សួស្តី លោក លោកស្រី មិត្តភក្តិទាំងឡាយ!
កាលពីម្សិលមិញ សមាជបក្សកុម្មុយនិស្តចិនលើកទី១៩បានបិទបញ្ចប់ហើយ។ ក្នុងអំឡុងពេលនៃសមាជលើកនេះ មានមិត្តអ្នកសារព័ត៌មានជាច្រើនរូបបានមកយកបទសម្ភាសន៍ពិសេសមានអ្នកមកពីប្រទេសនិងតំបន់ឆ្ងាយៗជាច្រើនផងដែរ។ អ្នកទាំងអស់បានធ្វើការផ្សព្វផ្សាយព័ត៌មានអំពីសមាជដោយពេញលេញនិងក្នុងបរិមាណច្រើន ដែលបានញ៉ាំងឲ្យពិភពលោកទាំងមូលផ្តោតការយកចិត្តទុកដាក់ខ្ពស់។ អ្នកទាំងអស់នឿយហត់ហើយ! ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តចំពោះអ្នកទាំងអស់គ្នា!
តាំងពីពេលបើកធ្វើសមាជមក មានគណបក្សសំខាន់ៗចំនួន៤៥២នៃប្រទេសចំនួន១៦៥បានផ្ញើសារលិខិតជូនពរ។ ក្នុងនោះ មាន៨១៤ច្បាប់គឺមកពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំគណបក្សនិងស្ថាប័នសំខាន់ៗនៃប្រទេសទាំងនេះ។ នៅទីនេះ ខ្ញុំសូមតាងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនថ្លែងអំណរគុណដ៏ស្មោះចំពោះថ្នាក់ដឹកនាំបរទេសគ្រប់រូប!
ក្នុងសនិ្នសីទពេញអង្គលើកទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណតិ្តទី ១៩ ដែលទើបបើកធ្វើអម្បាញ់មិញ បានជ្រើសតាំងស្ថាប័នដឹកនាំរបស់មជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិថី្ម សនិ្នសីទពេញអង្គបានជ្រើសតាំងខ្ញុំឲ្យបន្តកាន់តំណែងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនជាបន្តទៀត ។ នេះគឺជាការទទួលស្គាល់ចំពោះរូបខ្ញុំ ហើយក៏ជាការដាស់តឿននិងជាការជំរុញនិងលើកទឹកចិត្តចំពោះរូបខ្ញុំផងដែរ ។
ឥឡូវនេះ ខ្ញុំសូមឧទេ្ទសនាមពីសមាជិកគណៈអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិម៦រូបទៀត ។ លោក លី ខឺឈាង លោក លី ចាន់ស៊ូ លោក វ៉ាង យ៉ាង លោក វ៉ាង ហ៊ូនីង លោក ចៅ ឡឺជី និងលោក ហាន ចឹង ។ ក្នុងនោះ លោក លី ខឺឈាង គឺជាសមាជិកគណៈអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី ១៨ ហើយសមាជិក៥ រូបទៀតសុទ្ធតែជាសមាជិកនៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី ១៨ លោកអ្នកអាចស្វែងយល់កាន់តែច្រើនអំពីព័ត៌មានពាក់ព័ន្ធនឹងសមាជិកគ្រប់រូបតាមរយៈប្រព័ន្ធសារព័ត៌មាន ។ ពេលនេះ ខ្ញុំសូមតាងនាមសមាជិកថ្នាក់ដឹកនាំនៃមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិថី្ម ថ្លែងអំណរគុណយ៉ាងស្មោះចំពោះសមាជិកបក្សគ្រប់រូបដែលបានផ្តល់ទំនុកចិត្តដល់យើងខ្ញុំ ។ យើងខ្ញុំនឹងខំព្យាយាមអស់ពីសមត្ថភាព ដើម្បីបំពេញភារកិច្ចស្របតាមតួនាទីរបស់ខ្លួនឲ្យបានល្អប្រសើរ មិនធ្វើឲ្យបក្សនិងប្រជាជនអស់សង្ឃឹមឡើយ ។
ក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ យើងបានធ្វើការងារជាច្រើន ក្នុងនោះ មានមួយចំនួនបានសម្រេច មានមួយចំនួនទៀតនឹងបន្តធ្វើតទៅទៀត។សមាជបក្សកុម្មុយនិស្តចិនបានលើកឡើងនូវទិសដៅថ្មីនិងភារកិច្ចថ្មី យើងត្រូវអនុវត្តឲ្យបានល្អ។
ឆ្លងតាមរយៈការខិតខំប្រឹងប្រែងអស់ពេលជាយូរមក សង្គមនិយមមានលក្ខណៈពិសេសនៃប្រទេសចិនបានឈានចូលយុគសម័យថ្មី។ក្នុងយុគសម័យថ្មីត្រូវតែមានមុតមាត់ថ្មីសន្លាង ហើយកាន់តែត្រូវមានសមិទ្ធផលថ្មីថែមទៀត។រយៈពេល៥ឆ្នាំចន្លោះពីសមាជបក្សលើកទី១៩ដល់សមាជបក្សលើកទី២០គឺជារយៈពេលជាប្រវត្តិសាស្រ្តសម្រាប់សម្រេចគោលដៅធ្វើការតស៊ូស្តីពីសតវត្សរ៍ចំនួន២ គោលដៅនៃសតវត្សរ៍ទី១ត្រូវធ្វើឲ្យបានសម្រេច ហើយគោលដៅនៃការតស៊ូសតវត្សរ៍ទី២ក៏ត្រូវមានការចាប់ផ្តើមដ៏ល្អផងដែរ។ក្នុងនោះមានដំណាក់កាលសំខាន់មួយចំនួនដែលបង្ហាញពីដំណើរវិវឌ្ឍរីកចម្រើននៃការងាររបស់យើង។
ឆ្នាំ ២០១៨ គឺជាខួបទី ៤០ នៃការធ្វើកំណែទម្រង់និងបើកចំហរបស់ប្រទេសចិន។ ការធ្វើកំណែទម្រង់និងបើកចំហជាវិធីសាស្ត្រជាគន្លឹះមួយដែលសម្រេចដល់ជោគវាសនារបស់ប្រទេសចិនក្នុងសម័យនេះ រយៈពេល ៤០ ឆ្នាំនៃការធ្វើកំណែទម្រង់បានជំរុញឲ្យជីវភាពប្រជាពលរដ្ឋចិនមានភាពធូរធារបង្គួរ និងបានឈានចូលភាពសម្បូរសម្បាយជាលំដាប់។ យើងនឹងបូកសរុបបទពិសោធន៍ បន្តពុះពារទៅមុខ ដើម្បីបន្តជំរុញការធ្វើទំនើបកម្មលើប្រព័ន្ធនិងសមត្ថភាពអភិបាលកិច្ចជាតិ ធ្វើការកែទម្រង់លើគ្រប់វិស័យឲ្យកាន់តែស៊ីជម្រៅថែមទៀតដោយមិនងាករេ ពង្រីកការបើកចំហតទៅទៀតដោយមិនងាករេ ដើម្បីឲ្យកំណែទម្រង់និងការបើកចំហបំពេញបន្ថែមគ្នាទៅវិញទៅមក សម្របសម្រួលគ្នាទៅវិញទៅមក និងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ការស្តារឡើងវិញនូវភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនមុខជាអាចសម្រេចបានក្នុងដំណើរកំណែទម្រង់និងបើកចំហជាក់ជាមិនខាន។
នៅឆ្នាំ ២០១៩ គឺជាខួបឆ្នាំទី ៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ យើងនឹងអនុវត្តទស្សនៈអភិវឌ្ឍថ្មី ជំរុញសេដ្ឋកិច្ចចិនឲ្យវិវឌ្ឍរីកចម្រើនដោយរឹងមាំ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនចិននិងប្រជាជននៃបណ្តាប្រទេសនានា។ យើងនឹងបន្តអនុវត្តជាក់ស្តែងនូវភារកិច្ចគ្រប់យ៉ាងដែលបានកំណត់ក្នុងផែនការ អភិវឌ្ឍជាតិប្រាំឆ្នាំទី ១៣ ហើយក៏នឹងគ្រោងផែនការថ្មីសម្រាប់ការអភិវឌ្ឍនាពេលអនាគតផងដែរ ដើម្បីបន្តជំរុញឲ្យគ្រប់វិស័យមានការវិវឌ្ឍរីកចម្រើនគ្រប់ជ្រុងជ្រោយ ក្នុងន័យកសាងឲ្យសាធារណរដ្ឋរបស់យើងមានភាពថ្កុំថ្កើងរុងរឿងថែមទៀត។
ឆ្នាំ ២០២០ ប្រទេសចិននឹងសម្រេចបាននូវការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ។ ការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរនិងការដើរលើផ្លូវសម្បូរសប្បាយ មិនអាចបោះបង់ចោលនរណាម្នាក់នោះឡើយ ។ ប្រទេសចិននឹងចំណាយកម្លាំងបក្សនិងរដ្ឋទាំងមូល ដើម្បីសម្រេចភារកិច្ចយកជ័យជម្នះលើឧបសគ្គនៃការចាកផុតពីភាពក្រីក្រ ធានាថានឹងបំពេញតាមពាក្យសន្យារបស់យើងជាមិនខាន ។ យើងត្រូវចងចាំថា សេចក្តីសង្ឃឹមចំពោះជីវភាពល្អបវររបស់ប្រជាជនគឺជាគោលដៅតស៊ូរបស់យើង ហេតុនេះត្រូវប្រកាន់ខ្ជាប់នូវទស្សនៈអភិវឌ្ឍដែលទុកប្រជាជនជាស្នូល ខិតខំធ្វើការងារគាំពារនិងកែសម្រួលជីវភាពប្រជាជនឲ្យបានល្អ បង្កើនអារម្មណ៍ទទួលបានផល អារម្មណ៍សុភមង្គលនិងអារម្មណ៍សន្តិសុខរបស់ប្រជាជនដោយឥតឈប់ឈរ សំដៅជំរុញឲ្យប្រជាជនមានភាពសម្បូរសប្បាយទាំងអស់គ្នា ។ ខ្ញុំជឿជាក់ថា ជីវភាពរបស់ប្រជាជនចិនមុខជានឹងកាន់តែល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ។
ឆ្នាំ ២០២១ ជាខួបទី ១០០ នៃការបង្កើតគណបក្សកុម្មុយនិស្តចិន ។ បក្សកុម្មុយនិស្តចិនបានតាំងចិត្តប្តេជ្ញាលើការសម្រេចឲ្យបាននូវបុព្វហេតុដ៏មហិមាដែលនាំមកនូវផលប្រយោជន៍ជូនប្រជាជនចិនគ្រប់ជំនាន់ បច្ចុប្បន្ននេះគឺជាពេលដែលបក្សមានកម្លាំងខ្លាំងក្លាសម្រាប់បំពេញភារកិច្ចមួយនេះ ។ បក្សកុម្មុយនិស្តចិនជាបក្សនយោបាយធំបំផុតលើពិភពលោក ។ គណបក្សធំគឺត្រូវទទួលបន្ទុកធំ ។ ការអនុវត្តជាក់ស្តែងបានបញ្ជាក់យ៉ាងពេញលេញថា បក្សកុម្មុយនិស្តចិនអាចដឹកនាំប្រជាជនចិនក្នុងការធ្វើបដិវត្តន៍សង្គមដ៏មហិមា ហើយក៏អាចធ្វើបដិវត្តន៍លើខ្លួនឯងដ៏មហិមាផងដែរ ។ យើងត្រូវមានភាពក្លៀវក្លាជានិច្ច ធ្វើជាអ្នកបម្រើរបស់ប្រជាជន អ្នកដើរជួរមុខនៃយុគសម័យនិងជាអ្នកទ្រទ្រង់ប្រជាជាតិ ។ ការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងដោយគ្រប់ជ្រុងជ្រោយគឺគ្មានទីបញ្ចប់ឡើយ យើងមិនត្រូវមានគំនិតគិតចង់អង្គុយសម្រាកនោះឡើយ ។ យើងនឹងបន្តបោសសំអាតមេរោគទាំងឡាយដែលអាចបំពុលដល់ភាពស្អាតស្អំនៅផ្ទៃក្នុងបក្ស ខិតខំប្រឹងប្រែងដើម្បីបង្កបង្កើតទៅជាបរិយាកាសនយោបាយដែលប្រកបដោយភាពស្អាតស្អំ ក្នុងន័យធ្វើឲ្យកម្លាំងវិជ្ជមានដ៏ខ្លាំងក្លារបស់បក្សអាចជំរុញដល់ការបណ្តំថាមពលដ៏ផុលផុសពីក្នុងសង្គមទាំងមូលដើម្បីជំរុញដល់ការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសចិន ។
បក្សកុម្មុយនិស្តចិននិងប្រជាជនចិនគឺបានដើរចេញមកពីភាពលំបាកវេទនា ដូច្នេះហើយ គឺជ្រួតជ្រាបអំពីតម្លៃនៃសន្តិភាពនិងតម្លៃនៃការអភិវឌ្ឍ ។ ជនជាតិចិនដែលមានជំនឿចិត្តនិងគោរពចំពោះខ្លួនឯង នឹងគាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍នៃការអភិវឌ្ឍរបស់ជាតិ ព្រមជាមួយនេះ ក៏នឹងរួមសហការជាមួយប្រជាជននៃបណ្តាប្រទេសនានា សកម្មជំរុញការបង្កើតសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ ក្នុងន័យរួមវិភាគទានកាន់តែធំធេងចំពោះបុព្វហេតុដ៏ឧដុង្គឧត្តមនៃសន្តិភាពនិងការអភិវឌ្ឍរបស់មនុស្សជាតិជាបន្តបន្ទាប់ ។
ប្រវត្តិសាស្ត្រគឺសរសេរឡើងដោយប្រជាជន ហើយសមិទ្ធផលទាំងអស់ក៏ត្រូវបង្កើតឡើងដោយប្រជាជនផងដែរ ។ មានតែយើងចូលចុះក្នុងចំណោមប្រជាជននិងពឹងផ្អែកលើប្រជាជន នោះទើបអាចទទួលបានថាមពលឥតព្រំដែន ដើម្បីទៅពុះពាររាល់ឧបសគ្គនិងដើរឆ្ពោះទៅមុខដោយអង់អាចក្លាហាន ។