ក្រុមហ៊ុន Gallup ដែលជាទីភ្នាក់ងារស្ទង់មតិដ៏ល្បីរបស់ប្រទេសអាមេរិកបានបង្ហាញនូវលទ្ធផលនៃការស្ទង់មតិថ្មីបំផុតរបស់ខ្លួនដោយបានបង្ហាញឲ្យឃើញថា អត្រាដែលប្រជាជនទូទាំងពិភពលោកគាំទ្រលើកម្លាំងដឹកនាំនៃពិភពលោករបស់ប្រទេសចិនគឺ ៣៤ % សម្រាប់អាមេរិកវិញ គឺ ៣១ %។ នេះជាលើកទីពីរដែលកម្លាំងដឹកនាំរបស់ប្រទេសចិនបានលើសអាមេរិកបន្ទាប់ពីកើតមានវិបត្តិហិរញ្ញវត្ថុអន្តរជាតិកាលពីឆ្នាំ ២០០៨។
ការស្ទង់មតិនេះបានធ្វើឡើងក្នុងប្រទេសនិងតំបន់ចំនួន ១៣៤ លើពិភពលោក។ ការស្ទង់មតិនេះបានបង្ហាញឲ្យឃើញទៀតថា នៅទ្វីបអឺរ៉ុប ទ្វីបអាស៊ី និងទ្វីបអាហ្វ្រិក អត្រាដែលទទួលស្គាល់ថាប្រទេសចិនជាអ្នកដឹកនាំនៃពិភពលោក សុទ្ធតែលើសអាមេរិក ហើយចិនទទួលបានអត្រាទទួលស្គាល់ខ្ពស់បំផុតនៅទ្វីបអាហ្វ្រិក មានដល់ទៅ ៥៣ %។
ដូចដែលមជ្ឈដ្ឋាននានាបានដឹងច្បាស់ហើយថា ដោយសារតែរងផលប៉ះពាល់នៃវិបត្តិបំពុលរបស់សហរដ្ឋអាមេរិក ដូច្នេះ ធ្វើឲ្យពិភពលោកទាំងមូលបានធ្លាក់ចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរបំផុតក្នុងឆ្នាំ ២០០៨ ។នៅឆ្នាំនោះ ដោយផ្អែកទៅលើកំណែទម្រង់និងបើកទូលាយជិត ៣០ ឆ្នាំនិងកិច្ចខិតខំប្រឹងប្រែង ប្រទេសចិនបានក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លាមួយដើម្បីជួយឲ្យសេដ្ឋកិច្ចពិភពលោករួចផុតពីគ្រោះថ្នាក់និងជំរុញកំណើនសេដ្ឋកិច្ចនៃពិភពលោក។នៅឆ្នាំនោះការស្ទង់មតិរបស់ក្រុមហ៊ុន Gallup បានបញ្ជាក់ជាលើកដំបូងថា ឥទ្ធិពលលើសកលលោករបស់ប្រទេសចិនលើសសហរដ្ឋអាមេរិក។
ក្រោមការជួយជ្រោមជ្រែងរបស់ប្រទេសចិនកាលនោះ សេដ្ឋកិច្ចពិភពលោកបានចេញផុតពីវិបត្ដិជាបន្តបន្ទាប់ ហើយបានចាប់ផ្តើមបង្ហាញនូវនិន្នាការកំណើនយឺតៗ ប៉ុន្តែប្រកបដោយស្ថិរភាព។ទោះជាយ៉ាងណាក៏ដោយ បណ្តាប្រទេសលោកខាងលិចជឿនលឿនមួយចំនួនមិនអាចប្រឈមមុខនិងដោះស្រាយបញ្ហាស្តីពីការបែងចែកដោយសមហេតុផលនូវទ្រព្យសម្បត្តិសង្គមក្នុងរយៈពេលដ៏វែងដែលបណ្តាលឲ្យមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងរវាងអ្នកមាននិងអ្នកក្រ អត្រាជំពាក់បំណុលកើនឡើងនិងប្រជានិយមក្នុងស្រុកកំពុងកើនឡើង។
ក្នុងស្ថានភាពនៃការផ្លាស់ប្តូរមិនធ្លាប់មានក្នុងរយៈពេល១០០ឆ្នាំកន្លងទៅនេះ បណ្តាប្រទេសនានាមិនគ្រាន់តែត្រូវការការអភិវឌ្ឍដោយសន្តិភាពប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវការស្វែងរករូបមន្តអភិវឌ្ឍន៍ ឱកាសអភិវឌ្ឍន៍ដែលសមស្របនឹងសេចក្តីត្រូវការរបស់ខ្លួន និងកម្លាំងណែនាំនិងស្រូបទាញដ៏ខ្លាំងក្លា ។ លើកនេះ មនុស្សទាំងឡាយបានយកចិត្តទុកដាក់ដល់ប្រទេសចិនវិញម្តង ។
ប៉ុន្មានឆ្នាំកន្លងទៅនេះ ប្រទេសចិនបានប្រកាន់ខ្ជាប់នូវគំនិតអភិវឌ្ឍន៍ថ្មីបែបច្នៃប្រឌិតថ្មី សម្របសម្រួលគ្នា បៃតង បើកទូលាយនិងចែករំលែកគ្នា ។ តាមរយៈការលុបបំបាត់ភាពក្រីក្រដោយចំគោលដៅបានជួយឲ្យអ្នកក្រីក្រជាង១០លាននាក់ចេញផុតពីភាពក្រីក្រជារៀងរាល់ឆ្នាំ ។ ជាមួយគ្នានេះ បានចាត់ទុក“ការពិគ្រោះជាមួយគ្នា ការកសាងជាមួយគ្នានិងចែករំលែកជាមួយគ្នា”ជាគោលការណ៍មាស ។ ជាងនេះទៅទៀត បានបង្កើតវេទិកាកិច្ចសហប្រតិបត្តិការមួយដែលផ្តល់ផលប្រយោជន៍គ្នានិងឈ្នះ-ឈ្នះដែលមានទ្រង់ទ្រាយធំបំផុតដល់ពិភពលោក ហើយមានប្រទេសចំនួន១២៣និងអង្គការអន្តរជាតិចំនួន២៩បានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការស្តីពីការកសាងខ្សែក្រវាត់មួយនិងផ្លូវមួយជាមួយភាគីចិនជាបន្តបន្ទាប់ ក្លាយទៅជាផលិតផលសាធារណៈដែលត្រូវបានគេទទួលស្វាគមន៍បំផុតក្នុងកិច្ចការអភិបាលកិច្ចសកលលោក ។
លោកវ៉ាងយី រដ្ឋមន្ត្រីការបរទេសចិនធ្លាប់មានប្រសាសន៍ថា តាមរយៈការអនុវត្តគម្រោងពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមស្តីពី”ខ្សែក្រវាត់មួយនិងផ្លូវមួយ” អាហ្រ្វិកខាងកើតមានផ្លូវល្បឿនលឿនជាលើកដំបូង ប្រទេសម៉ាលឌីវមានស្ពានឆ្លងកាត់សមុទ្រជាលើកដំបូង បេឡារុសមានក្រុមហ៊ុនផលិតរថយន្តរបស់ខ្លួនជាលើកដំបូង ផ្លូវដែកពីMombasa ទៅដល់ Nairobi បានដាក់ឲ្យប្រើប្រាស់នៅប្រទេសកេនយ៉ា បានផ្តល់ឱកាសការងារសម្រាប់ប្រជាជនក្នុងតំបន់សរុបជិត ៥ ម៉ឺននាក់ ដែលបានរួមវិភាគទានដល់កំណើនសេដ្ឋកិច្ច ១.៥ % ។
វិទ្យាស្ថាន Brookings ជាធនាគារគំនិតដ៏ល្បីឈ្មោះរបស់អាមេរិកបានចេញផ្សាយរបាយការណ៍មួយកាលពីឆ្នាំ២០១៨ថា គម្រោងវិនិយោគនិងអភិវឌ្ឍន៍របស់ចិនអាចជួយដល់កំណើនសេដ្ឋកិច្ចសកលលោកប្រកបដោយបរិយាប័ន្ន ។ របាយការណ៍នេះបានរកឃើញថា គម្រោងជំនួយរបស់ប្រទេសចិនសុទ្ធតែបានផ្តល់ផលប្រយោជន៍ដល់កំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសដែលអនុវត្តគម្រោងនោះ ហើយមិនត្រឹមតែជំរុញភាពរុងរឿងថ្កុំផ្កើងនៃសេដ្ឋកិច្ចក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ផលប្រយោជន៍ដល់តំបន់ជុំវិញផងដែរ ។
ការពិតទាំងអស់នេះបានបញ្ជាក់ថា ទស្សនអភិបាលកិច្ចពិភពលោកស្តីពីការបង្កើតទំនាក់ទំនងអន្តរជាតិបែបថ្មីដែលយកកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះជាស្នូល និងការបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិដែលលើកឡើងដោយប្រទេសចិនត្រូវបានទទួលការស្វាគមន៍យ៉ាងទូលំទូលាយលើសំណាក់សហគមន៍អន្តរជាតិ។ប្រការទាំងអស់នេះបានក្លាយជាតម្លៃស្នូលនៃកម្លាំងដឹកនាំរបស់ប្រទេសចិនលើពិភពលោក។
ដូចអ្វីដែលលោកJonCliftonដៃគូប្រតិបត្តិនៃទីភ្នាក់ងារស្ទង់មតិGallupបានថ្លែងក្នុងអារម្ភកថានៃរបាយការណ៍ត្រួតពិនិត្យថា បើកម្លាំងសេដ្ឋកិច្ចនិងយោធារបស់ប្រទេសមួយតំណាងឲ្យភាពរឹងមាំរបស់ប្រទេសមួយនោះ នោះ ភាពទន់ភ្លន់របស់ប្រទេសនោះ ក៏ត្រូវបានឆ្លុះបញ្ចាំងផងដែរ។នៅពេលដែលប្រទេសផ្សេងទៀតរីករាយដើរតាមប្រទេសមួយនោះ គឺមិនមែនដោយសារត្រូវតែធ្វើនោះទេ គឺដោយសារប្រទេសផ្សេងទៀតមានឆន្ទៈដើរតាម៕