郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចិននិងឡាវចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងសាងសង់នៅប្រទេសឡាវដែលប្រើប្រាស់មូលនិធីសហប្រតិបតិ្តការឡានឆាង-មេគង្គ

2019-02-16 14:43:04 cri

      ថ្ងៃទី ១៥ ខែ​កុម្ភៈ ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ចំនួន​ថ្មី​ទៀត​ស្តីពី​គម្រោង​សាងសង់​នៅ​ប្រទេស​ឡាវ​ដែល​ប្រើ​ប្រាស់​មូលនិធី​សហប្រតិបតិ្តការ​ឡានឆាង​-​មេគង្គ​បាន​ប្រារព្ធ​ធ្វើ​នៅ​ក្រុង​វៀងចន្ទន៍​ រដ្ឋធានី​ប្រទេស​ឡាវ លោក Jiang Zaidong ឯកអគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​នៅ​ប្រទេស​ឡាវ និង​លោក Thongphane Savenphet អនុរដ្ឋមន្ត្រី​ការ​បរទេស​ឡាវ​បាន​ចុះ​ហត្ថលេខា​ក្នុង​នាម​​ជា​តំណាង​ប្រទេស​រៀងខ្លួន​ ។

      ថ្លែង​ក្នុង​ពិធី​លើក​នេះ លោក Jiang Zaidong បាន​លើក​ឡើង​ថា គម្រោង​សាងសង់​លើក​ដំបូង​នៃ​កិច្ច​សហប្រតិបតិ្តការ​ឡានឆាង​-មេគង្គ​ចំនួន ១៣ គម្រោង​បាន​ចាប់​ដំណើរការណ៍​រួច​ហើយ លើស​ពី​នេះ​ទៅ​ទៀត គម្រោង​ចំនួន​២១​ទៀត​របស់​ប្រទេស​ឡាវ​ត្រូវ​បាន​អនុម័ត​ទៀត ប្រការ​នេះ​ជា​ផ្លែ​ផ្កា​សំខាន់​មួយ​ទៀត​នៃ​កិច្ច​សហប្រតិបតិ្តការ​រវាង​ចិន​និង​ឡាវ​ក្នុង​ក្រប​ខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​ឡានឆាង​-មេគង្គ ។ ប្រទេស​ចិន​រីក​រាយ​រួម​សហការ​ជា​មួយ​ប្រទេស​ឡាវ បន្ត​បំពេញ​ភារកិច្ច​ឲ្យ​បាន​ល្អ​ក្នុង​ឋានៈ​ជា​​​ប្រទេស​ជា​សហប្រធាន​ផ្លាស់​វេន​តទៅ​ទៀត ក្នុង​ន័យ​រួម​សហការ​ជា​មួយ​ប្រទេស​ជា​សមាជិក​ចំនួន​៤​ផ្សេង​ទៀត​ គ្រោង​ផែនការ​និង​ជំរុញ​កិច្ច​សហប្រតិបតិ្តការ​ឡានឆាង​-មេគង្គ​តទៅ​ខាង​មុខ​នេះ ។

ថ្លែង​ក្នុង​ពិធី​លើក​នេះ លោក ​ Thongphane Savenphet បាន​លើក​ឡើង​ថា គម្រោង​ដែល​ត្រូវ​អនុម័ត​ទាំង​នេះ នឹង​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​នៃ​ប្រទេស​ឡាវ ក៏​មាន​អំណោយ​ផល​ដល់​ការ​ធ្វើ​ឲ្យ​កិច្ច​សហប្រតិបតិ្តការ​ដ៏​មេត្រីភាព​រវាង​ឡាវ​និង​ចិន​មាន​ភាព​កាន់​តែ​ស៊ីជម្រៅ​ ក៏​ដូច​ជា​ជំរុញ​ការ​បង្កើត​មហា​គ្រួសារ​ឡានឆាង​-មេគង្គ​ប្រកប​ដោយ​ភាព​កាន់​តែ​ស្អិត​ល្មួត​ផង​ដែរ​ ។

សូម​បញ្ជាក់​ថា កិច្ច​សហប្រតិបតិ្តការ​ឡានឆាង​-​មេគង្គ​ គឺ​ជា​យន្តការ​សហប្រតិបតិ្តការ​ធុន​ថ្មី​ក្នុង​មហាអនុ​តំបន់​ដែល​បង្កើត​ឡើង​ដោយ​ប្រទេស​ទាំង​៦​តាម​បណ្តោយ​ទន្លេ​ឡានឆាង​និង​មេគង្គ​ គឺ​ប្រទេស​ចិន​ កម្ពុជា ថៃ ឡាវ​ មីយ៉ាន់ម៉ា​និង​វៀតណាម​ ។ ក្នុង​សនិ្នសីទ​ថ្នាក់​ដឹក​នាំ​លើក​ដំបូង​នៃ​កិច្ច​សហប្រតិបតិ្តការ​ឡានឆាង​-មេគង្គ​កាល​ពី​ខែ​មីនា ឆ្នាំ ២០១៦ ប្រទេស​ចិន​បាន​​ស្នើ​ឲ្យ​បង្កើត​មូលនិធី​សហប្រតិបតិ្តការ​ឡានឆាង​-មេគង្គ  គឺ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ នឹង​​ផ្តល់​ថវិកា​ចំនួន​៣​រយលាន​ដុល្លារអាមេរិក​ដល់​កិច្ច​សាងសង់​គម្រោង​ធុន​តូច​និង​មធ្យម​របស់​ប្រទេស​ទាំង​៦ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស