ថ្ងៃទី ៣០ ខែមីនា លោក វ៉ាង យី ទីប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានជួបសន្ទនាជាមួយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងអំឡុងពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងមហាអនុតំបន់ទន្លេមេគង្គ (GMS) ដែលប្រារព្ធធ្វើនៅទីក្រុងហាណូយ ប្រទេសវៀតណាម។
លោក វ៉ាង យី បានជម្រាបជូននូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់មេដឹកនាំជាតិចិនចំពោះសម្តេច ហ៊ុន សែន ។ លោក វ៉ាង យី បានមានប្រសាសន៍ថា ប្រទេសចិននិងប្រទេសកម្ពុជាជាសហគមន៍រួមវាសនាតែមួយដែលមានអត្ថន័យយុទ្ធសាស្ត្រ ភាគីទាំងពីរគាំទ្រគ្នា ជឿជាក់គ្នា និងជួយគ្នាទៅវិញទៅមកជារៀងរហូត ។ ភាគីចិននឹងបន្តគាំទ្រប្រជាជនកម្ពុជាដើរតាមមាគ៌ាអភិវឌ្ឍដែលសមស្របនឹងសភាពការណ៍ជាតិរបស់ខ្លួន គាំទ្រកម្ពុជារក្សាគាំពារអធិបតេយ្យភាពជាតិនិងសិទ្ធិស្របច្បាប់របស់ខ្លួន គាំទ្រកម្ពុជាធ្វើការបោះឆ្នោតសកលដោយរលូន។ ប្រទេសចិនរីករាយបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការមេត្រីភាពរវាងចិននិងកម្ពុជា បង្កើនការផ្លាស់ប្តូរនិងទាក់ទងគ្នានៃកិច្ចការក្នុងតំបន់ ជឿជាក់ថាភាគីកម្ពុជាក៏នឹងបន្តដើរតួនាទីវិជ្ជមានតទៅទៀតក្នុងការជំរុញការអភិវឌ្ឍដ៏ល្អប្រសើរនៃទំនាក់ទំនងចិននិងអាស៊ាន។
សម្តេច ហ៊ុន សែន បានសំដែងការអបអរសាទរជាថ្មីម្តងទៀតចំពោះលោក ស៊ី ជីនភីង ដែលបានជាប់ឆ្នោតបន្តជាប្រធានរដ្ឋចិន និងលោក លី ខឹឈាង ដែលបន្តអាណត្តិជានាយករដ្ឋមន្ត្រីចិន ហើយសម្តេចបានសំដែងនូវទឹកចិត្តសោមនស្សរីករាយចំពោះចំណងមិត្តភាពប្រពៃណីរវាងកម្ពុជានិងចិនត្រូវបានពង្រឹងនិងមានការវិវឌ្ឍរីកចម្រើនទៅមុខតទៅទៀត។ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ទៀតថា សូមអរគុណភាគីចិនដែលបានគាំទ្រយ៉ាងម៉ឺងម៉ាត់ដល់កម្ពុជាក្នុងការគាំពារអធិបតេយ្យភាព ឯករាជ្យភាពនិងភាពថ្លៃថ្នូររបស់ប្រទេសជាតិ។ គណបក្សប្រជាជនកម្ពុជាមានជំនឿចិត្ត ហើយក៏មានសមត្ថភាពរួមជាមួយប្រជាជនកម្ពុជា ជំរុញកិច្ចការងារប្រទេសជាតិគ្រប់វិស័យដោយភាពរលូនផងដែរ។ កម្ពុជាសង្ឃឹមថាភាគីទាំងពីរនឹងធ្វើកិច្ចសហប្រតិបត្តិការមេត្រីភាពក្នុងគ្រប់វិស័យឲ្យកាន់តែស្និទ្ធស្នាលថែមមួយកម្រិតទៀត។ ភាគីកម្ពុជារីករាយលះបង់កម្លាំងផ្ទាល់ខ្លួនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងចិន៕