ប្រទេស​អាមេរិក អង់គ្លេស​និង​បារាំង​វាយប្រហារ​យោធា​ទៅលើ​ប្រទេសស៊ីរី សហគមន៍​អន្តរជាតិ​អំពាវនាវឲ្យ​ដោះស្រាយ​បញ្ហា​តាមនយោបាយ
2018-04-15 14:46:46  cri  Web Editor:Xu

    ព្រឹកព្រលឹម​ថ្ងៃទី ១៤ ខែមេសា​តាមម៉ោង​តំបន់ គោលដៅ​ជាច្រើន​កន្លែង​នៃ​រដ្ឋាភិបាល​និង​ផ្នែកយោធា​ក្នុងទឹកដី​ស៊ីរី​ស្រាប់តែ​រង​ការវាយប្រហារ​រួម​តាមអាកាស​ពី​ប្រទេសអាមេរិក អង់គ្លេស​និងបារាំង បច្ចុប្បន្ន​នៅមិនអាច​បញ្ជាក់ពី​សភាពការណ៍​ស្លាប់​និងរបួស​របស់មនុស្ស​និង​ការខូចខាត​នៃ​សំណង់​បានទេ ។ សហគមន៍​អន្តរជាតិ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​រឿងនេះ ប្រទេសមួយចំនួន​គាំទ្រ​ប្រទេស​ទាំងបីនេះ​បំផុស​ការវាយប្រហារ​យោធា​ទៅលើ​ប្រទេសស៊ីរី តែអង្គការ​សហប្រជាជាតិ​និង​ប្រទេស​ភាគច្រើន​គឺ​បាន​ដាស់តឿន​ភាគីនានា​មានពាក់ព័ន្ធ​រក្សា​ការអត់ធ្មត់ ដើម្បី​ស្វែងរក​ការដោះស្រាយ​បញ្ហាស៊ីរី​តាម​មធ្យោបាយ​នយោបាយ ។

    កាលពី​ថ្ងៃដដែល ក្រសួង​ការបរទេស​ស៊ីរី​បាន​ចេញផ្សាយ​សេចក្តី​ថ្លែងការណ៍ថា រដ្ឋាភិបាល​ស៊ីរី​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​អាមេរិក​អង់គ្លេស​និង​បារាំង​ដែលបាន​បំផុស​ការវាយប្រហារ​គ្រាប់មីស៊ីល​ទៅលើស៊ីរី ការវាយប្រហារ​នេះ​បាន​បង្ហាញម្តងទៀត​ឲ្យឃើញនូវ​ការមើលងាយ​របស់​អាមេរិក អង់គ្លេស​និងបារាំង​ចំពោះ​ច្បាប់​អន្តរជាតិ ទង្វើនេះ​នឹង​បង្កើន​ស្ថានការណ៍​តានតឹង​ពិភពលោក គំរាមកំហែង​សន្តិភាព​និង​សន្តិសុខ​អន្តរជាតិ ។ រដ្ឋាភិបាល​ស៊ីរី​នៅបាន​ដាស់តឿន​សហគមន៍អន្តរជាតិ​ឲ្យ​ថ្កោលទោស​ការវាយប្រហារ​លើស៊ីរី​លើកនេះ​របស់​អាមេរិក អង់គ្លេស​និង​បារាំង ។

    យប់​ថ្ងៃទី ១៣ ខែមេសា លោកគូធើរេស អគ្គលេសាធិការ​អង្គការ​សហប្រជាជាតិ​បាន​ចេញផ្សាយ​សេចក្តីថ្លែងការណ៍ ដោយបាន​គូសបញ្ជាក់ថា​យកចិត្តទុកដាក់​យ៉ាងដិតដល់​ចំពោះ​ប្រតិបត្តិការ​យោធា​រួម​របស់​អាមេរិក អង់គ្លេស​និង​បារាំង ដាស់តឿន​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​សាមគ្គីគ្នា បំពេញកាតព្វកិច្ច​ដែល​គាំពារ​សន្តិភាព​និងសន្តិសុខ​អន្តរជាតិ ធ្វើតាម​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​និង​ច្បាប់​អណ្តរជាតិ ចៀសវាស​ទង្វើ​ណាមួយ​ដែល​មានលទ្ធភាព​បណ្តាលឲ្យ​ស្ថានការណ៍​ស៊ីរី​ឡើងថ្នាក់​និង​នាំមក​នូវ​ទុក្ខវេទនា​កាន់តែច្រើន​ដល់​ប្រជាជន​ស៊ីរី​នោះទេ ។

    ថ្ងៃដដែល លោកភូទីន ប្រធានាធីបតី​រុស្ស៊ី​បាន​ចេញផ្សាយ​សេចក្តីថ្លែងការណ៍​វែកញែកថា ការវាយប្រហារ​ប្រដាប់អាវុធ​ទៅលើ​សំណង់យោធា​និង​ស៊ីរិល​ស៊ីរី​នៃ​អាមេរិក​និងសម្ព័ន្ធមិត្ត មិនបានទទួល​ការផ្តល់សិទ្ធិ​ពី​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ទេ ជា​អំពើឈ្លានពាន​ដែល​ល្មើសនឹង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​និង​ច្បាប់អណ្តរជាតិ វាមុខជា​នឹង​បង្កើន​វិបត្តិ​មនុស្សធម៌​នៅតំបន់នោះ ។ ភាគីរុស្ស៊ី​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​រឿងនេះ ហើយ​ទាមទារ​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​កោះធ្វើសន្និសីទ​បន្ទាន់ ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ