លោក លីខឺឈាង នាយក​រដ្ឋមន្ត្រី​ចិន​ជួប​ពិភាក្សា​ជា​មួយ​សម្តេច ហ៊ុនសែន នាយក​រដ្ឋមន្ត្រី​កម្ពុជា
2017-11-14 16:01:28  cri  Web Editor:Guo

 

     រសៀល​ថ្ងៃទី ១៣ ខែ​វិចិ្ឆកា តាម​ម៉ោង​ប្រទេស​ហ្វីលីពីន លោក លីខឺឈាង នាយក​រដ្ឋមន្ត្រី​ចិន​បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន ។

      ក្នុង​កិច្ច​ជំនួប លោក លីខឺឈាង​បាន​ថ្លែង​ថា ប្រទេស​ចិន​និង​កម្ពុជា​ជា​មិត្តភក្តិ​ស្មោះ​ត្រង់ ។ ប្រទេស​ចិន​នឹង​គាំទ្រ​ជា​និច្ច​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការ​បន្ត​ដើរ​តាម​មាគ៌ា​អភិវឌ្ឍន៍​ដែល​សម​ស្រប​នឹង​សភាពការណ៍​នៃ​​ប្រទេស​ខ្លួន​ជា​បន្ត​ទៀត​ គាំទ្រ​ការ​ខិត​ខំ​ប្រឹង​ប្រែង​គ្រប់​បែប​យ៉ាង​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​​គាំពារ​អធិបតេយ្យភាព និង​ឯករាជ្យភាព​របស់​ប្រទេសជាតិ និង​រក្សា​សិ្ថរភាព​ក្នុង​ប្រទេស​​ក៏​ដូច​ជា​ពន្លឿន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ផង​ដែរ​ ។ ប្រទេស​ចិន​រីករាយ​រក្សា​ការ​ប្រាស្រ័យ​ទាក់​ទង​ជាន់​​ខ្ពស់​ជា​មួយ​ប្រទេស​កម្ពុជា បង្កើន​កិច្ច​សហប្រតិបតិ្តការ​ជាក់​ស្តែង​លើ​គ្រប់​វិស័យ និង​ជំរុញ​ការ​ផ្លាស់​ប្តូរ​ខាង​ផ្នែក​វប្បធម៌​មនុស្សជាតិ​ ជា​ពិសេស​នឹង​រួម​គ្នា​រៀបចំ​សកម្មភាព​អបអរសាទរ​ខួប​ទី ៦០ នៃ​ការ​បង្កើត​ទំនាក់​ទំនង​ការ​ទូត​នៃ​ប្រទេស​យើង​ទាំង​ពីរ​ឲ្យ​បាន​ល្អ​នៅ​ឆ្នាំ​ក្រោយ ក៏​ដូច​ជា​ជួយ​សហការ​គ្នា​ជា​មួយ​ភាគី​កម្ពុជា​ក្នុង​ការ​រៀប​ចំ​សន្និសីទ​លើក​ទី​ពីរ​ស្តីពី​ថ្នាក់​ដឹក​នាំ​នៃ​កិច្ច​សហប្រតិបតិ្តការ​ទន្លេ​ឡានឆាង-មេគង្គ​ដែល​នឹង​បើក​ធ្វើ​នៅ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ ក្រោយ ដើម្បី​ជំរុញ​ទំនាក់​ទំនង​រវាង​ចិន​និង​កម្ពុជា​ឲ្យ​មាន​ភាព​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត​ ក្នុង​ន័យ​រួម​វិភាគទាន​សម្រាប់​សិ្ថរភាព​និង​វឌ្ឈនភាព​ក្នុង​តំបន់ ។

      ជា​ការ​ឆ្លើយ​តប សម្តេច​ ហ៊ុន សែន​ បាន​ថ្លែង​ថា ទំនាក់​ទំនង​មេត្រីភាព​រវាង​កម្ពុជា​និង​ចិន​មាន​ប្រវតិ្តសាស្ត្រ​ជា​​យូរ​លង់​ណាស់​មកហើយ ឆ្នាំ​ក្រោយ​គឺ​ជា​ខួបទី ៦០ នៃ​ការ​បង្កើត​ទំនាក់​ទំនង​ការ​ទូត​រវាង​កម្ពុជា​និង​ចិន​ ហើយ​ប្រទេស​កម្ពុជា​ក៏​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​សន្និសីទ​លើក​ទី​ពីរ​ថ្នាក់​ដឹក​នាំ​នៃ​កិច្ច​សហប្រតិបតិ្តការ​ទន្លេ​ឡានឆាង-មេគង្គ​ផង​ដែរ ដូច្នេះ ទំនាក់​ទំនង​ទ្វេភាគី​នឹង​ឈាន​ចូល​ដល់​សករាជ​​ថី្ម ។ ប្រទេស​កម្ពុជា​រីក​រាយ​បង្កើន​ការ​ផ្លាស់​ប្តូរ​និង​កិច្ច​សហប្រតិបតិ្តការ​លើ​វិស័យ​អភិបាលកិច្ច​ជាតិ​​ និង​កិច្ច​កសាង​ហេដ្ឋា​រចនា​សម័្ពន្ធ​ជា​ដើម ដើម្បី​ជំរុញ​ទំនាក់​ទំនង​ភាព​ជា​ដៃគូ​សហប្រតិបតិ្តការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​ទទួល​បាន​ការ​អភិវឌ្ឍ​រីក​ចម្រើន​ទៀត ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ