អ្នកនាំពាក្យ​នៃ​ក្រសួង​ការ​បរទេស​ចិន​ថ្លែង​​អំពី​ការ​សម្រេច​ចិត្ត​របស់​កូរ៉េខាងជើង​ស្តីពី​ការ​​បញ្ឈប់​ការ​សាកល្បង​មីស៊ីល​នុយគ្លែអ៊ែរ​និង​ខិតខំ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដោយ​ពេញ​ទំហឹង
2018-04-21 15:04:34  cri  Web Editor:Wang

      ថ្ងៃទី​២១​ខែ​មេសា​ ​លោក​លូខាង​ ​អ្នក​នាំពាក្យ​នៃ​ក្រសួង​ការបរទេស​ចិន​បាន​ ថ្លែង​កថា​អំពី​ការ​សម្រេច​ចិត្ត​របស់​កូរ៉េខាងជើង​ស្តីពី​ការ​​បញ្ឈប់​ការ​សាកល្បង​មីស៊ីល​នុយគ្លែអ៊ែរ​និង​ខិតខំ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដោយ​ពេញ​ទំហឹង​។

        លោក​លូខាង​ថ្លែង​ថា​ ​កូរ៉េខាង​ជើង​បាន​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​​ថា​នឹង​បញ្ឈប់​ការ​សាកល្បង​មីស៊ីល​នុយគ្លែអ៊ែរ​និង​ខិតខំ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដោយ​ពេញ​ទំហឹង​ដើម្បី​លើក​កម្ពស់​កម្រិត​ជីវភាព​រស់នៅ​របស់​ប្រជាជន​ ​ភាគីចិន​សូម​សំដែង​ការ​ស្វាគមន៍​ចំពោះ​រឿង​​នេះ​។

ភាគី​ចិន​សម្គាល់ថា​ ​សេចក្តីសម្រេច​ចិត្ត​របស់​ភាគី​កូរ៉េខាងជើង​បែប​នេះ​គឺ​មាន​អំណោយ​ផល​ដល់​ការ​បន្ធូរបន្ថយ​ថែម​ទៀត​នូវ​ស្ថានការណ៍​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​ ​និង​មាន​អំណោយ​ផល​ដល់​ការ​ជំរុញ​ដំណើរ​វិវឌ្ឍ​នៃ​ការ​គ្មាន​អាវុធ​នុយគ្លែអ៊ែរ​និង​ដោះស្រាយ​បញ្ហា​នយោបាយ​នៃ​ឧបទ្វី​កូរ៉េ​ផងដែរ​។ ​  ឯ​ការ​សម្រេច​បាន​នូវ​ ការ​គ្មាន​អាវុធ​នុយគ្លែអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​និង​រក្សា​សន្តិភាព​យូរអង្វែង​​ក្នុង​តំបន់​ ​វា​សមស្រប​នឹង​ផល​ប្រយោជន៍​រួម​របស់​ប្រជាជន​នៃ​ឧបទ្វីប​កូរ៉េ​និង​ក្នុង​តំបន់​ ​ហើយ​ក៏​ជា​​ក្តី​រំពឹង​ទូទៅ​​នៃ សហគមន៍​អន្តរជាតិ​ផង​ដែរ​។

       លោកលូខាង​​រំពឹង​ថា​បណ្តា​ភាគី​ពាក់ព័ន្ធ​នានា​អាច​ចាត់​ប្រតិបត្តិការ​ជាក់ស្តែង​ ​ធ្វើ​កិច្ច​ខិតខំប្រឹងប្រែង​តាម​តួនាទី​របស់​ខ្លួន​ក្នុង​ន័យ​សម្រេច​សន្តិភាព​យូរ​អង្វែង​និង​ការ​អភិវឌ្ឍ​រួម​ក្នុង​តំបន់​។ ​ភាគី​ចិន​នឹង​បន្ត​ដើរ​តួនាទី​យ៉ាង​សកម្ម​ក្នុងរឿង​នេះ​តទៅ​ទៀត​៕

 

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ