បើតាមតែនាងខ្ញុំបានតាមដានព័ត៌មានដែលទាក់ទងទៅនឹងពិធីបិទសម័យប្រជុំនៃអង្គមហាសន្និបាតលើកទី ៣ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១២ នេះ លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានមានប្រសាសន៍ទាក់ទងទៅនឹងចំណុចជាច្រើន ប៉ុន្តែនាងខ្ញុំចាប់អារម្មណ៍ជាងគេគឺចំណុចដែលទាក់ទងទៅនឹងការប្រឆាំងអំពើពុករលួយជាដាច់ខាតនិងពិន័យយ៉ាងម៉ឺងម៉ាត់ទៅលើអ្នកប្រព្រឹត្តអំពើពុករលួយទោះជាអ្នកណាក៏ដោយ មានឋានៈយ៉ាងណាក៏ដោយឲ្យតែប្រព្រឹត្តខុសនិងត្រូវផ្ដន្ទាទោសទៅតាមផ្លូវច្បាស់ដែលខ្ញុំគិតថា គឺជាមួយដែលល្អខ្លាំងណាស់ ដើម្បីទទួលបានការគាំទ្រពីប្រជាជន។
មិនថាតែនាងខ្ញុំទេ ដែលបានឃើញពីសកម្មភាពរបស់ថ្នាក់ដឹកនាំប្រទេសចិនសូម្បីតែប្រជាជនក៏ដូចជាថ្នាក់ដឹកនាំតាមបណ្ដាប្រទេសអាស៊ី អាស៊ីខាងត្បូង អឺរ៉ុប ឬ អាហ្រ្វិក ក៏សុទ្ធតែបានឃើញបានដឹងដូចគ្នាថា ថ្នាក់ដឹកនាំប្រទេសចិនមិនត្រឹមតែមានការយកចិត្តទុកដាក់ទៅលើវិស័យសេដ្ឋកិច្ច ពាណិជ្ចកម្ម វប្បធម៌ ជាដើមប៉ុណ្ណោះទេ ថែមទាំងមានការយកចិត្តទុកដាក់ទៅលើការបង្ក្រាប និងផ្ដន្ទាទោសចំពោះអ្នកដែលប្រព្រឹត្តអំពើពុករលួយទៀតផង ដែលនេះធ្វើឲ្យប្រជាជនមានសេចក្ដីសុខសុវត្ថិភាព មិនមានការព្រួយបារម្ភ ហើយក៏មិនហ៊ានប្រព្រឹត្តអំពើពុករលួយឡើយ។
សម្រាប់រូបនាងខ្ញុំមានអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង ដែលបានមកធ្វើការនៅប្រទេសចិន ដែលជាប្រទេសសម្បូរសប្បាយជាប្រទេសដែលមានផ្ទៃដីធំជាងគេ ហើយនាងខ្ញុំក៏សង្ឃឹមថា នឹងនៅតែមានឱកាសបំពេញការងារនៅប្រទេសចិនបន្តទៀត ដើម្បីរៀនពីសង្គមពីការរស់នៅពីវប្បធម៌របស់ប្រជាជនចិន។