ថ្លែងក្នុងរបាយការណ៍ក្នុងសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ ដែលសម្ពោធបើកនៅថ្ងៃនេះ លោកស៊ី ជីនភីងបានឲ្យដឹងថា បន្ទាប់ពីសមាជបក្សកុម្មុយនិស្តចិនលើកទី ១៨ មក ប្រទេសចិនក៏បានកកើតជាលទ្ធិសង្គមនិយមប្រកបដោយលក្ខណៈពិសេសប្រទេសចិនក្នុងយុគសម័យថ្មី ។នេះគឺជាសេចក្តីណែនាំប្រតិបត្តិសម្រាប់ឲ្យបក្សកុម្មុយនិស្តចិននិងប្រជាជនចិនសម្រេចការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ចាំបាច់ត្រូវតែប្រកាន់ខ្ជាប់រយៈពេលយូរនិងធ្វើការអភិវឌ្ឍឥតឈប់ឈរ ។
លទ្ធិមួយនេះបានប្រើយកចក្ខុវិស័យថ្មីដើម្បីស្វែងយល់ឲ្យបានកាន់តែស៊ីជម្រៅអំពីក្រឹត្យក្រមកាន់អំណាចរបស់បក្សកុម្មុយនិស្តចិន ក្រឹត្យក្រមកសាងសង្គមនិយម និងក្រឹត្យក្រមអភិវឌ្ឍសង្គមមនុស្សជាតិ ។ លទ្ធិមួយនេះបានលើកឡើងថា ឈរលើមូលដ្ឋានកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០២០ កសាងប្រទេសចិនឲ្យទៅជាប្រទេសសង្គមនិយមបែបទំនើបភាវូបនីយកម្មដ៏ខ្លាំងដែលមានភាពរុងរឿង ប្រកបដោយប្រជាធិបតេយ្យ អរិយធម៌ ភាពចុះសម្រុង និងស្រស់ស្អាតនៅពាក់កណ្តាលសតវត្សរ៍នេះ ។
លទ្ធិសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីទាមទារឲ្យបក្សកាន់អំណាចចាំបាច់ត្រូវតែប្រកាន់ខ្ជាប់គំនិតអភិវឌ្ឍដែលចាត់ទុកប្រជាជនជាគោល ជំរុញការអភិវឌ្ឍរបស់ប្រជាជនដោយគ្រប់ជ្រុងជ្រោយ និងជំរុញឲ្យប្រជាជនគ្រប់រូបមានជីវភាពធូរធារ ។ លទ្ធិមួយនេះក៏បានលើកឡើងនូវសំណូមពរជាក់ស្តែងអំពីរចនាសម្ព័ន្ធជាទូទៅ រចនាសម្ព័ន្ធជាយុទ្ធសាស្រ្ត និងទិសដៅអភិវឌ្ឍន៍ ព្រមនិងការធានាផ្នែកនយោបាយជាដើមនៃបុព្វហេតុសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិន ។