លោក​ស៊ី ជីនភីង​ ប្រធានរដ្ឋ​ចិន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោក​ Sergio Mattarella ​ប្រធានាធិបតី​អ៊ីតាលី
2017-02-23 15:11:17  cri  Web Editor:Zhai Qianqian

     ​​  ថ្ងៃទី ២២ ខែ​កុម្ភៈ លោក​ស៊ី ជីនភីង ប្រធានរដ្ឋ​ចិនបាន​​ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោក​Sergio Mattarella ប្រធានាធិបតី​អ៊ីតាលី​ ។

      ក្នុង​កិច្ច​ជំនួប លោក​ស៊ី ជីនភីង​បានថ្លែង​​ថា ប្រទេស​ចិន​សូម​ស្វាគមន៍​ចំពោះ​ប្រទេស​អ៊ីតាលី​ក្នុង​ការ​​សកម្ម​ចូលរួម​ការ​កសាង​យុទ្ធសាស្រ្ត​ស្តីពី​"ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​" សំដៅ​បង្កើតជា​​វេទិកា​កាន់​តែទូលំ​​ទូលាយ​សម្រាប់​ធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​រវាង​ទ្វេភាគី​មាន​ភាព​កាន់​តែ​ស៊ី​ជម្រៅ ។ ប្រទេស​ទាំង​ពីរគប្បី​​ធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ច្នៃ​ប្រឌិត​ថ្មី​មាន​ភាព​កាន់​តែ​ស៊ី​ជម្រៅ ពង្រឹង​និង​ពង្រីក​​ការ​ផ្លាស់​ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សម្បត្តិ​បេតិកភ័ណ្ឌ​វប្បធម៌ ជំរុញ​ការ​កសាង​មជ្ឈមណ្ឌល​វប្បធម៌ ក៏​ដូច​ជា​បង្កើន​ការ​ប្រាស្រ័យ​ទាក់​ទង​ក្នុង​សង្គម​ស៊ីវិល​ ។ លោក​សង្កត់​ធ្ងន់​​ទៀត​ថា ប្រទេស​ចិន​គាំទ្រ​អឺរ៉ុប​ដើរ​តាម​មាគ៌ា​ធ្វើ​សមាហរណកម្ម​​ ។

      ជា​ការ​ឆ្លើយ​តប​ លោក​Mattarella បាន​ថ្លែង​ថា​ ប្រទេស​អ៊ីតាលី​រីករាយ​​ធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការយ៉ាង​ស្អិត​ល្មួត​ជា​មួយ​ប្រទេស​ចិន​​លើ​គ្រប់​វិស័យ​ ដូចជា​ការ​ប្រាស្រ័យ​ទាក់​ទង​ជាន់​ខ្ពស់​ ក៏​ដូច​ជា​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម និង​វប្បធម៌​ជាដើម​ ដើម្បី​ជំរុញ​ការ​ផ្លាស់​ប្តូរ​ខាងវប្បធម៌​​​មនុស្សជាតិ​ក្រោម​ក្រប​ខ័ណ្ឌយុទ្ធសាស្រ្ត​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​" ។ ប្រទេស​អ៊ីតាលី​គាំទ្រ​ចំពោះ​ការ​គាំពារ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ដែល​បើក​ចំហ​ ហើយ​រីករាយ​បង្កើន​ការ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​ប្រទេស​ចិនទាំង​​ក្នុង​កិច្ចការ​តំបន់​​និង​អន្តរជាតិ​ ។ ប្រទេស​អ៊ីតាលី​នឹង​ខិត​ខំ​ជំរុញ​ទំនាក់​ទំនង​រវាង​អឺរ៉ុប​និង​ចិន​ឲ្យ​​វិវឌ្ឍ​កាន់​តែ​​ស៊ី​ជម្រៅទៀត​ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ