សមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ បានបើកសម័យប្រជុំនៅក្រុងប៉េកាំង
លោក ស៊ីជីនភីង ថ្លែងរបាយការណ៍ជូនអង្គសមាជ
នៅព្រឹកថ្ងៃទី ១៨ ខែតុលា សមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ បានបើកសម័យប្រជុំនៅក្រុងប៉េកាំង ។ លោកស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនតាងនាមគណៈកម្មាធិការមជ្ឈិមអាណត្តិទី ១៨ នៃបក្សកុម្មុយនិស្តចិនបានថ្លែងរបាយការណ៍ចំពោះអង្គប្រជុំ និងធ្វើការចាត់ចែងជាទូទៅអំពីផែនការអភិវឌ្ឍន៍នៃប្រទេសចិននៅពេលអនាគត ។
តំណាងនៃសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ ចំនួន ២២០០ រូបដែលជ្រើសរើសពីសមាជិកបក្សកុម្មុយនិស្តចិនជាង ៨៩ លាននាក់ នឹងធ្វើការត្រួតពិនិត្យលើរបាយការណ៍របស់លោកស៊ី ជីនភីង និងរបាយការណ៍ការងាររបស់គណៈកម្មាធិការត្រួតពិនិត្យវិន័យនៃមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី ១៨ និងធ្វើការពិគ្រោះពិភាក្សាលើច្បាប់កែសម្រួលនៃលក្ខន្តិកៈបក្សកុម្មុយនិស្តចិនព្រមនិងបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការមជ្ឈិមនិងគណៈកម្មាធិការត្រួតពិនិត្យវិន័យនៃមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិថ្មី។
បក្សកុម្មុយនិស្តចិនជាបក្សកាន់អំណាចរបស់ប្រទេសចិន ហើយក៏ជាគណបក្សធំជាងគេលើពិភពលោកផងដែរ ។ គណបក្សកុម្មុយនិស្តចិនរៀបចំធ្វើសមាជទូទាំងប្រទេសរាល់៥ឆ្នាំម្តង ហើយគណៈកម្មាធិការតំណាងសមាជិកបក្សទូទាំងប្រទេសចិននិងគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនដែលត្រូវបង្កើតឡើងដោយគណៈកម្មាធិការតំណាងសមាជិកបក្សទូទាំងប្រទេសជាស្ថាប័នដឹកនាំកំពូលរបស់បក្សកុម្មុយនិស្តចិន ។
【សមិទ្ធផលសេដ្ឋកិច្ចដ៏ធំធេងរបស់បក្សកុម្មុយនិស្តចិន】លោក ស៊ីជីនភីងបានថ្លែងក្នុងសមាជថ្ងៃនេះថា ក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ ប្រឈមនឹងស្ថានការណ៍សេដ្ឋកិច្ចពិភពលោកងើបឡើងវិញដោយទន់ខ្សោយ បក្សកុម្មុយនិស្តចិនបានប្រកាន់ខ្ជាប់ទស្សនៈអភិវឌ្ឍន៍ថី្ម កែប្រែរូបមន្តអភិវឌ្ឍន៍ សេដ្ឋកិច្ចនៃប្រទេសចិនទទួលបានសមិទ្ធផលសំខាន់ក្នុងសភាពការណ៍ដ៏លំបាកពោលគឺ តម្លៃផលិតផលក្នុងស្រុកសរុបបានកើនឡើងដល់៨០ ទ្រីលានយាន់ប្រាក់ចិន អត្រារួមវិភាគទានសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកលើសពី ៣០ភាគរយ និម្មាបនកម្មសេដ្ឋកិច្ចបានត្រូវកែលំអឥតឈប់ឈរ ឧស្សាហកម្មបែបថី្មដូចជាសេដ្ឋកិច្ចឌីជីថលជាដើមទទួលបានការអភិវឌ្ឍយ៉ាងផុលផុស ការធ្វើទំនើបភាវូបនីយកម្មខាងកសិកម្មបានត្រូវជំរុញទៅខាងមុខដោយនឹងនរ កិច្ចកសាងនៃគំនិតផ្តួចផ្តើម"ខ្សែក្រវាត់មួយនិងផ្លូវមួយ "ជាដើមទទួលបានសមិទ្ធផលលេចធ្លោ ប្រទេសចិនបានស្រាវជ្រាវនិងផលិតឧបករណ៍បច្ចេកវិទ្យាជឿនលឿនមួយចំនួនដូចជា បន្ទប់ពិសោធន៍អវកាសTiangong នាវាមុជទឹកជម្រៅអាចផ្ទុកមនុស្សឈ្មោះ"Dragon" កែវយឹតអវកាសមានទំហំធំជាងគេនៅលើពិភពលោកសញ្ញា "FAST" ផ្កាយរណប DAMPE សញ្ញា "Wukong" ផ្កាយរណបQUESS និងយន្តហោះខ្នាតធំជាដើម កិច្ចសាងសង់នៅកោះនិងថ្មប៉ប្រះទឹកនៃសមុទ្រចិនខាងត្បូងបានដំណើរការយ៉ាងរលូន ទំហំពាណិជ្ជកម្មជាមួយបរទេស ការវិនិយោគទុននៅបរទេស និងរូបិយប័ណ្ណបម្រុងរបស់ប្រទេសចិនសុទ្ធតែស្ថិតក្នុងលំដាប់នាំមុខលើពិភពលោក ។
【ប្រទេសចិនមានជនក្រីក្រជាង៦០លាននាក់បានបម្រះខ្លួនចេញពីភាពក្រីក្រក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ】 ថ្លែងក្នុងសមាជបក្សកុម្មុយនិស្តចិនលើកទី១៩ ដែលបានសម្ពោធបើកនៅថ្ងៃទី១៨ខែតុលានេះ លោកស៊ីជីនភីងបានឲ្យដឹងថា បក្សកុម្មុយនិស្តចិនបានអនុវត្តយ៉ាងស៊ីជម្រៅនូវគំនិតអភិវឌ្ឍន៍ដែលចាត់ទុកប្រជាជនជាស្នូល ក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ យុទ្ធនាការជួយជនក្រីក្រឲ្យបម្រះខ្លួនចេញពីភាពក្រីក្រទទួលបានការវិវឌ្ឍជាលក្ខណៈសម្រេច នៅទូទាំងប្រទេសចិន មានប្រជាជនជាង៦០លាននាក់បានបម្រះខ្លួនចេញពីភាពក្រីក្រគិតជាមធ្យមក្នុងមួយឆ្នាំៗបានកាត់បន្ថយជនក្រីក្រលើសពី១០លាននាក់។អត្រាកើតមានភាពក្រីក្រនៃប្រទេសចិនបានថយចុះពី១០ក្បៀស២ភាគរយមកនៅក្រោម៤ភាគរយ។ ប្រទេសចិនផ្តើមធ្វើសកម្មភាពជួយឧបត្ថម្ភជនក្រីក្រដោយទ្រង់ទ្រាយធំនៅឆ្នាំ១៩៨៦។ក្នុងរយៈពេលជាង១០ឆ្នាំនៃដើមសតវត្សន៍នេះ គិតជាមធ្យមក្នុងមួយឆ្នាំៗបានកាត់បន្ថយជនក្រីក្រចំនួនជាង៦លាននាក់ ប៉ុន្តែ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ គិតជាមធ្យម ក្នុងមួយឆ្នាំៗបានកាត់បន្ថយជនក្រីក្រចំនួនជាង១០លាននាក់ នេះគឺជាសមិទ្ធផលដែលពុំធ្លាប់មានពីមុន។
【ការអភិវឌ្ឍផ្នែកការទូតដោយគ្រប់ជ្រុងជ្រោយរបស់ប្រទេសចិនក្នុងរយៈពេល ៥ ឆ្នាំប្រកបដោយភាពស៊ីជម្រៅ】ថ្ងៃទី ១៨ ខែតុលា ថ្លែងក្នុងរបាយការណ៍ក្នុងសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ លោកស៊ីជីនភីងបានឲ្យដឹងថា ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅនេះ ប្រទេសចិនបានជំរុញការអភិវឌ្ឍផ្នែកការទូតដែលមានលក្ខណៈពិសេសចិនដោយគ្រប់ជ្រុងជ្រោយ ហើយបានកកើតទៅជារចនាសម្ព័ន្ធការទូតដែលមានភាពគ្រប់ជ្រុងជ្រោយនិងច្រើនស្រទាប់ ដោយឡែក ប្រទេសចិនបានផ្តួចផ្តើមឲ្យមានការរួមគ្នាអនុវត្តនិងកសាងគំនិតផ្តួចផ្តើម " ខ្សែក្រវាត់មួយនិងផ្លូវមួយ " និងផ្តូចផ្តើមឲ្យបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីជាដើម ក៏ដូចជាបានផ្តួចផ្តើមឲ្យបង្កើតសហគមន៍រួមវាសនាតែមួយនៃមនុស្សជាតិផងដែរ ។ កម្លាំងឥទ្ធិពលលើផ្ទៃអន្តរជាតិរបស់ប្រទេសចិនកំពុងតែកើនឡើងថែមទៀត ដើម្បីបន្តរួមចំណែកធំសំខាន់សម្រាប់ការរក្សាសន្តិភាពនិងវឌ្ឍនភាពនៃពិភពលោក ។
【ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយរបស់បក្សកុម្មុយនិស្តចិនទទួលបានជោគជ័យយ៉ាងច្រើនសន្ធឹក】 នៅក្នុងរបាយការណ៍ដែលថ្លែងក្នុងសមាជកបក្សកុម្មុយនិស្តចិនលើកទី១៩នៅថ្ងៃទី១៨ខែតុលានេះ លោកស៊ី ជីនភីងបានសម្គាល់ឃើញថា ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ បក្សកុម្មុយនិស្តចិនបានកែប្រែយ៉ាងមុតមាំចំពោះសភាពមិនតឹងរ៉ឹងក្នុងការគ្រប់គ្រងបក្ស ពង្រឹងទំនួលខុសត្រូវខាងនយោបាយក្នុងការគ្រប់គ្រងបក្សនៅគ្រប់ស្រទាប់ជាន់ថ្នាក់ ផ្នត់គំនិតនិងជំនឿចិត្តនៃបក្សទាំងមូលកាន់តែមោះមុត និងមានមនសិការជាសមាជិកបក្សកាន់តែមុតមាំ ប្រព័ន្ធច្បាប់និងបទបញ្ជាផ្ទៃក្នុងរបស់បក្សមានភាពកាន់តែល្អពេញលេញ ផ្តោតលើការដោះស្រាយបញ្ហាដ៏លេចធ្លោដែលប្រជាជនប្រតិកម្មខ្លាំងជាងគេ និងបញ្ហាមានការគំរាមកំហែងធំជាងគេចំពោះមូលដ្ឋាននៃការកាន់អំណាចរបស់បក្ស ធ្វើការប្រយុទ្ធប្រឆាំងនឹងអំពើពុកលួយយ៉ាងដាច់ខាតមិនងាករេ ហើយទទួលបានផលជោគជ័យយ៉ាងច្រើនសន្ធឹក ព្រមទាំងបន្តពង្រឹងការប្រយុទ្ធប្រឆាំងនឹងអំពើពុកលួយជាបន្តទៀត។
【ប្រទេសចិនឈានចូលយុគសម័យថ្មី】 ពេលថ្លែងរបាយការណ៍នៅក្នុងសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ ថ្ងៃនេះ លោកស៊ីជីនភីងបានប្រកាសថា ឆ្លងតាមរយៈការខិតខំប្រឹងប្រែងអស់ពេលជាយូរ សង្គមនិយមដែលមានលក្ខណៈពិសេសចិនបានឈានចូលយុគសម័យថ្មី នេះគឺជាទិសដៅជាប្រវត្តិសាស្ត្រថ្មីនៃការអភិវឌ្ឍប្រទេសចិន ។ ប្រការនេះមានន័យថា ប្រជាជាតិចិនទទួលបានសមិទ្ធិក្នុងលក្ខណៈលោតផ្លោះដ៏មហិមាពីការក្រោកឈរឡើង ដល់ភាពមានធូរធាររហូតដល់ភាពខ្លាំងក្លា បានត្រួសត្រាយផ្លូវសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ឲ្យឆ្ពោះទៅកាន់ភាពទំនើបកម្ម ក៏ដូចជាបានផ្តល់ជាជម្រើសថ្មីសម្រាប់ប្រទេសនិងប្រជាជាតិដែលចង់ពន្លឿនការអភិវឌ្ឍផងចង់រក្សាលក្ខណៈឯករាជ្យរបស់ខ្លួនផង ហើយក៏បានរួមវិភាគទាននូវតម្រិះប្រាជ្ញាចិននិងគម្រោងផែនការចិនក្នុងការដោះស្រាយបញ្ហារបស់មនុស្សជាតិទៀតផង ។
លោកស៊ីជីនភីងបានលើកឡើងទៀតថា យុគសម័យថ្មីនៃសង្គមនិយមដែលមានលក្ខណៈពិសេសចិន គឺជាយុគសម័យដែលបន្តប្រយុទ្ធដើម្បីភាពជោគជ័យដ៏មហិមានៃសង្គមនិយមដែលប្រកបដោយលក្ខណៈពិសេសចិនក្នុងល័ក្ខខ័ណ្ឌប្រវត្តិសាស្ត្រថ្មីជាបន្តទៀត ជាយុគសម័យដែលសម្រេចភាពជោគជ័យក្នុងការកសាងសង្គមដែលប្រជាជនប្រកបដោយជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយនិងក្នុងការកសាងប្រទេសសង្គមនិយមដ៏ខ្លាំងក្លានិងទំនើបកម្មដោយគ្រប់ជ្រុងជ្រោយ ជាយុគសម័យដែលសម្រេចឲ្យប្រជាពលរដ្ឋទាំងអស់មានជីវភាពធូរធារជាលំដាប់ ជាយុគសម័យដែលសម្រេចសុបិនចិនក្នុងការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ជាយុគសម័យដែលប្រទេសចិនដើរចូលកាន់តែជិតនឹងចំណុចកណ្តាលនៃឆាកពិភពលោក និងរួមវិភាគទានកាន់តែធំធេងដល់មនុស្សលោកឥតឈប់ឈរ ។
【ទំនាស់សំខាន់ៗក្នុងសង្គមប្រទេសចិនមានការកែប្រែយ៉ាងខ្លាំង】 នៅក្នុងរបាយការណ៍ថ្លែងក្នុងសមាជបក្សកុម្មុយនិស្តចិនលើកទី១៩ លោកXiJinpingបានលើកឡើងថា នៅក្នុងយុគសម័យថ្មី ទំនាស់សំខាន់ៗក្នុងសង្គមប្រទេសចិនបានក្លាយទៅជាទំនាស់រវាងតម្រូវការចំពោះជីវភាពល្អប្រសើររបស់ប្រជាជនដែលកើនឡើងជារៀងរាល់ថ្ងៃនិងការអភិវឌ្ឍដោយអតុល្យភាពនិងមិនពេញលេញ។
លោកXiJinpingបានមានប្រសាសន៍ថា ប្រទេសចិននឹងកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ប្រជាជនមិនគ្រាន់តែលើកឡើងនូវតម្រូវការកាន់តែខ្ពស់ចំពោះជីវភាពសម្ភារវប្បធម៌ប៉ុណ្ណោះទេ ក៏មានតម្រូវការកើនឡើងជារៀងរាល់ថ្ងៃលើវិស័យប្រជាធិបតេយ្យ នីតិប្បញ្ញត្តិ តុលាការ យុត្តធម៌ សុវត្ថិភាពនិងបរិស្ថានជាដើម។បញ្ហាសំខាន់នៅប្រទេសចិនក្នុងពេលបច្ចុប្បន្ននេះគឺអតុល្យភាពនិងភាពមិនពេញលេញនៃការអភីវឌ្ឍ នេះបានក្លាយទៅជាកត្កាជាឧបសគ្គសំខាន់ក្នុងការបំពេញតាមតម្រូវការរបស់ប្រជាជនចំពោះជីវភាពល្អប្រសើរដែលកើនឡើងជារៀងរាល់ថ្ងៃ។សភាការណ៍ជាមូលដ្ឋានរបស់ជាតិដែលប្រទេសចិននឹងស្ថិតក្នុងដំណាក់កាលដំបូងនៃសង្គមនិយមក្នុងរយៈពេលយូរនិងឋានៈអន្តរជាតិដែលប្រទេសចិនជាប្រទេសកំពុងអភិវឌ្ឍន៍ធំបំផុតលើពិភពលោកគឺមិនបានកែប្រែនោះទេ។
【លទ្ធិសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីត្រូវបានបង្ហាញចេញជាសាធារណៈជាលើកដំបូង】ថ្លែងក្នុងរបាយការណ៍ក្នុងសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ ដែលសម្ពោធបើកនៅថ្ងៃនេះ លោកស៊ី ជីនភីងបានឲ្យដឹងថា បន្ទាប់ពីសមាជបក្សកុម្មុយនិស្តចិនលើកទី ១៨ មក ប្រទេសចិនក៏បានកកើតជាលទ្ធិសង្គមនិយមប្រកបដោយលក្ខណៈពិសេសប្រទេសចិនក្នុងយុគសម័យថ្មី ។នេះគឺជាសេចក្តីណែនាំប្រតិបត្តិសម្រាប់ឲ្យបក្សកុម្មុយនិស្តចិននិងប្រជាជនចិនសម្រេចការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ចាំបាច់ត្រូវតែប្រកាន់ខ្ជាប់រយៈពេលយូរនិងធ្វើការអភិវឌ្ឍឥតឈប់ឈរ ។
លទ្ធិមួយនេះបានប្រើយកចក្ខុវិស័យថ្មីដើម្បីស្វែងយល់ឲ្យបានកាន់តែស៊ីជម្រៅអំពីក្រឹត្យក្រមកាន់អំណាចរបស់បក្សកុម្មុយនិស្តចិន ក្រឹត្យក្រមកសាងសង្គមនិយម និងក្រឹត្យក្រមអភិវឌ្ឍសង្គមមនុស្សជាតិ ។ លទ្ធិមួយនេះបានលើកឡើងថា ឈរលើមូលដ្ឋានកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០២០ កសាងប្រទេសចិនឲ្យទៅជាប្រទេសសង្គមនិយមបែបទំនើបភាវូបនីយកម្មដ៏ខ្លាំងដែលមានភាពរុងរឿង ប្រកបដោយប្រជាធិបតេយ្យ អរិយធម៌ ភាពចុះសម្រុង និងស្រស់ស្អាតនៅពាក់កណ្តាលសតវត្សរ៍នេះ ។
លទ្ធិសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីទាមទារឲ្យបក្សកាន់អំណាចចាំបាច់ត្រូវតែប្រកាន់ខ្ជាប់គំនិតអភិវឌ្ឍដែលចាត់ទុកប្រជាជនជាគោល ជំរុញការអភិវឌ្ឍរបស់ប្រជាជនដោយគ្រប់ជ្រុងជ្រោយ និងជំរុញឲ្យប្រជាជនគ្រប់រូបមានជីវភាពធូរធារ ។ លទ្ធិមួយនេះក៏បានលើកឡើងនូវសំណូមពរជាក់ស្តែងអំពីរចនាសម្ព័ន្ធជាទូទៅ រចនាសម្ព័ន្ធជាយុទ្ធសាស្រ្ត និងទិសដៅអភិវឌ្ឍន៍ ព្រមនិងការធានាផ្នែកនយោបាយជាដើមនៃបុព្វហេតុសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិន ។
【ការកសាងប្រទេសសង្គមនិយមដ៏ខ្លាំងក្លារនិងទំនើបកម្មបស់ប្រទេសចិនមានទស្សនទាននិងមានតារាងពេលវេលា】 របាយការណ៍នៃសមាជបក្សកុម្មុយនិស្តចិនលើកទី១៩បានលើកឡើងថា នឹងកសាងប្រទេសចិនឲ្យទៅជាប្រទេសសង្គមនិយមដ៏ខ្លាំងក្លានិងទំនើបកម្មនៅពាក់កណ្តាលសតវត្សរ៍ទី២១ ដោយឈរលើមូលដ្ឋាននៃការសម្រេចកិច្ចកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០២០។
របាយការណ៍បានឲ្យដឹងទៀតថា ដល់ឆ្នាំ២០៣៥ ប្រទេសចិននឹងសម្រេចជាមូលដ្ឋាននូវការធ្វើទំនើបភាវូបនីយកម្មសង្គមនិយម។ សេដ្ឋកិច្ចជាតិនិងកម្លាំងជាក់ស្តែងខាងបច្ចេកវិទ្យានឹងត្រូវបានលើកកម្ពស់ក្នុងកម្រិតធំ អំណាចទន់ខាងវប្បធម៌នឹងត្រូវបង្កើនឡើងយ៉ាងលេចធ្លោ ប្រទេសមាននីតិរដ្ឋ រដ្ឋាភិបាលត្រូវគ្រប់គ្រងតាមច្បាប់និងសង្គមត្រូវគ្រប់គ្រងតាមច្បាប់នឹងត្រូវបង្កើតឡើងជាមូលដ្ឋាន ព្រមទាំងសម្រេចបានជាមូលដ្ឋាននូវការធ្វើទំនើបភាវូបនីយកម្មនៃប្រព័ន្ធគ្រប់គ្រងរដ្ឋនិងសមត្ថភាពគ្រប់គ្រង។ ជីវភាពរស់នៅរបស់ប្រជាជនមានភាពកាន់តែធូរធារ សមាមាត្រនៃប្រជាជនដែលមានចំណូលមធ្យមត្រូវបានលើកកម្ពស់យ៉ាងលេចធ្លោ គម្លាតនៃការអភិវឌ្ឍនិងកម្រិតរស់នៅរបស់ពលរដ្ឋរវាងទីក្រុងនិងជនបទត្រូវបានបង្រួញយ៉ាងលេចធ្លោ សម្រេចបានជាមូលដ្ឋាននូវសមភាពខាងសេវាកម្មសាធារណៈ។ អេកូបរិស្ថានត្រូវបានកែលម្អជាមូលដ្ឋាន និងសម្រេចបានជាមូលដ្ឋាននូវគោលដៅប្រទេសចិនដ៏ស្រស់ប្រិមប្រិយ។
របាយការណ៍បានឲ្យដឹងទៀតថា ដល់ពាក់កណ្តាលសតវត្សរ៍ទី២១ នឹងកសាងប្រទេសចិនឲ្យទៅជាប្រទេសសង្គមនិយមដ៏ខ្លាំងក្លានិងទំនើបកម្មដែលប្រកបដោយភាពសម្បូរសប្បាយ ប្រជាធិបតេយ្យ អរិយធម៌ ភាពចុះសម្រុងគ្នានិងស្រស់ស្អាត សម្រេចបាននូវការធ្វើទំនើបភាវូបនីយកម្មនៃប្រព័ន្ធគ្រប់គ្រងរដ្ឋនិងសមត្ថភាពគ្រប់គ្រង ក្លាយទៅជាប្រទេសដែលមានឋានៈនាំមុខផ្នែកកម្លាំងជាតិចម្រុះនិងកម្លាំងឥទ្ធិពលអន្តរជាតិ សម្រេចបានជាមូលដ្ឋាឲ្យប្រជាពលរដ្ឋគ្រប់រូបមានភាពសម្បូរសប្បាយ ប្រជាពលរដ្ឋនឹងមានការរស់នៅកាន់តែមានសុភមង្គលនិងសុខស្រួល ប្រជាជាតិចិននឹងឈរជង្រ្គឹងលើឆាកអន្តរជាតិក្នុងភាពកាន់តែស្វាហាប់ថែមទៀត។
【ប្រទេសចិននឹងអនុវត្តយុទ្ធសាស្រ្តស្តារនិងកសាងជនបទឲ្យរុងរឿង】 លោកស៊ី ជីនភីងបានលើកឡើងនូវការអនុវត្តយុទ្ធសាស្រ្តស្តារនិងកសាងជនបទឲ្យរុងរឿងជាលើកដំបូងក្នុងរបាយការណ៍នៃសមាជបក្សកុម្មុយនិស្តចិនលើកទី១៩ យុទ្ធសាស្រ្តនេះបូករួមទាំងការកសាងយន្តការនិងប្រព័ន្ធគោលនយោបាយស្តីពីការអភិវឌ្ឍដោយរួមបញ្ចូលគ្នានិងមានភាពពេញលេញរវាងទីក្រុងនិងជនបទ បង្កើនការជំរុញការធ្វើទំនើបកម្មផ្នែកកសិកម្មនិងជនបទ ពង្រឹងនិងធ្វើឲ្យពេញលេញនូវប្រព័ន្ធធ្វើអាជីវកម្មជាមូលដ្ឋាននៅជនបទ ព្រមទាំងបន្ថែមរយៈពេល៣០ឆ្នាំទៀតសម្រាប់ដីស្រែម៉ៅការដែលដល់ពេលកំណត់ ជំរុញការកែទម្រង់នៃរបបកម្មសិទ្ធិជាសមូហភាពនៅជនបទឲ្យមានភាពកាន់តែស៊ីជម្រៅ ការពារសិទ្ធិនិងផលប្រយោជន៍ទ្រព្យសម្បត្តិរបស់កសិករ ពង្រឹងនិងពង្រីកសេដ្ឋកិច្ចជាសមូហភាព បង្កើតប្រព័ន្ធកសិផលិតកម្ម ប្រព័ន្ធផលិតកម្ម ប្រព័ន្ធអាជីវកម្មទំនើប និងធ្វើឲ្យប្រព័ន្ធការពារនិងគាំទ្រកសិកម្មមានភាពពេញលេញ គាំទ្រនិងលើកទឹកចិត្តឲ្យកសិករស្វែងរកការងារនិងបង្កើតអាជីព ពង្រីកផ្លូវបន្ថែមប្រាក់ចំណូល និងកសាងប្រព័ន្ធគ្រប់គ្រងជនបទឲ្យកាន់តែពេញលេញ។
【ប្រទេសចិននឹងអនុវត្តគ្រប់ជ្រុងជ្រោយនូវប្រព័ន្ធបញ្ជីអវិជ្ជមាននៃការចូលទីផ្សារ】របាយការណ៍នៃសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ បានលើកឡើងថា ប្រទេសចិននឹងអនុវត្តគ្រប់ជ្រុងជ្រោយនូវប្រព័ន្ធបញ្ជីអវិជ្ជមាននៃការចូលទីផ្សារ ជម្រះចោលនូវបទបញ្ញត្តិនិងទង្វើដែលបង្កការរាំងស្ទះដល់ការបង្រួបបង្រួមទីផ្សារនិងការប្រកួតប្រជែងដោយយុត្តិធម៌ គាំទ្រការអភិវឌ្ឍសហគ្រាសឯកជន បំផុសកម្លាំងស្តូលនៃទីផ្សារគ្រេប់ប្រភេទ វាយបំបែកការផ្តាច់មុខផ្នែករដ្ឋបាលនិងបង្ការនិងទប់ស្កាត់ទីផ្សារផ្តាច់មុខ បន្ធូរបន្ថយការដាក់កំហិតនៃការចូលទីផ្សារផ្នែកសេវាកម្ម ។
【ប្រទេសចិននឹងកាន់តែបើកទូលាយទីផ្សារថែមទៀត】ក្នុងរបាយការណ៍នៃសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ បានលើកឡើងថា ប្រទេសចិននឹងចាត់ទុកការកសាងគំនិតផ្តួចផ្តើម " ខ្សែក្រវាត់មួយនិងផ្លូវមួយ " ជាចំណុចសំខាន់ អនុវត្តតាមគោលការណ៍អំពីការពិភាក្សាជាមួយគ្នា ការកសាងរួមគ្នានិងចែករំលែកជាមួយគ្នា ដើម្បីបង្កើនសមត្ថភាពផ្នែកច្នៃប្រឌិតថ្មីនិងកិច្ចសហប្រតិបត្តិការប្រកបដោយភាពបើកទូលាយ ដើម្បីកកើតទៅជានិម្មាបនកម្មបើកទូលាយដែលតភ្ជាប់គ្នាទាំងដីគោកនិងសមុទ្រទាំងក្នុងនិងក្រៅប្រទេស និងពីទិសខាងកើតទៅខាងលិចដែលប្រកបដោយភាពបំពេញបន្ថែមគ្នា ។ ម្យ៉ាងវិញទៀត ត្រូវជំរុញវិស័យពាណិជ្ជកម្មដើម្បីកសាងប្រទេសចិនឲ្យបានខ្លាំងក្លា ដោយអនុវត្តតាមគោលនយោបាយស្តីពីកិច្ចសម្រួលពាណិជ្ជកម្មនិងការវិនិយោគកម្រិតខ្ពស់ អនុវត្តទាំងស្រុងនូវការផ្តល់ភាពងាយស្រួលដល់ វិនិយោគនៃបរទេសឲ្យដូចជាវិនិយោគនៃចិនមុនពេលចូលទីផ្សារចិននិងប្រព័ន្ធគ្រប់គ្រងបញ្ជីអវិជ្ជមាន ដើម្បីបើកទូលាយក្នុងកម្រិតខ្ពស់នូវច្រកចូលទីផ្សារចិន និងធ្វើឲ្យឲ្យរបរសេវាកម្មចិនកាន់តែបើកទូលាយចំពោះបរទេសថែមទៀត ក៏ដូចជាការពារសិទ្ធិនិងផលប្រយោជន៍របស់ វិនិយោគនៃបរទេស ។ ដោយឡែក ប្រទេសចិននិងអនុវត្តគោលនយោបាយសមភាពចំពោះសហគ្រាសដែលបានចុះបញ្ជីពាណិជ្ជកម្មក្នុងប្រទេសចិន ។ ក្រៅពីនេះ ត្រូវផ្តល់សិទ្ធិ កំណែទម្រង់ដោយម្ចាស់ការថែមទៀតដល់តំបន់ពិសោធន៍ផ្នែកពាណិជ្ជកម្មសេរី និងធ្វើការសិក្សាស្វែងយល់ដើម្បីកសាងកំពង់ផែពាណិជ្ជកម្មសេរី ។ ម្យ៉ាងទៀត ត្រូវធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកផលិតភាពអន្តរជាតិ ដើម្បីកកើតទៅជាបណ្តាញពាណិជ្ជកម្ម វិនិយោគនិងហិរញ្ញប្បទានរួមផ្សំ ផលិតកម្មនិងសវាកម្មជាសកល ។
【បក្សកុម្មុយនិស្តចិននឹងបង្កើនការអនុវត្តនិងត្រួតពិនិត្យលើរដ្ឋធម្មនុញ្ញ】របាយការណ៍នៃសមាជបក្សកុម្មុយនិស្តចិនលើកទី១៩បានលើកឡើងថា បក្សកុម្មុយនិស្តចិននឹងបង្កើតក្រុមការងារមជ្ឈិមដើម្បីដឹកនាំការងារធ្វើនីតិរដ្ឋដោយគ្រប់ជ្រុងជ្រោយ បង្កើនការដឹកនាំរួមចំពោះការកសាងប្រទេសចិនដែលមាននីតិរដ្ឋ ។ បង្កើនការអនុវត្តនិងត្រួតពិនិត្យលើរដ្ឋធម្មនុញ្ញ ជំរុញការងារត្រួតពិនិត្យភាពសមស្របនឹងរដ្ឋធម្មនុញ្ញ គាំពារអនុភាពនិងកិត្យានុភាពនៃរដ្ឋធម្មនុញ្ញ ។ របាយការណ៍បានទាមទារឲ្យអង្គការបក្សគ្រប់ជាន់ថ្នាក់និងសមាជិកបក្សកុម្មុយនិស្តចិនទាំងអស់នាំមុខក្នុងការគោរពច្បាប់ រៀនសូត្រពីច្បាប់ អនុវត្តតាមច្បាប់និងប្រើប្រាស់ច្បាប់ មិនថាអង្គការឬបុគ្គលណាក៏មិនអាចមានសិទ្ធិអំណាចពិសេសទៅប្រព្រឹត្តល្មើសច្បាប់និងរដ្ឋធម្មនុញ្ញនោះឡើយ ។
【កុមារចិនសុទ្ធតែត្រូវទទួលបានការអប់រំប្រកបដោយភាពយុត្តិធម៌និងមានគុណភាព】 ក្នុងរបាយការណ៍នៃសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ លោក ស៊ី ជីនភីង បានគូសបញ្ជាក់ថា ការអនុវត្តគោលនយោបាយពង្រឹងកម្លាំងជាតិតាមរយៈការអប់រំ គឺជាវិស្វកម្មមូលដ្ឋាននៃដំណើរស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ចាំបាច់ត្រូវចាត់ទុកបុព្វហេតុអប់រំក្នុងឋានៈអាទិភាព។ ត្រូវជំរុញការអភិវឌ្ឍស្តីពីការសមាហរណកម្មផ្នែកអប់រំជាកាតព្វកិច្ចនៅតាមទីក្រុងនិងជនបទ យកចិត្តទុកដាក់ខ្ពស់ដល់ការអប់រំជាកាតព្វកិច្ចនៅតាមជនបទ ធ្វើឲ្យបានល្អនូវការងារអប់រំកុមារមុនពេលគ្រប់អាយុចូលរៀន ការអប់រំជាពិសេស និងការអប់រំតាមបណ្តាញអ៊ីនធើណេត ផ្សាយទូលាយការអប់រំថ្នាក់វិទ្យាល័យ, បង្កើនការកសាងសកលវិទ្យាល័យល្បីឈ្មោះនិងមុខជំនាញល្បីឈ្មោះ, ត្រូវជំរុញប្រព័ន្ធជួយឧបត្ថម្ហដល់សិស្សានុសិស្សឲ្យមានភាពកាន់តែពេញលេញ ដើម្បីជួយដល់កម្លាំងពលកម្មភាគច្រើនដាច់ខាត ដែលកើនឡើងថ្មីនៅតាមទីក្រុងនិងជនបទអាចទទួលបានការអប់រំថ្នាក់វិទ្យាល័យនិងឧត្តមសិក្សា។
【ចំនួនជនក្រីក្រនៅជនបទប្រទេសចិននឹងអាចបម្រះខ្លួនចេញពីភាពក្រីក្រទាំងអស់នៅឆ្នាំ២០២០】 នៅក្នុងរបាយការណ៍នៃសមាជបក្សកុម្មុយនិស្តចិនលើកទី១៩ លោកXiJinpingបានគូសបញ្ជាក់ថា ត្រូវធានាឲ្យចំនួនជនក្រីក្រនៅជនបទដែលស្ថិតនៅក្រោមខ្សែបន្ទាត់ក្រីក្រនៃប្រទេសចិនអាចបម្រះខ្លួនចេញពីភាពក្រីក្រនៅឆ្នាំ២០២០ លុបបំបាត់ស្រុកក្រីក្រទាំងអស់ ដោះស្រាយភាពក្រីក្រតាមតំបន់ទាំងស្រុងដើម្បីអាចចាកចេញពីភាពក្រីក្រដោយពិតប្រាកដ។
ដើម្បីដោះស្រាយបញ្ហានេះ បក្សកុម្មុយនិស្តចិននឹងបំផុសកម្លាំងសង្គម ប្រទេសនិងគណបក្សទាំងមូល ប្រកាន់ខ្ជាប់យន្តការការងារដែលជួយជនក្រីក្រនិងបម្រះខ្លួនចេញពីភាពក្រីក្រដោយប្រាកដប្រជា ប្រកាន់ខ្ជាប់យន្តការការងារដែលមជ្ឈិមធ្វើការចាត់ចែងជាទូទៅ ខេត្តទទួលខុសត្រូវរួម ទីក្រុងនិងស្រុកជាអ្នកអនុវត្ត ពង្រឹងយន្តការទទួលខុសត្រូវដែលថ្នាក់ដឹកនាំនៃគណបក្សនិងរដ្ឋបាលទទួលខុសត្រូវជាទូទៅ ផ្តោតលើការគួបផ្សំគ្នារវាងការជួយជនក្រីក្រនិងការជួយផ្នែកគំនិតនិងស្មារតី។
【ប្រទេសចិនលើកឡើងជាលើកដំបូងអំពីការផ្តល់សេវាសុខាភិបាលដល់ប្រជាជនដោយគ្រប់ជ្រុងជ្រោយនិងគ្រប់ពេលវាលា】 របាយការណ៍សមាជបក្សកុម្មុយនិស្តចិនលើកទី១៩បានលើកឡើងថា ត្រូវកសាងដោយគ្រប់ជ្រុងជ្រោយនូវប្រព័ន្ធសុខាភិបាលជាមូលដ្ឋានដែលមានលក្ខណៈពិសេសចិន ប្រព័ន្ធធានាដល់ការព្យាបាលជំងឺនិងប្រព័ន្ធសេវាសុខាភិបាលដ៏មានប្រសិទ្ធិភាពនិងមានគុណភាពល្អ ពង្រឹងប្រព័ន្ធសេវាសុខាភិបាលតាមមូលដ្ឋាននិងការបង្កើតក្រុមវេជ្ជបណ្ឌិតគ្រប់ជំនាញ បំបាត់ចោលទាំងស្រុងនូវរឿងគ្រូពេទ្យលក់ថ្នាំយកថ្លៃចំណេញ ជំរុញឲ្យប្រព័ន្ធធានាការផ្គត់ផ្គង់ឱសថមានភាពពេញលេញ បង្ការនិងគ្រប់គ្រងជំងឺធ្ងន់ធ្ងរ អនុវត្តយុទ្ធសាស្រ្តសុវត្ថភាពចំណីអាហារ ជំរុញការតភ្ជាប់រវាងគោលនយោបាយសម្រាលកូនជាមួយនិងគោលនយោបាយសេដ្ឋកិច្ចសង្គមមានពាក់ព័ន្ធ សកម្មទប់ទល់នឹងការវិវឌ្ឍនៃបណ្តាជនមានវ័យជរាកាន់តែច្រើនទៅៗ កសាងប្រព័ន្ធនិងបរិយាកាសសង្គមដែលចញ្ចឹមថែទាំមនុស្សចាស់។ពន្លឿនការអភិវឌ្ឍបុព្វហេតុនិងផលិតកម្មផ្នែកមនុស្សចាស់។
【ប្រទេសចិននឹងពន្លឿនកំណែទម្រង់ប្រព័ន្ធអេកូ-អរិយធម៌ ដើម្បីកសាងប្រទេសចិនដ៏ស្រស់ប្រិមប្រិយ】ថ្លែងក្នុងរបាយការណ៍ក្នុងសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ លោកស៊ី ជីនភីងបានលើកឡើងថា ប្រទេសចិននឹងពន្លឿនកិច្ចកសាងប្រព័ន្ធច្បាប់និងទិសដៅណែនាំនៃគោលនយោបាយសម្រាប់ពន្លឿនការបង្កបង្កើតផលនិងការចំណាយបៃតង បង្កើតប្រព័ន្ធសេដ្ឋកិច្ចសម្រាប់ធ្វើឲ្យមានភាពល្អពេញលេញនូវការអភិវឌ្ឍបែបវដ្តបៃតងនិងមានកាបូនទាប អភិវឌ្ឍហិរញ្ញវត្ថុបៃតង បង្កើនការគ្រប់គ្រងការបំពុលចំពោះខ្យល់អាកាស ទឹក និងដីជាដើម លើកកម្ពស់ស្តង់ដារកាត់បន្ថយការបញ្ចេញធាតុបំពុល សកម្មចូលរួមការគ្រប់គ្រងបរិស្ថានទូទាំងពិភពលោក ផ្តោតសំខាន់ទៅលើការដោះស្រាយបញ្ហាបរិស្ថានដ៏លេចធ្លោ អនុវត្តការការពារប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់ៗនិងការស្តារគម្រោងសំខាន់ៗ បង្កើតយន្តការស្តារអេកូឡូស៊ីដែលមានទីផ្សារភាវូបនីយកម្មនិងពិពិធកម្ម បង្កើតស្ថាប័នគ្រប់គ្រងធនធានធម្មជាតិនិងទ្រព្យសម្បតិ្តជាកម្មសិទ្ធិរដ្ឋនិងគ្រប់គ្រងអេកូឡូស៊ីធម្មជាតិ បង្កើតប្រព័ន្ធអភិវឌ្ឍន៍និងការពារដីកម្មសិទ្ធិរដ្ឋ បង្កើតប្រព័ន្ធអភិរក្សដីធម្មជាតិដែលចាត់ទុកឧទ្យានជាតិជាតួអង្គសំខាន់ ។
របាយការណ៍បានប៉ាន់ប្រមាណថា អេកូ-បរិស្ថានប្រទេសចិននឹងមានភាពល្អប្រសើរបង្គួរនៅឆ្នាំ ២០៣៥ និងសម្រេចជាមូលដ្ឋាននូវគោលដៅកសាងប្រទេសចិនស្រស់ប្រិមប្រិយ ។
【បក្សកម្មុយនិស្តចិនលើកឡើងថា នឹងកសាងកងទ័ពមានសមត្ថភាពខ្ពស់នៅលើពិភពលោកនៅពាក់កណ្តាលសតវត្សទី២១】របាយការណ៍នៃសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ បានលើកឡើងថា កិច្ចការពារជាតិនិងកងទ័ពនៃប្រទេសចិនត្រូវសម្របទៅតាមនិន្នាការអភិវឌ្ឍន៍នៃបដិវត្តន៍យោធាថ្មីនៅលើពិភពលោកនិងតម្រូវការសន្តិសុខជាតិចិន ដើម្បីធានាឲ្យសម្រេចបានជាមូលដ្ឋាននូវកិច្ចកសាងយន្តបនីយកម្មនិងព័ត៌មានភាវូបនីយកម្មបានការវិវឌ្ឍរីកចម្រើនដ៏សំខាន់ៗនៅឆ្នាំ ២០២០ ដើម្បីធ្វើឲ្យសមត្ថភាពយុទ្ធសាស្រ្តត្រូវលើកកម្ពស់កម្រិតខ្ពស់ ;ជំរុញគ្រប់ជ្រុងជ្រោយនូវការការធ្វើទំនើបកម្មលើវិស័យទ្រឹស្តីយោធា ទម្រង់អង្គភាពកងទ័ព បុគ្គលិកយោធានិងសញ្វវុធ ដើម្បីខិតខំប្រឹងប្រែងក្នុងការសម្រេចបានជាមូលដ្ឋាននូវការធ្វើទំនើបកម្មផ្នែកការពារជាតិនិងកងទ័ពនៅឆ្នាំ ២០៣៥ ដើម្បីកសាងកងទ័ពមានសមត្ថភាពខ្ពស់នៅលើពិភពលលោកនៅពាក់កណ្តាលសតវត្សទី ២១ ។
【បក្សកម្មុយនិស្តចិនគូសបញ្ជាក់ពីការគាំទ្រសាលារដ្ឋបាលនិងប្រធានរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនិងម៉ាកាវក្នុងការបំពេញតួនាទីតាមរដ្ឋធម្មនុញ្ញ】 របាយការណ៍នៃសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ បានគូសបញ្ជាក់ថា ប្រទេសមួយមានប្រព័ន្ធគ្រប់គ្រងពីរគឺជាប្រព័ន្ធគ្រប់គ្រងដ៏ល្អបំផុតសម្រាប់ហុងកុងនិងម៉ាកាវយកទៅអនុវត្តក្នុងការរក្សាភាពរុងរឿងនិងស្ថិរភាពរយៈពេលយូរ រដ្ឋាភិបាលមជ្ឈិមគាំទ្រសាលារដ្ឋបាលនិងប្រធានរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសក្នុងការអនុវត្តនយោបាយតាមច្បាប់ សកម្មក្នុងការបំពេញការងារ ធានាដល់ការកែលំអជីវភាពប្រជាពលរដ្ឋ ជំរុញប្រជាធិបតេយ្យដោយមានរបៀបរៀបរយ គាំពារស្ថិរភាពសង្គម បំពេញតួនាទីតាមរដ្ឋធម្មនុញ្ញសំដៅការពារអធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍ក្នុងការអភិវឌ្ឍរបស់ជាតិ តាក់តែងគោលនយោបាយនិងប្រើវិធានការដែលផ្តល់ភាពងាយស្រួលនិងមានភាពពេញលេញដល់ការមកធ្វើអាជីវកម្មនៅចិនដីគោករបស់ប្រជាពលរដ្ឋហុងកុងនិងម៉ាកាវ ។
របាយការណ៍លើកឡើងទៀតថា ត្រូវតែប្រកាន់ខ្ជាប់គោលនយោបាយពលរដ្ឋហុងកុងគ្រប់គ្រងហុងកុងនិងពលរដ្ឋម៉ាកាវគ្រប់គ្រងម៉ាកាវដែលចាត់ទុកជនស្នេហាជាតិជាតួអង្គសំខាន់ ពង្រីកវិបុលភាពនៃកម្លាំងស្នេហាជាតិ ស្នេហាហុងកុងនិងស្នេហាម៉ាកាវ បង្កើនមនសិការនិងស្មារតីស្នេហាជាតិនៃបងប្អូនជនរួមជាតិហុងកុងនិងម៉ាកាវ ។
【មិនថាគណបក្សណាមួយរបស់ចិនតៃវ៉ាន់ក៏ដោយ ទាល់តែទទួលស្គាល់គំនិតឯកភាពរួមឆ្នាំ១៩៩២សិន ទើបអាចធ្វើការសន្ទនាជាមួយចិនដីគោកបាន】របាយការណ៍នៃសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ បានលើកឡើងថា គោលការណ៍ ប្រទេសចិនតែមួយជាមូលដ្ឋាននយោបាយសម្រាប់ទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ព្រោះវាមានន័យថា គំនិតឯកភាពរួមឆ្នាំ១៩៩២ដែលបង្ហាញពីគោលការណ៍ប្រទេសចិនតែមួយ ជាគន្លឹះសម្រាប់ធានាដល់ការអភិវឌ្ឍដោយសន្តិភាពនៃទំនាក់ទំនងរវាងត្រើយទាំងសងខាង ។ មានតែការទទួលស្គាល់នូវការពិតនៃប្រវត្តិសាស្ត្រអំពីគំនិតឯកភាពរួមឆ្នាំ ១៩៩២ ទើបអាចធ្វើការសន្ទនារវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់បាន ហើយមិនថាបក្សនយោបាយឬក៏អង្គភាពណាមួយរបស់ចិនតៃវ៉ាន់ក៏ដោយ មិនត្រូវបានរារាំងក្នុងការធ្វើការប្រាស្រ័យទាក់ទងជាមួយចិនដីគោកឡើយ ។ របាយការណ៍នេះបានបញ្ជាក់ទៀតថា ចិនដីគោកមានឆន្ទៈយ៉ាងមោះមុត ជំនឿយ៉ាងមុតមាំនិងសមត្ថភាពគ្រប់គ្រាន់ក្នុងការយកឈ្នះលើឧបាយកលគ្រប់រូបភាពនៃពួកអបគមន៍និយមដែលប៉ុនប៉ង់ឲ្យតំបន់តៃវ៉ាន់ឯករាជ្យ ។
【សមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ រំលឹកឡើងវិញថា ប្រទេសចិនមិនធ្វើអនុត្តរភាព នងមិនវាតទីជាដាច់ខាត】 របាយការណ៍នៃសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ បានលើកឡើងថា ប្រទេសចិនដែលកំពុងឈានចូលយុគសម័យថ្មីបានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយការទូតសន្តិភាពដ៏ឯករាជ្យនិងម្ចាស់ការ គោរពសិទ្ធិជ្រើសរើសមាគ៌ាអភិវឌ្ឍដោយម្ចាស់ការរបស់ប្រជាជនគ្រប់ប្រទេស រក្សាគាំពារភាពយុត្តិធម៌អន្តរជាតិ ប្រឆាំងនឹងការបង្វិតបង្ខំអ្នកដទៃឲ្យធ្វើតាមគំនិតខ្លួន ប្រឆាំងនឹងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃ និងប្រការដែលប្រទេសខ្លាំងធ្វើបាបប្រទេសទន់ខ្សោយ។
របាយការណ៍បានបញ្ជាក់ទៀតថា ប្រទេសចិនដាច់ខាតមិនយកការបង់ប្រយោជន៍របស់ប្រទេសដទៃដើម្បីអភិវឌ្ឍប្រទេសខ្លួននោះឡើយ ហើយក៏មិនលះបង់ផលប្រយោជន៍ស្របច្បាប់របស់ខ្លួនដែរ មិនថាបុគ្គលណាក៏ដោយ ដាច់ខាតកុំនឹកស្រមៃថាចង់ឲ្យប្រទេសចិនលេបភាពជូរចត់ដែលបង្ខូចដល់ប្រយោជន៍ផ្ទាល់ខ្លួននោះ។ ប្រទេសចិនប្រកាន់ខ្ជាប់គោលនយោបាយការពារជាតិដែលមានលក្ខណៈការពារខ្លួន។ ការអភិវឌ្ឍរបស់ប្រទេសចិនមិនបង្កជាការគំរាមកំហែងដល់ប្រទេសដទៃនោះទេ។ មិនថាប្រទេសចចិនអភិវឌ្ឍដល់កម្រិតណាក្តី ក៏ដាច់ខាតមិនធ្វើអនុត្តរភាព និងមិនវាតទីឡើយ។
【 ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយរបស់បក្សកុម្មុយនិស្តចិននឹងផ្តោតសំខាន់លើការទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ ការដាក់សម្ពាធខ្លាំងនិងការកំញើញក្នុងរយៈពេលយូរ】 ថ្លែងក្នុងរបាយការណ៍នៃសមាជបក្សកុម្មុយនិស្តចិនលើកទី១៩ លោកស៊ី ជីនភីងបានលើកឡើងថា ប្រជាជនស្អប់ខ្ពើមបំផុតចំពោះបាតុភាពពុករលួយ អំពើពុករលួយជាការគំរាមកំហែងធំបំផុតដែលបក្សកុម្មុយនិស្តចិនបានប្រឈម។ បក្សកុម្មុយនិស្តចិនត្រូវប្រកាន់ខ្ជាប់ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយតាមការគ្រប់ដណ្តប់ដោយគ្រប់ជ្រុងជ្រោយនិងគ្មានការអត់ឱន ប្រកាន់ខ្ជាប់នូវការស៊ើបអង្កេតករណីស៊ីសំណូកនិងសូកប៉ាន់ បង្ការយ៉ាងដាច់ខាតកុំឲ្យមានករណីកកើតជាក្រុមផលប្រយោជន៍ក្នុងបក្ស។ បង្កើតប្រព័ន្ធត្រួតពិនិត្យនៅតាមគណៈកម្មការបក្សប្រចាំទីក្រុងនិងស្រុក បង្កើនកម្លាំងគ្រប់គ្រងអំពើពុករលួយនៅក្នុងជីវភាពប្រជាជន។ មិនថាបុគ្គលពុករលួយរត់ទៅដល់កន្លែងណា ក៏ត្រូវតាមចាប់មកផ្តន្ទាទោសតាមច្បាប់។ ជំរុញនីតិប្បញ្ញត្តិជាតិអំពីការប្រឆាំងនឹងអំពើពុករលួយ និងបង្កើតវេទិកាដាក់ពាក្យបណ្តឹងនៅតាមប្រព័ន្ធត្រួតពិនិត្យវិន័យនិងឃ្លាំមើល។
【 បន្ទាប់ពីសមាជបក្សកុម្មុយនិស្តចិនលើកទី១៩ប្រទេសចិននឹងបង្កើតប្រព័ន្ធត្រួតពិនិត្យជាតិដើម្បីពិនិត្យអង្កេតមន្ត្រីសាធារណៈដោយគ្រប់ជ្រុងជ្រោយ】 របាយការណ៍នៃសមាជបក្សកុម្មុយនិស្តចិនលើកទី១៩បានលើកឡើងថា ប្រទេសចិននឹងជំរុញឲ្យប្រព័ន្ធត្រួតពិនិត្យបក្សនិងរដ្ឋកាន់តែពេញលេញ តាក់តែងច្បាប់ត្រួតពិនិត្យជាតិ បង្កើតគណៈកម្មាធិការត្រួតពិនិត្យបួនថ្នាក់ គឺថ្នាក់ជាតិ ខេត្ត ទីក្រុងនិងស្រុក ដែលបំពេញការងារជាមួយអង្គភាពត្រួតពិនិត្យវិន័យក្នុងក្របខ័ណ្ឌដូចគ្នាក្នុងកន្លែងតែមួយ ដើម្បីសម្រេចការគ្របដណ្តប់ខាងការពិនិត្យអង្កេតចំពោះមន្ត្រីសាធារណៈគ្រប់រូបដែលប្រើប្រាស់អំណាចសាធារណៈ ផ្តល់សិទ្ធិអនុវត្តភារកិច្ចនិងនីតិវិធីត្រួតពិនិត្យស្របច្បាប់ទៅឲ្យគណៈកម្មាធិការត្រួតពិនិត្យ ។ បង្កើនការត្រួតពិនិត្យអង្គការ កែសម្រួលការត្រួតពិនិត្យបែបប្រជាធិបតេយ្យ ដើរតួនាទីត្រួតពិនិត្យទៅវិញទៅមកក្នុងក្របខ័ណ្ឌដូចគ្នា បង្កើនការគ្រប់គ្រងនិងត្រួតពិនិត្យនៅពេលធម្មតា ព្រមទាំងជំរុញការចុះត្រួតពិនិត្យនយោបាយឲ្យមានភាពកាន់តែស៊ីជម្រៅ ។
【ប្រទេសចិននឹងបង្កើតស្ថាប័នដឹកនាំ ត្រួតពិនិត្យនិងគ្រប់គ្រងជាច្រើនទៀតបន្ទាប់ពីការបើកធ្វើសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩】ក្នុងរបាយការណ៍នៃសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ បានបង្ហាញឲ្យដឹងថា ប្រទេសចិននឹងបង្កើតស្ថាប័នដឹកនាំ ត្រួតពិនិត្យនិងគ្រប់គ្រងជាច្រើនទៀតក្នុងវិស័យគ្រប់គ្រងតាមច្បាប់ អេកូឡូស៊ី អធិការកិច្ចនិងយោធាជាដើម ។ ក្នុងនេះបូករួមទាំង ទីមួយ នឹងបង្កើតក្រុមដឹកនាំនៃមជ្ឈិមសម្រាប់ការធ្វើឲ្យមាននីតិរដ្ឋដោយគ្រប់ជ្រុងជ្រោយ ដើម្បីបង្កើនការដឹកនាំជាឯកភាពនូវកិច្ចកសាងប្រទេសចិនមាននីតិរដ្ឋ ។ ទីពីរ នឹងបង្កើតស្ថាប័នត្រួតពិនិត្យនិងគ្រង់គ្រងទ្រព្យសម្បតិ្តធនធានធម្មជាតិជាកម្មសិទ្ធិរដ្ឋនិងអេកូឡូស៊ីធម្មជាតិ ដើម្បីបំពេញភារកិច្ចជាឯកភាពនូវការគាំពារធនធានធម្មជាតិដែលជាទ្រពសម្បត្តិរបស់ប្រជាជនចិនទាំគ្រប់រូប បំពេញភារកិច្ចជាឯកភាពនូវការគ្រប់គ្រងការប្រើប្រាស់ដីកម្មសិទ្ធិរដ្ឋទាំងអស់ ការពារអភិរក្សនិងកែលម្អប្រព័ន្ធអេកូឡូស៊ី ព្រមទាំងបំពេញភារកិច្ចជាឯកភាពនូវការត្រួតពិនិត្យនិងគ្រប់គ្រងការបញ្ចេញជាតិពុលគ្រប់ប្រភេទនិងការអនុវត្តច្បាប់នៅតាមទីក្រុងនិងជនបទ ។ ទីបី នឹងបង្កើតគណៈកម្មាធិការអធិការកិច្ច ៤ ថ្នាក់ គឺថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ក្រុងនិងថ្នាក់ស្រុក ដើម្បីសម្រេចបាននូវការត្រួតពិនិត្យចំពោះអ្នករដ្ឋការទាំងអស់ ។ ទីបួន នឹងបង្កើតប្រព័ន្ធត្រួតពិនិត្យក្នុងគណៈកម្មការបក្សកុម្មុយនិស្តចិនប្រចាំនៅទីក្រុងនិងស្រុក ដើម្បីបង្កើនកម្លាំងគ្រប់គ្រងនិងដោះស្រាយបញ្ហាពុករលួយនៅតាមមូលដ្ឋាន ។ ទីប្រាំ នឹងបង្កើតស្ថាប័នគ្រប់គ្រងនិងធានារ៉ាប់រងចំពោះអតីតយុទ្ធជន ដើម្បីគាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ទាហាននិងគ្រួសាររបស់ទាហាន ។
【ការកាន់អំណាចរបស់បក្សកុម្មុយនិស្តចិនមិនត្រឹមតែត្រូវស្នេហាជាតិនិងស្មោះត្រង់នឹងបក្សប៉ុណ្ណោះទេ ថែមទាំងត្រូវមានសមត្ថភាពខ្ពស់ទៀត】 លោកស៊ី ជីនភីងបានលើកឡើងក្នុងរបាយការណ៍នៃសមាជបក្សកុម្មុយនិស្តចិនលើកទី១៩ថា ការដឹកនាំប្រទេសសង្គមនិយមដ៏ធំដែលមានប្រជាជន១៣០០លាននាក់ បក្សកុម្មុយនិស្តចិនត្រូវបង្កើនពង្រឹងសមត្ថភាពកាន់អំណាចដោយគ្រប់ជ្រុងជ្រោយ ក្នុងនោះបូករួមទាំងសមត្ថភាពរៀនសូត្រ សមត្ថភាពដឹកនាំផ្នែកនយោបាយ សមត្ថភាពកែទម្រង់និងច្នៃប្រឌិតថ្មី សមត្ថភាពអភិវឌ្ឍតាមបែបវិទ្យាសាស្រ្ត សមត្ថភាពកាន់អំណាចតាមច្បាប់ សមត្ថភាពធ្វើការងារបម្រើប្រជាជន សមត្ថភាពបំពេញការងារនិងទប់ស្កាត់ហានិភ័យ។លោកបានគូសបញ្ជាក់ទៀតថា បក្សកាន់អំណាចត្រូវមានផ្នត់គំនិតយុទ្ធសាស្រ្ត ផ្នត់គំនិតច្នៃប្រឌិត ផ្នត់គំនិតវិនិច្ឆ័យ ផ្នត់គំនិតគ្រប់គ្រងតាមច្បាប់និងផ្នត់គំនិតបន្ទាត់ក្រហម៕
<ចប់>