លោក​ស៊ី​ ជីនភីង​ប្រធានរដ្ឋ​ចិន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​សម្តេច​ហ៊ុនសែន​នាយករដ្ឋមន្រ្តី​កម្ពុជា​
2016-10-14 15:03:30  cri  Web Editor:Wang Zhaojun

 

      ថ្ងៃ​ទី​១៣​ខែ​តុលា​ លោក​ស៊ី​ ជីនភីង​ប្រធានរដ្ឋ​ចិន​បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​សម្តេច​ហ៊ុនសែន​នាយករដ្ឋមន្រ្តី​កម្ពុជា​នៅ​ក្រុង​ភ្នំពេញ​។ ​ភាគី​ទាំង​ពីរ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ចំណង​មិត្តភាព​ប្រពៃណី​រវាង​ចិន​និង​កម្ពុជា​ ​និង​បាន​ផ្លាស់ប្តូរ​មតិយោបល់​​អំពី​ការ​ធ្វើ​ឲ្យ​ស៊ី​ជម្រៅ​នូវ​ទំនាក់ទំនង​ភាព​ជា​ដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុងជ្រោយ​រវាង​ចិន​និង​កម្ពុជា​ព្រម​និង​បញ្ហា​អន្តរជាតិ​និង​តំបន់​ដែល​យកចិត្តទុកដាក់​ដូច​គ្នា​ ​ហើយ​បាន​ឈាន​ដល់​មតិ​ឯកភាព​រួម​យ៉ាង​ទូលំទូលាយ​ ​ដោយ​សម្រេច​ជា​ឯកច្ឆ័ន្ទ​ថា​នឹង​រួមគ្នា​ពង្រឹង​​និង​ពង្រីក​ចំណង​មិត្តភាព​រវាង​ចិន​និងកម្ពុជា​ ​សំដៅ​ជំរុញ​ទំនាក់ទំនង​ភាព​ជា​ដៃគូ​សហប្រតិបត្តិការ​ជា​យុទ្ធសាស្រ្ត​គ្រប់​ជ្រុងជ្រោយ​រវាង​ចិន​និង​កម្ពុជា​ឲ្យ​ឈាន​​ដល់​កម្រិត​ថ្មី​ថែម​ទៀត​។

      លោក​ស៊ី​ ជីនភីង​ប្រធានរដ្ឋ​ចិនបាន​កោតសរសើរ​ថា​ប្រទេស​កម្ពុជា​មាន​ស្ថិរភាព​ផ្នែក​នយោបាយ​និង​សង្គម​ ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មាន​ល្បឿន​លឿន​ ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ត្រូវ​​បាន​កែលម្អ​ព្រម​និង​ឋានៈ​អន្តរជាតិ​ត្រូវ​បាន​លើក​កម្ពស់​ ​លោក​ជឿជាក់​ថា​រាជរដ្ឋាភិបាល​កម្ពុជា​មុខ​ជា​អាច​​ដឹកនាំ​ប្រជាជន​កម្ពុជា​ក្នុង​ការ​កសាង​ប្រទេសជាតិ​ឲ្យ​បាន​កាន់តែ​សម្បូរណ៍​សប្បាយ​​និង​ខ្លាំង​ក្លាជា​មិន​ខាន​​។

      ជា​ការ​ឆ្លើយ​តប​ សម្តេច​ហ៊ុន​សែន​បាន​ថ្លែង​ថា​ ​ប្រទេស​កម្ពុជា​និង​ចិន​ជា​មិត្តភក្តិ​ល្អ​ដែល​មាន​ទំនុក​ចិត្ត​លើ​គ្នា​កម្រិត​ខ្ពស់​ ​ភាគី​ទាំង​២​មាន​ការ​យល់​ដឹង​ពី​​គ្នា​និងផ្តល់​ការ​គាំទ្រ​គ្នា​លើ​បញ្ហា​អភិវឌ្ឍន័​​របស់​ខ្លួន​និង​បញ្ហា​ដែល​សមភាគី​បាន​​ផ្តោត​ការ​យកចិត្តទុកដាក់​ជា​សំខាន់​។ ​ភាគី​កម្ពុជា​សូម​ថ្លែង​អំណរគុណ​ចំពោះ​ភាគី​ចិន​ដែល​បាន​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ក្នុង​រយៈ​ពេល​ជា​យូរ​កន្លង​មក​​ ​ព្រម​និង​ប្រកាន់​ខ្ជាប់​​នូវ​ការ​ចាត់​ទទួល​បន្ត​និង​អភិវឌ្ឍ​ចំណង​មិត្តភាព​ជា​ប្រពៃណី​រវាង​កម្ពុជា​និង​ចិន​ដែល​រួម​គ្នា​បង្កើត​ឡើង​បង្កត​ដោយ​ថ្នាក់ដឹកនាំ​ជំនាន់​មុន​​របស់​ប្រទេស​ទាំង​២​។ ភាគី​កម្ពុជា​រីករាយ​ក្នុង​ការ​រួម​សហការ​ជា​មួយ​ភាគី​ចិន​ ​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានរដ្ឋ​ស៊ី ជីនភីង​ លើក​នេះ​ជា​កាលានុវត្តភាព​មួយ​​ សម្រាប់ពង្រឹង​និង​ពង្រីក​​មិត្តភាព​រវាង​កម្ពុជា​និង​ចិន​ ព្រម​និង​ធ្វើ​ឲ្យ​ស៊ី​ជម្រៅ​នូវ​ទំនាក់ទំនង​ភាព​ជា​ដៃគូ​សហប្រតិបត្តិការ​ជា​យុទ្ធសាស្រ្ត​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​២​។

      ថ្នាក់​​ដឹកនាំនៃ​​ប្រទេស​ទាំង​២​បាន​សម្រេច​ជា​ឯកច្ឆ័ន្ទថា​នឹង​ពង្រឹង​មេត្រីភាព​ជា​​ប្រពៃណី​រវាង​ចិន​និង​កម្ពុជា​ ​ជំរុញ​ដោយ​ពេញ​ទំហឹង​នូវ​កិច្ច​សហប្រតិបត្តិការ​ជា​យុទ្ធសាស្រ្ត​គ្រប់​ជ្រុងជ្រោយ​ ​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ទាំង​២​បន្ត​ធ្វើ​ជា​មិត្ត​ល្អ​​ដែល​មាន​ទំនុក​ចិត្ត​លើ​គ្នា​កម្រិត​ខ្ពស់​ ​និង​ជា​ដៃគូ​ដ៏​ស្មោះត្រង់​ក៏​ដូច​ជា​សហគមន៍​រួម​វាសនាតែ​មួយ​តទៅ​ទៀត​។

      បន្ទាប់​ពី​កិច្ច​ជំនួប​​ ​ភាគី​ទាំង​២​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួមរវាង​​សាធារណរដ្ឋ​ប្រជា​មានិតចិន​និង​ព្រះរាជាណាចក្រកម្ពុជា​៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ