នៅព្រឹកថ្ងៃទី ១៨ ខែតុលា សមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ បានបើកសម័យប្រជុំនៅក្រុងប៉េកាំង ។ លោកស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនតាងនាមគណៈកម្មាធិការមជ្ឈិមអាណត្តិទី ១៨ នៃបក្សកុម្មុយនិស្តចិនបានថ្លែងរបាយការណ៍ចំពោះអង្គប្រជុំ និងធ្វើការចាត់ចែងជាទូទៅអំពីផែនការអភិវឌ្ឍន៍នៃប្រទេសចិននៅពេលអនាគត ។
តំណាងនៃសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ ចំនួន ២២០០ រូបដែលជ្រើសរើសពីសមាជិកបក្សកុម្មុយនិស្តចិនជាង ៨៩ លាននាក់ នឹងធ្វើការត្រួតពិនិត្យលើរបាយការណ៍របស់លោកស៊ី ជីនភីង និងរបាយការណ៍ការងាររបស់គណៈកម្មាធិការត្រួតពិនិត្យវិន័យនៃមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី ១៨ និងធ្វើការពិគ្រោះពិភាក្សាលើច្បាប់កែសម្រួលនៃលក្ខន្តិកៈបក្សកុម្មុយនិស្តចិនព្រមនិងបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការមជ្ឈិមនិងគណៈកម្មាធិការត្រួតពិនិត្យវិន័យនៃមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិថ្មី។
បក្សកុម្មុយនិស្តចិនជាបក្សកាន់អំណាចរបស់ប្រទេសចិន ហើយក៏ជាគណបក្សធំជាងគេលើពិភពលោកផងដែរ ។ គណបក្សកុម្មុយនិស្តចិនរៀបចំធ្វើសមាជទូទាំងប្រទេសរាល់៥ឆ្នាំម្តង ហើយគណៈកម្មាធិការតំណាងសមាជិកបក្សទូទាំងប្រទេសចិននិងគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនដែលត្រូវបង្កើតឡើងដោយគណៈកម្មាធិការតំណាងសមាជិកបក្សទូទាំងប្រទេសជាស្ថាប័នដឹកនាំកំពូលរបស់បក្សកុម្មុយនិស្តចិន ។