សន្និសីទ​នៃ​អង្គការ APEC ​ក្រុង​ប៉េកាំង​បាន​អនុម័ត​ផែនទី​ផ្លូវ​សម្រាប់​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ីប៉ាស៊ីហ្វិក ​ហើយបាន​ដើរ​ដល់​មតិឯកភាព​ជា​ច្រើន
2014-11-12 15:33:29  cri  Web Editor:Deng Qian

      សកម្មភាពមួយចំនួន​នៃ​សប្តាហ៍​សន្និសីទ​របស់​អ្នកដឹកនាំ​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក​ដែល​ហៅកាត់​ថា​​​ APEC ​ឆ្នាំ​ ២០១៤ ​បាន​បិទ​បញ្ចប់​ដោយ​គាប់ប្រសើរ​នៅ​ថ្ងៃទី ១១ ខែ​វិច្ឆិកា​។ ​ក្នុង​មួយ​សប្តាហ៍​កន្លង​ទៅ​នេះ ​អ្នកដឹកនាំ​និង​តំណាង​នៃ​តួអង្គ​សេដ្ឋកិច្ច​ទាំង​ ២១ ​នៃ​អង្គការ​ APEC  ​​ព្រម​និង​អ្នក​ដឹកនាំ​នៃ​មជ្ឈដ្ឋាន​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​បាន​ជួបជុំគ្នា​នៅ​ក្រុង​ប៉េកាំង​ប្រទេស​ចិន​ ​ហើយ​បាន​ដើរ​ដល់​មតិឯកភាព​សំខាន់​ជា​ច្រើន​ក្នុង​វិស័យ​ដូចជា​ដំណើរការ​នៃ​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ីប៉ាស៊ីហ្វិក ​ជំរុញ​ការតភ្ជាប់​និង​ប្រាស្រ័យ​ទាក់ទងគ្នា ​​ស្វែងរក​ការ​អភិវឌ្ឍន៍​និង​ការច្នៃប្រឌិត​ថ្មី​ជា​ដើម។ ​កិច្ចប្រជុំ​បាន​អនុម័ត​ « កម្មវិធី​ប៉េកាំង » ​និង​ « េសចក្តីថ្លែងការណ៍​ស្តីពី​ទំនាក់ទំនង​ដៃគូ​អាស៊ីប៉ាស៊ីហ្វិក » ​ដែល​បាន​គូសបញ្ជាក់​កាន់តែ​ច្បាស់​ថែម​ទៀត​ដល់​ទឹសដៅ​អភិវឌ្ឍន៍ ​ក៏​ដូចជា​គោលបំណង​និង​វិធានការ​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ផង​ដែរ។

      «េសចក្តីថ្លែងការណ៍​» ​បាន​ចែង​ថា  ​យើង​រួមគ្នា​ខិតខំ​ក្នុង​ការជំរុញ​សេរីភាព​និង​ការបើក​ចំហ​នៃ​ការបណ្តាក់ទុន​និង​ការធ្វើ​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក ។ ​យើង​សូម​សន្យា​ថា  ​រួមគ្នា​កសាង​ទំនាក់ទំនង​ដៃគូ​អាស៊ីប៉ាស៊ីហ្វិក​ដែល​ប្រឈមមុខ​នឹង​អនាគត  ​លើ​មូលដ្ឋាន​សមិទ្ធិផល​​ប្រវិត្តិសាស្ត្រ​នៃ​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក​​  ដើម្បី​សម្រេច​សុបិន្ត​អាស៊ីប៉ាស៊ីហ្វិក​ដែល​អភិវឌ្ឍន៍​​  ​​ថ្កុំថ្កើង​​ ​និង​ឈានទៅមុខ​ជាមួយ​គ្នា។

 

 

      «កម្មវិធី​ប៉េកាំង​» ​បាន​​ថ្លែងថា ​បណ្តា​សមាជិក​នៃ​​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក​សម្រេចចិត្ត​បង្កើត​សភាពការណ៍​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក​បែប​បើក​ចំហ​ ​ដើម្បី​សម្រេច​ភាពរុងរឿង​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ជាមួយគ្នា​។

      តាម​ដំណឹង​អោយ​ដឹង​ថា​​ ​ក្នុង​រយៈពេល​បី​ឆ្នាំ​ខាង​មុខ​នេះ​ ​ប្រទេស​ចិន​នឹង​ផ្តល់​ការ​បណ្តុះបណ្តាល​សម្រាប់​មនុស្ស​ចំនួន​ ១៥០០ ​នាក់​អំពី​​កម្មវិធី​កសាង​សមត្ថភាព​ក្នុង​វិស័យ​ដូចជា​​ពាណិជ្ជកម្ម​និង​វិនិយោគទុន​ជា​ដើម​​ដល់​សមាជិក​ដែល​ត្រៀម​ចូលក្នុង​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក​ ​នេះ​​នឹង​បន្ថែម​កម្លាំង​រស់រវើក​ថ្មី​ដល់​ការវិវឌ្ឍន៍​នាពេល​អនាគត​នៃ​អាស៊ីប៉ាស៊ីហ្វិក​ជាក់ជាមិនខាន៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ