក្តីរុងរឿង ចម្រុងចម្រើន ថ្កុំថ្កើង សម្បូរសប្បាយ​ជារៀងរហូត ។

    សម្តេចព្រះមហាក្សត្រី​នរោត្តម​មុនីនាថ សីហនុ ព្រះវររាជមាតា​ជាតិខ្មែរ​បានមាន​ព្រះបន្ឬូលថា ខ្ញុំ​សប្បាយហរទ័យណាស់​ដែលបានមើលឃើញ​ការលូតលាស់​ជាច្រើន​នៅគ្រប់វិស័យ​ទាំងអស់​បើប្រៀបធៀបនឹង​ឆ្នាំ ១៩៥៨ ដែលទូលបង្គុំខ្ញុំបានមក​ប្រទេសចិន​ជាលើកដំបូង ។ ពាក្យខ្មែរនិយាយថា ខុសគ្នា​ដូច​មេឃនិងដី ប្រទេសចិន ៧០ ឆ្នាំមុននិង​ ៧០ ឆ្នាំក្រោយ​គឺខុសគ្នា​ដូចមេឃ​និងដី ។ ខ្ញុំសូម​ជូនពរ​ប្រទេសចិន​បានថ្កុំថ្កើង​រុងរឿង​តទៅទៀត ជូនពរ​ប្រជាជនចិន​មានសុភមង្គល បានជោគជ័យ សិរីសួស្តី រីកចម្រើន​គ្រប់វិស័យ​ទាំងអស់ ។

    លោកLuo Zhaohui អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេសចិន លោក​RenZhiwu អគ្គលេខាធិការរង​នៃគណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​និង​កំណែទម្រង់​ប្រទេសចិន​ជាដើម​បាន​អមដំណើរ​ការយាងទត​ពិព័រណ៍​លើកនេះ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស