លោក​ស៊ី ជីនភីង ប្រធានរដ្ឋ​ចិន​ថ្លែង​សុន្ទរកថា​ជូនពរ​ឆ្នាំ​ថ្មី​ឆ្នាំសកល​ ២០១៨
2017-12-31 19:40:30  cri  Web Editor:Zhai

 

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល២០១៨ ជិតឈានចូលមកដល់ លោក ស៊ីជីនភីង ប្រធានរដ្ឋចិនបានឆ្លងតាមរយៈវិទ្យុអន្តរជាតិចិន វិទ្យុប្រជាជនមជ្ឈិមចិន ស្ថានីយទូរទស្សន៍មជ្ឈិមចិន បណ្តាញទូរទស្សន៍អន្តរជាតិចិននិងបណ្តាញអ៊ីន​ធឺណែតចិនដើម្បីថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល២០១ សុន្ទរកថាជូនពរមានខ្លឹមសារដូចតទៅ៖

សួស្តីអស់លោក លោកស្រីនិងមិត្តភកិ្តគ្រប់រូប៖

ពេលវេលាបានកន្លងផុតទៅយ៉ាងឆាប់រហ័ស គ្រាន់តែមួយប៉ប្រិចភ្នែកប៉ុណ្ណោះក៏ជិតឈានចូលឆ្នាំ ២០១៨ ហើយ ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមជូនពរឆ្នាំថី្មដោយក្តីស្មោះចំពោះប្រជាជនគ្រប់ជនជាតិនៅទូទាំងប្រទេសចិន ជនរួមជាតិនៅតំបន់រដ្ឋបាលពិសេសហុងកុងនិងម៉ាកាវ ជនរួមជាតិតៃវ៉ាន់និងអាណិកជនចិននៅឯនាយសមុទ្រ ព្រមនិងមិត្តភក្តិទាំងឡាយដែលរស់នៅគ្រប់ទីតំបន់និងប្រទេសនានានៅទូទាំងពិភពលោក ! ខ្ញុំក៏សូមជូនពរប្រិយមិត្តនៅតាមបណ្តាប្រទេសនិងតំបន់នានាលើពិភពលោកសូមឲ្យសម្រេចអ្វីៗបានដូចក្តី បំណង !

      មានតែការខិតខំប្រឹងប្រែងទើបអាចទទួលបានផលនិងមានការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ ។  ឆ្នាំ ២០១៧ ប្រទេសចិន​​បានរៀបចំធ្វើសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ ដែលជាការចាប់ផ្តើមនូវ​​ដំណើរថី្មសម្រាប់ការ​​កសាងដោយគ្រប់ជ្រុងជ្រោយនូវប្រទេសសង្គមនិយមទំនើប ។ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនលើសពី៨០ ទ្រីលានយាន់ប្រាក់ចិន នៅតាមទីក្រុងនិងជនបទមានមនុស្សជាង១៣ លាននាក់ទៀតទទួល​​បានឱកាសការងារថ្មី​​​ ការធានារ៉ាប់រងផ្នែកចិញ្ចឹមជីវិតក្នុងវ័យជរានិងការធានារ៉ាប់រងសង្គមបានគ្រប​ដណ្តប់មនុស្សចំនួនជាង ៩រយលាននាក់ ការធានារ៉ាប់រងផ្នែក​​ព្យាបាលជំងឺជាមូលដ្ឋានបានគ្របដណ្តប់មនុស្សចំនួន ១៣៥០លាននាក់ជនក្រីក្រ​​ជាង១០ លាននាក់ទៀតបានចេញផុតពីភាពក្រីក្រ"កសាងលំនៅដ្ឋាន​​រាប់ពាន់ខ្នង ទើបអាចឲ្យជនក្រីក្រមានផ្ទះស្នាក់នៅនិងមានក្តីសប្បាយរីករាយ " ជនក្រីក្រចំនួន ៣ លាន ៤សែននាក់ទទួលបានការជួយឧមត្ថម្ភនិងបានរើទៅរស់នៅតំបន់ផ្សេងដែលមានលំនៅដ្ឋានថ្មីដ៏កក់ក្តៅ ដែលបានសម្រេចភារកិច្ចកែលម្អផ្ទះបាក់បែកទ្រុឌទ្រោមនិងផ្ទះស្នាក់នៅ​​បណ្តោះអាសន្នចំនួន ៦ លានខ្នងមុនពេលកំណត់ ។ បុព្វហេតុគ្រប់ផ្នែកពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ប្រជាជនទទួលបានការរីកចម្រើនយ៉ាងឆាប់រហ័ស ប្រព័ន្ធអេកូ-បរិស្ថានទទួលបានកែលម្អជាបណ្តើរៗ ប្រជាជនមានអារម្មណ៍ទទួលបានអារម្មណ៍សុភមង្គល និងអារម្មណ៍សុវត្ថិភាពកាន់តែច្រើន ។ ប្រទេសចិនបានបោះជំហានដ៏ធំមួយដើម្បីសម្រេចគោលដៅកសាងសង្គមដែលប្រជាជនមានជីវភាព​​ធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ

      ការច្នៃប្រឌិតថី្មផ្នែកបច្ចេកវិទ្យា កិច្ចកសាងនៃវិស្វកម្ម​​ធំនិងសំខាន់ទទួលបានសមិទ្ធផល​​ល្អៗជាញឹកញាប់ ។ ផ្កាយរណប "Hui Yan"​ហោះហើរនៅលើលំហអវកាស យន្តហោះដឹកអ្នកដំណើរធុនធំ C919 បានហោះលើលំហអាកាស ការស្រាវជ្រាវនិងផលិតកុំព្យូទ័រកង់ទិចទទួលបានជោគជ័យ ការដាំស្រូវ​​ដោយប្រើទឹកសមុទ្រផ្តើមធ្វើការសាកល្បងដាំដុះនាវាផ្ទុកយន្តហោះទីមួយដែលផលិតដោយប្រទេសចិនបានធ្វើនាវាចរណ៍ នាវាមុជទឹកក្នុងសមុទ្រមានទឹកជ្រៅឈ្មោះ​ "Hai Yi" បានសម្រេចការស្ទង់ពិនិត្យនៅជម្រៅបាត​​សមុទ្រ ការជីកយកដុំឧស្ម័ន​​ទឹកកកនៅជម្រៅបាត​​សមុទ្រទទួលបានជោគជ័យ កំពង់ផែស្វយ័តYang Shan រយៈកាលទី៤បានចាប់ផ្តើមដាក់ឲ្យ​​ប្រើប្រាស់ជាផ្លូវការវិស្វកម្មសំខាន់នៃតួ​​ស្ពានតភ្ជាប់ជាមួយក្រុង Zhu Hai ហុងកុងនិងម៉ាកាវបានកសាងរួចរាល់រថភ្លើងល្បឿនលឿន Fu Xing ធ្វើដំណើរយ៉ាងលឿននៅលើដែនដីដ៏ធំល្វឹងល្វើយនៃប្រទេសចិន ……ខ្ញុំសូមកោតសរសើរខ្ពស់ដល់កម្លាំងច្នៃប្រឌិត​​​ដ៏អស្ចារ្យរបស់ប្រជាជនចិន !

      ប្រទេសចិនបានធ្វើពិធីត្រួតពល​​នៅមូលដ្ឋានបង្វឹកបង្ហាត់កងទ័ព​​ចម្រុះនៃ​​តំបន់ Zhu Rihe ដើម្បីរំលឹកខួបទី ៩០នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន ។ ក្នុងឱកាស​​ខួបទី ២០ នៃការដែលហុងកុងវិលត្រឡប់មកប្រទេសចិន​​​វិញ ខ្ញុំបានធ្វើដំណើរទៅកាន់ហុងកុង បានមើលឃើញ​​ដោយផ្ទាល់ភ្នែកនិងមានអារម្មណ៍ថា ដោយសារមានទីបង្អែកដ៏​​រឹងមាំនៃ​​មាតុប្រទេស ហុងកុងបាន​​រក្សានូវភាពចំរុងចម្រើននិងស្ថិរភាពជាយូរអង្វែង ហើយប្រាកដជា​​មានអនាគតកាន់តែល្អបវរ ។ ប្រទេសចិនក៏បានរៀបចំ​​ពិធីរំលឹកខួបទី ៨០ ដែលប្រជាជនចិនទាំងមូលប្រកាសសង្គ្រាមប្រឆាំងការឈ្លានពានរបស់ជប៉ុននិងពិធីគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់បាត់បង់ជីវិតក្នុងការសម្លាប់រង្គាលនៅក្រុងណានជីង ដើម្បីចងចាំពី​​ប្រវតិ្តសាស្ត្រនិងបួងសួងសុំសេចកី្តសុខសន្តិភាព ។

ប្រទេស​ចិន​បានរៀបចំសកម្មភាព​ការទូតពហុភាគី​ជា​ច្រើន​លើក​ក្នុងប្រទេសចិន​ ដែល ក្នុង នោះបូក​រួម​ទាំង​វេទិកាកំពូលស្តីពីកិច្ចសហប្រតិបត្តិការ​អន្តរជាតិ​"ខ្សែក្រវាត់មួយនិងផ្លូវមួយ"​ កិច្ចសន្ទនា​​​នៃថ្នាក់ដឹកនាំ​ប្រទេសBRICSនៅ​ក្រុង​ស្យ៊ា​មិន​​ និងកិច្ចសន្ទនា​ជាន់ខ្ពស់​រវាង​គណបក្ស​កុម្មុយនិស្តចិននិង​គណបក្ស​នយោបាយពិភពលោក​​ជាដើម​ ។ ខ្ញុំក៏​បានចូលរួម​សន្និសីទពហុភាគី​សំខាន់​ៗ​មួយ​ចំនួន​លើ​ពិភពលោកផង​ដែរ​​ ។ នៅដើមឆ្នាំ​នេះ ខ្ញុំបាន​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោកប្រចាំឆ្នាំនៅដាវ៉ូស​​ ព្រមនិង​ថ្លែង​សុន្ទរកថានៅ​​ទីស្តី​ការទូទៅនៃ​អង្គការសហប្រជាជាតិ​នៅក្រុងហ្សឺណែវ​​​ បន្ទាប់​មក​ក៏​បាន​ចូលរួម​សន្និសីទកំពូល​នៃ​ថ្នាក់ដឹក​នាំ​​ប្រទេសG​ ២០​ និង​សន្និសីទក្រៅផ្លូវការ​នៃ​ថ្នាក់ដឹកនាំ​​អង្គការ​សហប្រតិបត្តិការ​​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក​ជាដើម​ ។ ក្នុង​កិច្ចប្រជុំទាំងនេះ​ ខ្ញុំ​បាន​ធ្វើកិច្ចផ្លាស់ប្តូរ​មតិ​យោបល់​យ៉ាង​ស៊ីជម្រៅជា​មួយ​បណ្តាភាគីពាក់ព័ន្ធនានា​ ​គ្រប់​​ភាគី​សុទ្ធតែ​ឯកភាព​លើ​ការ​រួម​គ្នា​ជំរុញ​កិច្ចកសាង​សហគមន៍​រួមវាសនា​តែ​មួយ​របស់​មនុស្សជាតិ សំដៅ​ផ្តល់សេចក្តី​សុខសុភមង្គល​ជូន​ដល់​ប្រជាជននៃប្រទេស​នានា​លើ​ទូទាំង​ពិភពលោក ។

ក្នុង​ឆ្នាំ ២០១៧​ ខ្ញុំ​បានទទួល​​សំបុត្រ​ជា​ច្រើនដែល​​មហាជនផ្ញើ​មក​ឲ្យ​ខ្ញុំ ក្នុង​នោះ​មាន​សំបុត្រ​របស់​អ្នកភូមិនៃ​​ភូមិ​យូម៉ៃ​ ស្រុក​ឡុងជឺ​ ខេត្ត​XiZang​ សំបុត្រ​របស់​សមាជិក​​នៃ​ក្រុម​អ្នក​គង្វាល​ស៊ូនីធើយ៉ូវឈីវូឡាន​នៃ​ខេត្ត​ម៉ុងហ្គោលី​ក្នុង​ សំបុត្រ​របស់​សាស្រ្តាចារ្យវ័យ​ចំណាស់​​នៃ​សកលវិទ្យាល័យ​គមនាគមន៍ដែល​រើ​ទៅ​​ក្រុង​​ស៊ីអាន​ និង​សំបុត្រ​របស់​និស្សិតនៃសកលវិទ្យាល័យ​ណានខាយ​ដែលទើប​តែ​ចូលបម្រើ​​ទ័ព​ ។ រឿងរ៉ាវ​របស់​ពួក​គាត់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ក្តី រំភើប​យ៉ាង​ខ្លាំង​​ ។ ប្រជាជនទូទៅ​បាន​ប្រកាន់​ខ្ជាប់​ស្មារតី​ស្នេហាជាតិនិងការ​រួម​ចំណែក​ដល់​បុព្វហេតុ​កសាង​​ប្រទេសជាតិដោយ​ឥត​រួញរា​ ប្រការនេះ​ធ្វើឲ្យ​ខ្ញុំចាប់​​អារម្មណ៍​ពី​ភាពមហិមារបស់ប្រជាជន​សាមញ្ញ​រាប់​សែន​រាប់​លាននាក់​​​ ហើយក៏​នាំ​​ឲ្យ​ខ្ញុំ​មាន​​អារម្មណ៍​ថា សុភមង្គល​គឺបាន​​មក​ពី​ការ​តស៊ូព្យាយាម​ ។​

លោក​ លោកស្រី មិត្តភក្តិ​គ្រប់​រូប​ !

ឆ្នាំ ២០១៨ ជាឆ្នាំ​​ចាប់ផ្តើមនៃ​​ការអនុវត្ត​ទាំង​ស្រុង​នូវ​ស្មារតី​នៃសមាជ​បក្សកុម្មុយនិស្តចិ​ន​លើក​ទី ១៩ ។ សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី ១៩ បាន​គូរ​ផែនទី​បង្ហាញ​ផ្លូវ​​​ដ៏​ល្អប្រសើរ​​សម្រាប់​ការ​អភិវឌ្ឍ​របស់​ប្រទេស​ចិន​ក្នុង​​រយៈ​ពេលជាង ៣០ ឆ្នាំ​ខាង​មុខ​ ។ សំណង់​​ខ្ពស់​គឺ​កសាងឡើង​​ពី​លើ​ដី​ ។ បើចង់​សម្រេច​ផែនការ​អភិវឌ្ឍ​ន៍​នេះ​​ ចាំបាច់​ត្រូវ​តែ​ធ្វើ​ការងារ​ដោយ​ប្រាកដ​ប្រជា​និង​ដើរ​ជា​ជំហាន​ៗ​ ​ មិនមែន​​គិតតែ​ស្រមើស្រមៃ​ឥត​ប្រយោជន៍​នោះ​ឡើយ​ ​ ។ 

ឆ្នាំ ២០១៨ ​​គឺ​ជា​ខួបទី ៤០ នៃកំណែ​ទម្រង់​និងបើក​ចំហរបស់​ប្រទេស​ចិន​​ ។ កំណែ​​ទម្រង់​និង​បើក​ចំហ​ជា​ផ្លូវ​ចាំបាច់​នៃ​​ការវិវឌ្ឍ​​រីក​ចម្រើន​​របស់ប្រទេស​ចិន​ក្នុង​យុគសម័យ​នេះ​ និង​ជា​ផ្លូវ​ចាំ​បាច់​នៃ​ការ​សម្រេច​សុបិន​ចិន​ ។ ប្រទេស​ចិន​នឹង​ចាត់​ទុក​ការ​អបអរសាទរ​ខួប​ទី ៤០ នៃ​កំណែ​ទម្រង់​និង​បើក​ចំហ​ជា​ឱកាស​មួយ​ សម្រាប់​ពុះ​ពារ​គ្រប់​ឧបសគ្គ​ ជំរុញ​កំណែ​ទម្រង់​ជាប់​រហូត​​​ ។

រហូត​ដល់​ឆ្នាំ ២០២០ ប្រទេស​ចិន​នឹង​សម្រេច​កា​ជួយ​ឲ្យ​ប្រជាជន​ក្រី​ក្រ​នៅ​ជនបទ​ដែល​ស្ថិត​នៅ​ក្រោម​ខ្សែ​បន្ទាត់​ក្រី​ក្រ​ដែល​អនុវត្ត​ក្នុង​ពេល​បច្ចុប្បន្នចេញ​ផុត​ពី​ភាពក្រីក្រ​ នេះ​ជា​ពាក្យសន្យា​ដ៏​ម៉ឺង​ម៉ាត់​របស់​យើងខ្ញុំ​ ។ ពាក្យ​សន្យា​មួយម៉ាត់​​មាន​តម្លៃ​ស្មើ​នឹង​មាសរាប់​ពាន់​ ។ បច្ចុប្បន្ន​នៅ​សល់​តែ​ ៣ ឆ្នាំទៀត​ទេ​គឺ​ដល់​ឆ្នាំ ២០២០ ហើយ​ សង្គម​ទាំង​មូល​ត្រូវ​រួប​រួម​កម្លាំង​គ្នា​​ ធ្វើ​ការ​ឲ្យ​អស់​ពី​សមត្ថភាព អនុវត្ត​គោលនយោបាយឲ្យ​បាន​​ត្រឹម​ត្រូវ​ ដើម្បី​ដណ្តើម​បាន​​ជ័យ​ជម្នះ​​ថ្មី​ជា​បន្ត​បន្ទាប់​ ។ ការ​លុប​បំបាត់​ភាពក្រី​ក្រ​នៅ​ ៣ ឆ្នាំ​ក្រោយ​តាម​ការ​កំណត់ ប្រការនេះ​នឹងក្លាយ​​ជា​ព្រឹត្តិការណ៍​លុប​បំបាត់​ទាំង​ស្រុង​នូវ​ភាពក្រី​ក្រ​​ជា​ដាច់​ខាត​ជា​លើក​ទី​មួយ​ក្នុង​ប្រវត្តិសាស្រ្ត​ចិន​ដែល​មាន​រយៈពេល​រាប់​ពាន់​ឆ្នាំមក​ហើយ​នោះ​ ដូច​នេះ​ ចូរ​ឲ្យ​យើង​រួម​​គ្នា​សម្រេច​បុព្វហេតុ​ដ៏​មហិមា​និងប្រកប​ដោយ​​អត្ថន័យ​សំខាន់​ចំពោះ​ប្រជាជាតិ​ចិន​និង​មនុស្សជាតិទាំង​មូល​មួយ​នេះ​ ។ 

បច្ចុប្បន្ន​ បណ្តាភាគី​មាន​ក្តីរំពឹង​​​ផងនិង​ក្តី​ព្រួយ​បារម្ភ​ផង​ចំពោះ​អនាគត​នៃ​សន្តិភាពនិង​ការ​អភិវឌ្ឍរបស់​មនុស្ស​ជាតិ​ ហើយ​ក៏​រំពឹងថា​​ប្រទេសចិន​អាច​​បង្ហាញ​នូវ​គោលជំហរ​និងឥរិយាបថ​របស់​ខ្លួន​​ ។ ពិភពលោក​ជា​ក្រុមគ្រួសារ​តែ​មួយ​ ។ ក្នុង​នាម​ជា​​ប្រទេសធំ​​ដែល​​មាន​ភាព​ទទួល​ខុស​ត្រូវ ប្រទេសចិន​សូមគូស​បញ្ជាក់​ថា​ ប្រទេសចិន​​គាំពារ​​យ៉ាង​ដាច់​ខាត​ចំពោះ​កិត្យានុភាព​​និង​ឋានៈ​របស់​អង្គការ​សហប្រជាជាតិ អនុវត្ត​យ៉ាង​សកម្ម​នូវ​ភារកិច្ចនិង​កាត្វពកិច្ច​​អន្តរជាតិ​របស់​ខ្លួន​​ គោរពតាម​​ពាក្យ​សន្យា​ស្តីពី​ការ​ទប់​ទល់​នឹង​បម្រែ​បម្រួល​អាកាសធាតុ​ជា​សកល​ ​ជំរុញ​យ៉ាង​សកម្ម​នូវ​ការ​រួម​គ្នា​កសាង​"ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​"​ ក៏​ដូចជា​ធ្វើ​ជា​អ្នក​កសាង​សន្តិភាព​ពិភពលោក អ្នក​រួម​វិភាគទាន​ដល់​ការអភិវឌ្ឍជា​សកល​ និង​អ្នក​គាំពារ​របៀប​រៀប​រយ​និង​សណ្តាប់​ធ្នាប់​​អន្តរជាតិជាប់​ជា​និច្ច​ ។ ប្រជាជន​ចិន​រីករាយ​រួម​គ្នា​​ជា​មួយ​ប្រជាជន​នៃ​បណ្តាប្រទេស​ ក្នុង​ការ​ធ្វើ​ការ​ត្រួស​ត្រាយ​អនាគត​ដ៏​ល្អ​ប្រសើរ​​ដែល​មានភាព​កាន់​តែ​រុង​រឿង​ថ្កុំ​ថ្កើង​ និង​សុខក្សេម​ក្សាន្ត​ ។ 

លោក​ លោក​ស្រី​​ មិត្តភក្តិ​គ្រប់​រូប​​ ​!

សមិទ្ធផល​និង​ស្នាដៃ​ដ៏​មហិមា​នៃ​ការអភិវឌ្ឍ​របស់​យើង​គឺ​បង្កើត​ឡើង​ដោយ​ប្រជាជន​ ហេតុ​នេះ​ត្រូវ​ចែក​រំលែក​ជា​មួយ​ប្រជាជន ។ ​​ខ្ញុំ​យល់​ដឹងពី​​អ្វី​ដែល​ប្រជាជន​យក​ចិត្ត​ទុក​ដាក់​ជាងគេ​គឺ​ការ​អប់​រំ​ ឱកាស​​ការងារ​​ ប្រាក់​ចំណូល ការធានារ៉ាប់រង​ក្នុង​សង្គម​ ការព្យាបាល​ជំងឺ​ ការចិញ្ចឹមជីវិត​ក្នុង​វ័យ​​ជរា​ ការ​ស្នាក់​នៅ និង​បរិស្ថាន​ជាដើម​ ។ អ្នក​ទាំង​អស់​គ្នាទទួល​បាន​​សមិទ្ធផលជា​ច្រើន​​ ហើយ​ក៏​មាន​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ​ជា​​ច្រើន​ផង​ដែរ ។ ការងារសម្រាប់​បម្រើ​ជូន​​ជីវភាពរស់​នៅ​របស់​ប្រជាជន​​​នៅ​តែ​មាន​បញ្ហាខ្វះ​ចន្លោះ​ជាច្រើន​ដែល​ទាមទារ​ឲ្យ​យើង​បង្កើន​មនសិការ​និង​ទំនួល​ខុស​ត្រូវ​ចំពោះ​ភារកិច្ច​និង​កាតព្វកិច្ចរបស់​ខ្លួន​​ ដើម្បី​បំពេញ​ការងារ​ពាក់​ព័ន្ធ​សុខ​សុភមង្គល​របស់​​ប្រជាជន​ឲ្យ​បាន​កាន់​តែ​ល្អ​ ។ គណៈកម្មការ​បក្ស​កុម្មុយនិស្ត​ សាលារដ្ឋបាល​ និង​កម្មភិបាល​គ្រប់​ជាន់​ថ្នាក់​ត្រូវ​គិតគូរ​​ដល់សុខ​ទុក្ខ​របស់​​ប្រជាជន​​​គ្រប់​ពេល​វេលា​ ចាត់​ទុក​ការ​ផ្តល់​សុខ​សុភមង្គលជូន​​ដល់​ប្រជាជន​ជា​សមិទ្ធ​ផល​និង​ស្នា​ដៃ​​នយោបាយ​សំខាន់បំផុត​ គិត​គូរ​ដល់​បញ្ហា​របស់​ប្រជាជន ដោះស្រាយ​បញ្ហា​ជា​បន្ទាន់ជូន​ប្រជាជន​ ដើម្បី​ធ្វើ​ឲ្យ​ប្រជាជនមានជីវភាព​រស់​នៅ​​កាន់តែ​ល្អ​ប្រសើរ​និងកាន់​តែ​​មាន​សុភមង្គល​ ៕

សូម​អរគុណ​ !

 


ទាក់ទង​ជាមួយ​យើង​ខ្ញុំ