ថ្ងៃទី១៥ខែមីនា មហាសន្និបាតលើកទីពីរនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣បានបិទបញ្ចប់ ។ ក្នុងសភាពការណ៍ដែលអង្គការធំៗជាច្រើនលើពិភពលោកបានទម្លាក់ការរំពឹងនៃកំណើនសេដ្ឋកិច្ចឆ្នាំនេះជាបន្តបន្ទាប់ មតិអន្តរជាតិបានយល់ឃើញថា មហាសន្និបាតនៃសភាទាំងពីរប្រទេសចិនពោរពេញដោយសុទិដ្ឋិនិយម ព្រមទាំងបានលើកឡើងនូវសំណើនិងគម្រោងសម្រាប់សម្រេចសុទិដ្ឋិនិយមផងដែរ ។ ក្នុងសន្និសីទសារព័ត៌មានជាតិនិងអន្តរជាតិនៅថ្ងៃនេះ លោកលីខឺឈាង នាយករដ្ឋមន្ត្រីចិនបានគូសបញ្ជាក់ម្តងទៀតថា ដំណើរការនៃសេដ្ឋកិច្ចប្រទេសចិនមុខជានឹងត្រូវរក្សាក្នុងកម្រិតដ៏សមហេតុផលជាក់ជាមិនខាន ហើយនឹងជំរុញការអភិវឌ្ឍដោយគុណភាពខ្ពស់ ។ កម្លាំងចលករថ្មីដែលណែនាំដោយការច្នៃប្រឌិតថ្មីកំពុងក្លាយទៅជាកម្លាំងជំរុញនៃការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសចិន ។ នេះមិនគ្រាន់តែនឹងបន្តកែលម្អជីវភាពប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងនឹងនាំមកឱកាសអភិវឌ្ឍន៍និងឈ្នះ-ឈ្នះដ៏ពេញលេញចំពោះពិភពលោកផងដែរ ។
អំឡុងពេលមហាសន្និបាតនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនមានដំណឹងល្អៗមួយចំនួនដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននិងសហគ្រាស ដែលនឹងបន្តធ្វើឲ្យមានភាពល្អប្រសើរនៃបរិយាកាសអភិវឌ្ឍន៍ក្នុងប្រទេសចិន។ដំណឹងល្អៗនេះរួមមានទាំង ការអនុម័តលើច្បាប់វិនិយោគសម្រាប់ពាណិជ្ជករបរទេស ការអនុវត្តការកាត់បន្ថយពន្ធនិងថ្លៃចំណាយ ការធ្វើឲ្យកាន់តែស៊ីជម្រៅនូវកំណែទម្រង់គោលនយោបាយផ្តល់ភាពងាយស្រួលនៃស្ថាប័នរដ្ឋាភិបាលនិងការប្រគល់សិទ្ធិធ្វើអាជីវកម្មនិងគ្រប់គ្រងឲ្យសហគ្រាសជាដើម ដំណឹងដ៏វិជ្ជមានជាច្រើនបានធ្វើឲ្យមានការលើកទឹកចិត្តទីផ្សារយ៉ាងខ្លាំង។
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានកោតសរសើរប្រទេសចិនក្នុងវិធានការកាត់បន្ថយពន្ធនិងថ្លៃចំណាយ ហើយយល់ឃើញថា ការកំណត់គោលដៅរបស់ចិនលើគោលនយោបាយរំញោចសេដ្ឋកិច្ចដើម្បីលើកកម្ពស់ការប្រើប្រាស់ក្នុងប្រទេសគឺជាការត្រឹមត្រូវណាស់ ហើយនឹងនាំឲ្យមានកំណើនសេដ្ឋកិច្ចដែលមានគុណភាពកាន់តែខ្ពស់។
នៅក្នុងដំណើរការនៃការជំរុញការផ្លាស់ប្តូរផែ្នកសេដ្ឋកិច្ច ការធ្វើឲ្យប្រសើរឡើងនិងសម្រេចបាននូវការអភិវឌ្ឍដែលមានគុណភាពខ្ពស់ ក៏ដូចជាការរីកចម្រើនយ៉ាងឆាប់រហ័សនៃថាមពលបែបថ្មី គឺមានសារៈសំខាន់ខ្លាំងណាស់។របាយការណ៍ការងាររដ្ឋាភិបាលឆ្នាំនេះ បានលើកឡើងជាលើកដំបូងនូវការពង្រីកគំនិត"ឆ្លាតវៃ" ហើយការកែលម្អនិងការធ្វើឲ្យប្រសើរឡើងនៃបណ្តាញអ៊ីនធឺណេត ប្រាជ្ញាឆ្លាតវៃដោយសិប្បនិម្មិតនិងឧស្សាហកម្មបែបប្រពៃណីនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្មដែលកំពុងរីកចម្រើន។
ការអភិវឌ្ឍនិងពង្រីកថាមពលបែបថ្មី នឹងលើកកម្ពស់ការធ្វើឲ្យប្រសើរឡើងដោយគ្រប់ជ្រុងជ្រោយនៃឧស្សាហកម្មបែបប្រពៃណីរបស់ប្រទេសចិន ហើយក៏នឹងបង្កើតឱកាសសម្រាប់សហគ្រាសពហុជាតិដើម្បីចូលរួមក្នុងកិច្ចសហប្រតិបត្តិការវគ្គថ្មី។យោងតាមទិន្នន័យជាផ្លូវការរបស់ប្រទេសចិន បានបង្ហាញថា ទំហំនៃឧស្សាហកម្មស្នូលផែ្នកវៃឆ្លាតសិប្បនិម្មិតនៅក្នុងប្រទេសចិនបានឈានដល់ ៦៨.៦ ពាន់លានយាន់ប្រាក់ចិននៅក្នុងឆ្នាំ ២០១៨ ហើយចំនួនសហគ្រាសឆ្លាតវៃដោយសិប្បនិម្មិតរបស់ប្រទេសចិនគឺ ជិតដល់ ១៥០០ សហគ្រាសបានឈរនៅក្នុងលំដាប់ទីពីរនៅលើទីផ្សារពិភពលោក ហើយជាផែ្នកដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍប្រាជ្ញាឆ្លាតវៃដោយសិប្បនិម្មិតនៅលើពិភពលោកផងដែរ។
ការអភិវឌ្ឍបណ្តាញអ៊ីនធើណែតនិងសេដ្ឋកិច្ចឌីជីថលនឹងជំរុញការប្រែប្រួលយ៉ាងខ្លាំងនៃទីផ្សារអ្នកប្រើប្រាស់ក្នុងប្រទេសចិនជាបន្តបន្ទាប់ ហើយក៍បញ្ចូលកម្លាំងរស់រវើកដល់ស្ថិរភាពសេដ្ឋកិច្ចពិភពលោកផងដែរដែលធ្វើឲ្យពិភពលោកកាន់តែមានទំនាក់ទំនងនិងចែករំលែកគ្នា ។
តាមទិន្នន័យនៃក្រុមហ៊ុនទិន្នន័យអន្តរជាតិអាមេរិកបានឲ្យដឹងថា ដល់ឆ្នាំ ២០២១ ទំហំសេដ្ឋកិច្ចឌីជីថលពិភពលោកនឹងឈានដល់ ៤៥ ទ្រីលានដុល្លារអាមេរិក ហើយអត្រានៃសេដ្ឋកិច្ចឌីជីថលពិភពលោកនឹងលើសពី ៥០ ភាគរយ ក្នុងនោះទំហំនៃសេដ្ឋកិច្ចឌីជីថលចិននឹងមានដល់ទៅ ៨.៥ ទ្រីលានដុល្លារអាមេរិក គឺជាប្រទេសមួយដែលជាមេដឹកនាំសេដ្ឋកិច្ចឌីជីថលទូទាំងពិភពលោក ។
កម្លាំងចលករថ្មីផ្នែកសេដ្ឋកិច្ចនិងការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានគាំទ្រគ្នាទៅវិញទៅមក ជំរុញប្រទេសចិននិងពិភពលោកឲ្យរួមគ្នាចែករំលែកសមិទ្ធផលនៃវឌ្ឍនភាពមនុស្សជាតិ ។ បច្ចុប្បន្ន ប្រទេសចិនកំពុងដើរដោយនឹងនរទៅកាន់គោលដៅនៃការពន្លឿនការកសាងប្រទេសបែបច្នៃប្រឌិតថ្មី ។ ក្នុងឆ្នាំ ២០០៨ ប្រទេសចិនបានចំណាយថវិកាចំនួន ១.៩៦ ទ្រីលានយាន់ប្រាក់ចិនក្នុងការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ។
យោងទៅតាមតារាងចំណាត់ថ្នាក់នៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោកបានដឹងថា សមត្ថភាពច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាចម្រុះរបស់ចិនប្រចាំឆ្នាំ២០១៨បានឈរនៅលំដាប់ទី ១៧ អត្រារួមវិភាគទានផ្នែកបច្ចេកវិទ្យាមាន ៥៨.៥ % ។
កាសែត « Nihon Keizai Shimbun » ជប៉ុនបានចុះផ្សាយការស្រាវជ្រាវមួយកាលពីពេលថ្មីៗនេះ ដោយអះអាងថា តាមរយៈការធ្វើការវិភាគទៅលើចំនួននៃការស្នើសុំកម្មសិទ្ធិបញ្ញាដែលបានប្រកាសជាសាធារណៈក្នុងរយៈពេលពីឆ្នាំ ២០១៦ ដល់ ឆ្នាំ២០១៨ បានរកឃើញថា បើមើលពីចំនួនសហគ្រាសដែលឈរនៅលំដាប់ទី ១ ដល់ ៥០ មានសហគ្រាសចិនចំនួន ១៩ សហគ្រាស ហើយអាមេរិកមាន ១២ សហគ្រាស ។ ឧត្តមភាពរបស់ចិនក្នុងវិស័យភាពវៃឆ្លាតសិប្បនិមិ្មតកំពុងពង្រីកជាបន្តបន្ទាប់ ។ កាសែត « Le Monde » បារាំងបានសម្គាល់ថា មជ្ឈមណ្ឌលសម្រាប់ធ្វើការស្រាវជ្រាវភាពវៃឆ្លាតសិប្បនិមិ្មតទំនងជាឋិតនៅក្នុងប្រទេសចិន ។ ប្រទេសចិនមានលទ្ធភាពនឹងក្លាយជាមេដឹកនាំក្នុងវិស័យនេះ ។
ក្នុងសន្និសីទកាសែតនាថ្ងៃទី១៥ ខែមីនា លោក លី ខឺឈាំង នាយករដ្ឋមន្ត្រីចិនបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលចិនសន្យាថានឹងជំរុញឲ្យមានការអនុញ្ញាតិឲ្យចូលទីផ្សារតាមស្តង់ដារស្មើភាព ការត្រួតពិនិត្យនិងការគ្រប់គ្រង់ដ៏យុត្តិធម៌ ផ្តល់នូវវេទិកាលូតលាស់ដល់បណ្តាអ្នកបង្កើតអាជីវកម្ម និងផ្តល់បរិយាកាសថ្មីដល់ការអភិវឌ្ឍនៃសហគ្រាស។ សម្រាប់ប្រទេសដែលគិតគូរដល់អនាគតវែងឆ្ងាយនិងសហគ្រាសអន្តរជាតិដែលមានចក្ខុវិស័យដ៏វៃឆ្លាត មុខជានឹងមើលឃើញនូវកាលានុវត្តភាពអភិវឌ្ឍថ្មីដែលនាំមកពីការវិវឌ្ឍដ៏មានគុណភាពខ្ពស់របស់ប្រទេសចិន ហើយក្តីរំពឹងនៃកំណើនសេដ្ឋកិច្ចឈ្នះ-ឈ្នះនិងផ្តល់ប្រយោជន៍មិនអាចខកខានបាននោះឡើយ៕