孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋាភិបាលអន្តរកាលស៊ូតង់ថ្លែងថា ផ្នែកយោធាធ្វើសកម្មភាពដោយឯកតោភាគីគឺគ្មានភស្តុតាងខាងរដ្ឋធម្មនុញ្ញ ក្រសួងការបរទេសចិនថ្លែងថា នឹងចាត់វិធានការដ៏ចាំបាច់ដើម្បីធានាដល់សុវត្ថិភាពរបស់បុគ្គលិកចិនក្នុងស្ថាប័នចិននៅស៊ូតង់

2021-10-26 14:44:09 cri

    យប់ថ្ងៃទី២៥​ខែតុលា​តាមម៉ោង​ក្នុងតំបន់​ ក្រសួង​វប្បធម៌និង​ព័ត៌មាននៃ​រដ្ឋាភិបាល​អន្តរកាល​ស៊ូតង់បានចេញ​សេចក្តី​ថ្លែងការណ៍ថា​ ផ្នែកយោធា​ស៊ូតង់បាន​ធ្វើសកម្មភាព​ដោយ​ឯកតោភាគី​កាលពីថ្ងៃ​ទី២៥ខែតុលា​គឺគ្មាន​ភស្តុតាង​ផ្នែករដ្ឋធម្មនុញ្ញទេ​ ។ សេចក្តី​ថ្លែងការណ៍​បានបង្ហាញថា ​រដ្ឋាភិបាល​ដែលដឹកនាំ​ដោយលោក ​Abdalla ​Hamdok ​ជារដ្ឋាភិបាល​អន្តរកាល​ស្របច្បាប់ ​ហើយថ្លែងថា ​បច្ចុប្បន្ននេះ ​លោក ​Abdalla ​Hamdok ​និងរដ្ឋមន្ត្រីនៃ​រដ្ឋាភិបាលនេះ​គឺត្រូវ ​“ចាប់ពង្រត់”​ដោយផ្នែក​យោធា ។

    តាមដំណឹងនៃ​ក្រសួង​សុខាភិបាល​ស៊ូតង់ឱ្យដឹងថា ​ពេលផ្នែក​យោធាស៊ូតង់​បណ្តេញ​ប្រជាពលរដ្ឋ​ដែលធ្វើ​សកម្មភាព​តវ៉ា​ក្នុងតំបន់បាន​បណ្តាលឱ្យ​មនុស្ស​៧នាក់ស្លាប់​ និងយ៉ាង​ហោចណាស់​​១៤០នាក់​រងរបួស ។

    លោក​ Abdel ​Fattah ​Burhan ​អតីតប្រធាន​គណៈកម្មាធិការ​អធិបតេយ្យភាព​របស់ស៊ូតង់​បានថ្លែង​សុន្ទរកថាតាម​ទូរទស្សន៍ ​ដោយ​ប្រកាស​ដាក់ស៊ូតង់​ក្នុងភាពអាសន្ន ​។ ​លោក​ Abdel ​Fattah ​Burhan ​បានថ្លែងថា​ កងទ័ពប្រដាប់​អាវុធស៊ូតង់នឹង​បន្តអនុវត្ត​អំណាច​អន្តរកាល ​រហូតដល់​ប្រគល់​អំណាច​ទៅឱ្យរដ្ឋាភិបាល​ថ្មីនៅពេល​អនាគត ។

    កាលពីថ្ងៃ​ទី២៥ខែតុលា ​លោក Wang ​Wenbin ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិនបាន​ថ្លែងនៅពេល​ឆ្លើយសំណួរក្នុង​សន្និសីទ​សារព័ត៌មាន​ជាប្រចាំថា​ ភាគីចិន​បានយកចិត្ត​ទុកដាក់​ការវិវឌ្ឍថ្មីបំផុត​នៃស្ថានការណ៍​ស៊ូតង់ ​ហើយ​អំពាវនាវឱ្យ​ភាគីពាក់ព័ន្ធ​នានារបស់​ស៊ូតង់​ដោះស្រាយ​វិវាទតាមរយៈ​កិច្ចសន្ទនាគ្នា ​ដើម្បីគាំពារ​សន្តិភាពនិង​ស្ថិរភាព​ជាតិ ។ ​បច្ចុប្បន្ននេះ ​ស្ថានទូតចិន​ប្រចាំនៅ​ស៊ូតង់​បានដំណើរការ​ជាប្រក្រតី ។ ​ភាគីចិននឹង​បន្តយកចិត្តទុកដាក់​យ៉ាងដិតដល់​ចំពោះ​ការវិវឌ្ឍនៃ​ស្ថានការណ៍​ស៊ូតង់​ ព្រមទាំង​ចាត់វិធានការដ៏​ចាំបាច់ដើម្បី​ធានាសុវត្ថិភាព​នៃស្ថាប័ននិង​បុគ្គលិកចិន​នៅស៊ូតង់ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស