រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​បារាំង​ថ្លែងថា​ សម្ព័ន្ធអន្តរជាតិ​នឹង​បំផុស​ការប្រយុទ្ធ​ដើម្បី​ដណ្តើមយក​ក្រុង ​Mosol​ មកវិញ​
2016-10-01 14:42:25  cri  Web Editor:Sun Lingling

ថ្ងៃ​ទី៣០​ខែកញ្ញា​ លោក​ Jean-Yves​ Le ​Drian ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​បារាំង​បាន​ថ្លែង​នៅ​ពេល​ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មានថា​ សម្ព័ន្ធ​អន្តរជាតិ​សម្រាប់​ការវាយប្រហារ​អង្គការ​រដ្ឋអ៊ីស្លាម​ដែលជា​អង្គការជ្រុលនិយម​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​នឹង​មាន​ប្រតិបត្តិការដ៏ធំ​មួយ​នៅ​ប្រទេស​អ៊ីរ៉ាក់​នៅពេល​ខាងមុខនេះ​ ដើម្បី​វាយដណ្តើម​ក្រុង​ Mosol ​ដែល​ជាទីក្រុង​ដ៏សំខាន់​ដែល​ត្រូវ​កងកម្លាំង​ប្រដាប់អាវុធ​នៃ​អង្គការ​រដ្ឋអ៊ីស្លាម​ទន្ទ្រាន​កាន់កាប់​នោះ​យក​មកវិញ ។

នៅ​ព្រឹក​ថ្ងៃដដែល ​មាន​ប្រព័ន្ធ​សារព័ត៌មាន​បារាំង​ជាច្រើន​បាន​ផ្សាយ​ដំណឹងថា ​ការប្រយុទ្ធ​ដណ្តើមយក​ក្រុង ​Mosol​ មកវិញ​នឹង​ចាប់ផ្តើម​ពី​ខែតុលា​នេះតទៅ​ ។ ​ព្រឹក​ថ្ងៃទី៣០​ខែកញ្ញា​ យន្តហោះ​ចម្បាំង​ Rafale​ ចំនួន​៨គ្រឿង​របស់​កងទ័ព​បារាំង​បាន​ហោះចេញ​ពី​នាវាផ្ទុក​យន្តហោះ​សញ្ញា ​Charles ​de ​Gaulle​ ដែល​សំចតនៅ​ភាគ​ខាងកើត​សមុទ្រ ​Mediterranean ​ដើម្បី​ទៅ​អនុវត្ត​ភារកិច្ច​វាយប្រហារ​របស់ខ្លួន​ ។ ​លោក ​Jean-Yves​ Le​ Drian​ គូសបញ្ជាក់​ថា​ យន្តហោះ​ចម្បាំង​ទាំង​នេះ​គឺគ្រាន់តែ​ទៅធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​អ៊ីរ៉ាក់​ដើម្បី​អនុវត្ត​ភារកិច្ច​ប្រយុទ្ធ​សម្រាប់​ប្រឆាំង​ភេរវកម្មនិយម​ តែ​មិនមែនជា​ការចាប់ផ្តើម​នៃ​ការប្រយុទ្ធ​ដើម្បី​ដណ្តើម​យក​ក្រុង​ Mosol ​មកវិញ​នោះទេ ​។

    តាមដំណឹង​ឲ្យដឹងថា ​ដើម្បី​ដណ្តើម​យក​ក្រុង​ Mosol ​មកវិញ​ដោយ​រលូន ​កងទ័ព​អាមេរិក​បានចាត់​បញ្ជូន​កងកម្លាំង​យោធា​ជាង៦០០​នាក់​ឲ្យ​ទៅកាន់​ប្រទេស​អ៊ីរ៉ាក់​នៅ​ថ្ងៃទី២៩​ខែកញ្ញា​ ដើម្បី​ផ្តល់​ជំនួយ​ដល់​ប្រទេស​អ៊ីរ៉ាក់​ក្នុងវិស័យ​ស៊ើបការណ៍​និង​ធ្វើ​ការហ្វឹកហាត់​ជាដើម ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ