ពេលវេលារបស់លោក Li Keqiang នាយករដ្ឋមន្ត្រីចិននៅមីយ៉ាន់ម៉ា
ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែវិច្ឆិកា នៅក្រុង ណៃពីដោ រដ្ឋធានីប្រទេសមីយ៉ាន់ម៉ា លោក LI Keqiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមសនិ្នសីទអ្នកដឹកនាំចិន-អាស៊ានលើកទី ១៧ សនិ្នសីទអ្នកដឹកនាំអាស៊ាន-ចិន ជប៉ុននិងកូរ៉េខាងត្បូងលើកទី ១៧ សន្និសីទកំពូលអាស៊ីបូព៌ាលើកទី ៩ ព្រមទាំងបានបំពេញទស្សនកិច្ចផ្លូវការនៅមីយ៉ាន់ម៉ាទៀតផង ។ នៅក្នុងសនិ្នសីទទាំងនេះ តើលោក Li Keqiang បានថ្លែងសុន្ទរកថាសំខាន់អ្វីខ្លះ ? ហើយមានសេចកី្តសំរេចសំខាន់ណាខ្លះដែលនឹងជះឥទ្ធពលដោយផ្ទាល់ទៅលើជីវីភាពរបស់យើង ? ឥឡូវនេះ យើងមករំលឹកឡើងវិញអំពីពេលវេលារបស់លោក Li Keqiang នៅប្រទេសមីយ៉ាន់ម៉ាជាមួយគ្នា ។
យប់ថ្ងៃទី ១២ វិច្ឆិកា លោក Li Keqiang បានអញ្ជើញទៅដល់ក្រុង ណៃពីដោ ។ មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលមីយ៉ាន់ម៉ាបានទៅធ្វើបដិសណ្ឋារកិច្ចគណៈប្រតិភូចិននៅឯព្រលានយន្តហោះ ។
យប់ថ្ងៃដដែល លោក Li keqiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមពិធីលៀងសាយភោជន៍ដែលលោក អ៊ូ តេនសេន ប្រធានាធិបតីមីយ៉ាន់ម៉ានិងភរិយាបានរៀបចំឡើងដើម្បីស្វាគមន៍ថ្នាក់ដឹកនាំនៃបណ្តាប្រទេសដែលអញ្ជើញទៅចូលរួមសនិ្នសីទកំពូលអាស៊ីបូព៌ា ។ លោក Li Keqiang និងអ្នកដឹកនាំដទៃទៀតបានស្លៀកពាក់សំលៀកបំពាក់មានលក្ខណៈពិសេសមីយ៉ាន់ម៉ាក្នុងពេលចូលរួមពិធី ។
*****
ក្នុងសនិ្នសីទកិច្ចសហប្រតិបតិ្តការ ១០បូក១ លោក LI Keqiang នាយករដ្ឋមន្ត្រីចិនបានគូសបញ្ជាក់ម្តងទៀតថា រដ្ឋាភិបាលចិននឹងបន្តចាត់ទុកអាស៊ានជាទិសដៅអាទិភាពនៃកិច្ចការទូតនៅតំបន់ជិតខាងរបស់ប្រទេសចិន គាំទ្រសនិ្តសុខខាងនយោបាយ និងកិច្ចកសាងសហគមន៍សេដ្ឋកិច្ច វប្បធម៌សង្គមរបស់អាស៊ាន ព្រមទាំងខិតខំធ្វើឲ្យផលប្រយោជន៍របស់ភាគីទាំងពីរមានភាពស៊ីសង្វាក់គ្នាកាន់តែស៊ីជំរៅឥតឈប់ឈរ ហើយឈរលើមូលដ្ឋានក្របខ័ណ្ឌសហប្រតិបតិ្តការ ២បូក៧ ទៅបង្កើតសហគមន៍ជោគវាសនាចិន-អាស៊ានដែលមានភាពកាន់តែជិតសិ្នទ្ធ ។
*****
រួមគ្នាគ្រោងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទំនាក់ទំនងចិន-អាស៊ាន៖ ចាប់ផ្តើមកំណត់ផែនការប្រតិបតិ្តច្បាប់ទី ៣ (២០១៦-២០២០)នៃសេចកី្តប្រកាសរួមសី្តពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងចិន-អាស៊ានដែលឆ្ពោះទៅរកសនិ្តភាពនិងភាពចំរុងចំរើន ដើម្បីជាផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍន៍នៃទំនាក់ទំនងភាគីទាំងពីរនៅពេលអនាគត ។
ដំឡើងលំដាប់ថ្នាក់តំបន់ពាណិជ្ជកម្មសេរី៖ ប្រទេសចិនរីករាយរួមសហការជាមួយប្រទេសអាស៊ានដើម្បីជំរុញការចរចាសី្តពីការដំឡើងលំដាប់ថ្នាក់តំបន់ពាណិជ្ជកម្មសេរី តាមគោលការណ៍ផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ព្រមនិងគាំទ្រហុងកុងនិងអាស៊ានក្នុងការជំរុញដំណើរវិវឌ្ឍន៍នៃចរចាអំពីតំបន់ពាណិជ្ជកម្មសេរី ។
បង្កើនល្បឿនបង្កើតបណ្តាញមូលដ្ឋានសម្រាប់ការតភ្ជាប់គ្នា៖ ទន្ទឹមនឹងការជំរុញកិច្ចកសាងផ្លូវគោកនិងសមុទ្រ ត្រូវបង្កើនការគ្រោងផែនការនិងកិច្ចកសាងវិស័យទូរគមនាគមន៍ អគិ្គសនីនិងបណ្តាញអ៊ីនធឺណែតជាដើម ផ្តល់ការគាំទ្រខាងប្រាក់ទុន ផ្តោតសំខាន់លើការកែលំអបរិយាកាសសំរាប់ការតភ្ជាប់គ្នា ដូចជាផ្តល់ភាពងាយស្រួលលើផែ្នកគយ ត្រួតពិនិត្យទីផ្សារ និងកំណត់ស្តង់ដារជាដើម ។
បងើ្កតចំណុចលេចធ្លោថី្មសម្រាប់កិច្ចសហប្រតិបតិ្តការលើសមុទ្ររវាងចិន-អាស៊ាន៖ កសាងផ្លូវសូត្រលើសមុទ្រនៅសតវត្សរ៍ទី ២១ ការនេះមានអំណោយផលដល់ការជំរុញកិច្ចសហប្រតិបតិ្តការលើសមុទ្ររវាងចិន-អាស៊ាន ។ ប្រទេសចិនស្នើឲ្យកំណត់យកឆ្នាំក្រោយជា ឆ្នាំកិច្ចសហប្រតិបតិ្តការលើសមុទ្ររវាងចិន-អាស៊ាន ហើយនិងរួមគ្នាជាមួយប្រទេសអាស៊ានអនុវត្តឲ្យបានល្អនូវគម្រោងដែលគាំទ្រដោយមូលនិធិសហប្រតិ្តការលើសមុទ្រឆ្នាំ ២០១៤ ហើយស្វាគមន៍ប្រទេសអាស៊ានសុំចុះឈ្មោះក្នុងគម្រោងមូលនីធិឆ្នាំ ២០១៥ ទៀតផង ។
ខិតខំប្រឹងប្រែងដើម្បីគាំពារសន្តិសុខលើវិស័យទាំងពីរ គឺវិស័យប្រពៃណីនិងវិស័យមិនប្រពៃណី ៖ ប្រទេសចិនស្វាគមន៍រដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសអាស៊ានអញ្ជើញទៅចូលរួមកិច្ចជំនូបក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រីការពារជាតិចិន - អាស៊ាននៅប្រទេសចិននៅឆ្នាំ២០១៥ ។ ប្រទេសចិននឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខមិនប្រពៃណី ធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខផ្នែកអនុវត្តច្បាប់តាមបណ្តោយទន្លេមេគង្គ ព្រមនិងស្វាគមន៍ទ្េវភាគីចុះហត្ថលេខាលើ " អនុស្សរណៈយោគយល់ស្តីអំពីការរៀបចំកិច្ចសហប្រតិបត្តិការផ្នែកគ្រប់គ្រងគ្រោះមហន្តរាយ " ។
សកម្មត្រួសត្រាយវិស័យថ្មីសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការខាងផ្នែកមនុស្សសាស្ត្រ វិទ្យាសាស្ត្របច្ចេកទេសនិងការការពារបរិស្ថាន ៖ ពន្លឿនការអនុវត្តជាក់ស្តែងនូវ " ផែនការប្រតិបត្តិនៃកិច្ចសហប្រតិបត្តិខាងផ្នែកវប្បធម៌រវាងចិន-អាស៊ាន " ។ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការកាត់បន្ថយភាពក្រីក្រក្នុងទីជនបទ ការបណ្តុះបណ្តាលធនធានមនុស្សខាងផ្នែកសុខាភិបាលសាធារណៈ ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនិងការការពារបរិស្ថានជាដើម ។
ធ្វើឲ្យសមុទ្រចិនខាងត្បូងក្លាយទៅជាសមុទ្រមានសន្តិភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការ ៖ ប្រទេសចិនរីករាយរួមសហការជាមួយបណ្តាប្រទេសអាស៊ានក្នុងន័យបន្តជំរុញការអនុវត្តជាក់ស្តែងនូវ " សេចក្តីប្រកាសប្រតិបត្តិសមុទ្រចិនខាងត្បូង "និងធ្វើការពិគ្រោះពិភាក្សាអំពី " ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង " ដើម្បីបង្កើនការផ្លាស់ប្តូរនិងការកសាងទំនុកចិត្តលើគ្នាទៅវិញទៅមកដោយមានប្រសិទ្ធភាព ពង្រឹងនិងពង្រីកមតិឯកភាពនិងកិច្ចសហប្រតិបត្តិការ ខំប្រឹងពេញទំហឹងសំដៅធ្វើឲ្យសមុទ្រចិនខាងត្បូងក្លាយទៅជាសមុទ្រដែលមានសន្តិភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការដែលមានអំណោយផលដល់ប្រជាជននៃប្រទេសនានាក្នុងតំបន់ ។
សន្និសីទកំពូលអាស៊ីបូព៌ា ( 10+8 )
បច្ចុប្បន្ននេះ សន្និសីទកំពូលអាស៊ីបូព៌ាមានការចូលរួមពីប្រទេសចំនួន ១៨ គឺ បណ្តាប្រទេសអាស៊ានទាំង 10 និងប្រទេស ៨ គឺ ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី ណូវែលហ្សេឡង់ អាមេរិកនិងរុស្ស៊ី ហេតុនេះហើយបានជាសន្និសីទនេះក៏ត្រូវគេហៅថា សន្និសីទកំពូល 10+8 ។ នៅក្នុងសន្និសីទកំពូលអាស៊ីបូព៌ាលើកនេះ លោក Li Keqiang បានថ្លែងថា មូលហេតុចម្បងដែលអាស៊ីបូព៌ាទទួលបានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស គឺអាស្រ័យដោយមានបរិយាកាសតំបន់មួយដែលមានសន្តិភាពនិងស្ថិរភាព ។ ប្រទេសអាស៊ីបូព៌ានានាជាអ្នកទទួលបានផលប្រយោជន៍ផ្ទាល់ពីសន្តិភាពក្នុងតំបន់ ហើយក៏ត្រូវក្លាយទៅជាអ្នកគាំពារយ៉ាងម៉ឺងម៉ាត់នូវស្ថិរភាពតំបន់ផងដែរ ប្រទេសពាក់ព័ន្ធនានាត្រូវដោះស្រាយជម្លោះដោយសន្តិវិធី ។
*****
ពេលនិយាយដល់ការកសាងសហគមន៍អាស៊ាន លោក Li Keqiang បានថ្លែងទៀតថា ប្រទេសចិនប្រកាន់ខ្ជាប់ដោយសុទ្ធចិត្តនូវការគោរពរាប់អានជាមួយអ្នកជិតខាង និងចាត់ទុកប្រទេសជិតខាងជាដៃគូ ហើយសង្ឃឹមថា ឆ្លងតាមរយៈការអភិវឌ្ឍ៍របស់ខ្លួនមកជំរុញការអភិវឌ្ឍន៍ក្នុងតំបន់និងផ្តល់ផលប្រយោជន៍ដល់ប្រទេសជិតខាង នេះជាគោលបំណងដ៏ស្មោះរបស់ប្រទេសចិន ។ ប្រទេសចិនគាំទ្រយ៉ាងដាច់ខាតចំពោះអាស៊ានដែលបង្កើតសហគមន៍សន្តិសុខផ្នែកនយោបាយ សេដ្ឋកិច្ចនិងវប្បធម៌សង្គមនៅឆ្នាំ២០១៥ ក្នុងន័យដើរតួនាទីជាវិជ្ជមានក្នុងការអភិវឌ្ឍន៍ស្ថិរភាពក្នុងតំបន់ ។
*****
ពាក់ព័ន្ធដល់ការលើកកម្ពស់លំដាប់ថ្នាក់នៃតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន លោក Li Keqiang បានថ្លែងទៀតថា ប្រទេសចិននិងអាស៊ានកំពុងខិតខំប្រឹងប្រែងដើម្បីបញ្ចប់ការចរចាអំពីការលើកកម្ពស់លំដាប់ថ្នាក់នៃតំបន់ពាណិជ្ជកម្មសេរីចិន អាស៊ានក្នុងពេលឆាប់ៗខាងមុខ ។ ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាស៊ានក្នុងរយៈពេល ៥ ឆ្នាំជាប់ រីឯអាស៊ានជាដៃគូពាណិជ្ជកម្មធំទី ៣ របស់ប្រទេសចិន ។
*****
ពេលនិយាយដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ីបូព៌ា លោក Li Keqiang បានថ្លែងទៀតថា ប្រទេសចិនរីករាយរួមសហការជាមួយបណ្តាប្រទេសនានា ខិតខំប្រឹងប្រែងដើម្បីបញ្ចប់ការចរចាអំពីកិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ដែលហៅកាត់ថា RCEP នៅចុងឆ្នាំ ២០១៥ ។
លោកនាយករដ្ឋមន្ត្រីចិន Li Keqiang បានបញ្ជាក់ថា ប្រទេសចិនប្រកាន់អាកប្បកិរិយាបើកចំហចំពោះការចរចាអំពីកិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក ដែលហៅកាត់ថា TPP ។ ការរៀចបំចាត់ចែងអំពីតំបន់ពាណិជ្ជកម្មសេរីគ្រប់ប្រភេទសុទ្ធតែអាចដើរតួនាទីជាវិជ្ជមានក្នុងការរក្សារបៀបរៀបរយពាណិជ្ជកម្មពិភពលោកនិងតំបន់ដែលមានយុត្តិធម៌និងសេរីភាព ។ ក្រៅពីនេះ ត្រូវជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗចំនួន ៦ គឺការផ្តល់ភាពងាយស្រួលខាងពាណិជ្ជកម្មនិងការវិនិយោគ ការតភ្ជាប់គ្នា កិច្ចសហប្រតិបត្តិការខាងហិរញ្ញវត្ថុ ការកាត់បន្ថយភាពក្រីក្រនិងកិច្ចការលើសមុទ្រ ព្រមនិងការផ្លាស់ប្តូរខាងមនុស្សសាស្ត្រ រួមគ្នាខំប្រឹងប្រែងដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ចអាស៊ីបូព៌ា ។
ពាក់ព័ន្ធដល់កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខមិនប្រព្រៃណី លោក Li Keqiang បានថ្លែងទៀតថា យើងត្រូវរក្សាសភាពការណ៍ដ៏ល្អប្រសើរដែលទទួលបានដោយមិនងាយនេះ ក្តាប់ជាប់គោលដៅធំៗទាំងពីរ គឺសន្តិសុខនយោបាយនិងការអភិវឌ្ឍន៍សេដ្ឋកិច្ច ធ្វើឲ្យវិស័យទាំងពីរនេះមានការអភិវឌ្ឍន៍រួមគ្នា ដើម្បីជំរុញសន្តិភាពនិងស្ថិរភាពក្នុងតំបន់ សកម្មទប់ទល់នឹងបញ្ហាប្រឈមមានលក្ខណៈទូទាំងពិភពលោក ធ្វើឲ្យមានភាពកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនិងសង្គមជាដើម ។
ទាក់ទិននឹងការសាកល្បងដ៏តានតឹងដែលសហគមន៍អន្តរជាតិកំពុងប្រឈមមុខមានដូចជាភេរវកម្មនិយម ជំងឺឆ្លង អាកាសធាតុប្រែប្រួលនិងការគ្រប់គ្រងគ្រោះមហន្តរាយជាដើម ភាគីចិនគាំទ្រសន្និសីទកំពូលចេញផ្សាយសេចក្តីប្រកាសឬសេចក្តីថ្លែងការណ៍ពាក់ព័ន្ធ ដើម្បីបង្ហាញពីសេចក្តីប្តេជ្ញាចិត្តរបស់ប្រទេសជាសមាជិកដែលពួតដៃគ្នាតទល់នឹងបញ្ហាប្រឈម និងរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខមិនប្រពៃណីរបស់អាស៊ីបូព៌ា។
ពេលថ្លែងដល់ទំនាក់ទំនងជាមួយប្រទេសជិតខាង លោកLi Keqiangបានបង្ហាញថា ការដែលធ្វើឲ្យអាស៊ីបូព៌ាមានសន្តិសុខយូរអង្វែងត្រូវការការរៀបចំខាងរបបដ៏រឹងមាំ។ ភាគីចិនកំពុងពិភាក្សាជាមួយប្រទេសអាស៊ានអំពីការចុះហត្ថាលេខាលើសន្ធិសញ្ញាសហប្រតិបត្តិការដោយមេត្រីភាពនិងមានសុខដុមរមនា ក្នុងគោលបំណងផ្តល់ការធានាផ្នែកច្បាប់និងក្របខ័ណ្ឌផ្នែករបបដល់ការរួមរស់នៅដោយសន្តិសហវិជ្ជមានតទៅគ្រប់ជំនាន់រវាងភាគីទាំង២។ ភាគីចិនរីករាយក្នុងការចាត់ទុកការពិភាក្សានិងចុះហត្ថាលេខាលើសន្ធិសញ្ញានេះជាកាលានុវត្តភាពមួយសម្រាប់ជំរុញនូវសុខសន្តិភាពយូរអង្វែងនៅអាស៊ីបូព៌ា។
ពេលថ្លែងដល់បញ្ហាសមុទ្រចិនខាងត្បូង លោកLi Keqiangបានបង្ហាញថា ប្រទេសចិននិងប្រទេសអាស៊ានបានបញ្ជាក់ពីវិធីដោះស្រាយ២ផ្លូវសម្រាប់ដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង ពោលគឺជម្លោះជាក់ស្តែងត្រូវដោះស្រាយតាមរយៈការចរចានិងការពិភាក្សាដោយប្រទេសពាក់ព័ន្ធផ្ទាល់ ចំណែកការគាំពារសន្តិភាពនិងស្ថិរភាពនៃតំបន់សមុទ្រចិនខាងត្បូងគឺអាស្រ័យដោយការរួមសហការរវាងប្រទេសចិននិងប្រទេសអាស៊ាន។ យើងឯកភាពលើការសកម្មធ្វើការពិគ្រោះពិភាក្សាសំដៅឈានដល់ការបង្កើតក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងក្នុងពេលឆាប់ៗដោយឈរលើមូលដ្ឋានមតិឯកភាពរួមក្នុងការពិភាក្សា។
ចូលរួមសន្និសីទអ្នកដឹកនាំអាស៊ាននិងចិនជប៉ុន កូរ៉េខាងត្បូង១០បូក៣
លោកLi Keqiangបានថ្លែងថា បើគ្មានសន្តិភាពនិងស្ថិរភាព នោះអាស៊ីបូព៌ាមិនអាចងើបឡើងជារៀងរហូត។ ប្រទេសក្នុងតំបន់គោរពគ្នានិងមានសមភាពដោយប្រាកដប្រជា លះបង់ចោលគំនិតដែលម្ខាងឈ្នះម្ខាងចាញ់ រួមគ្នាគ្រប់គ្រងជម្លោះនិងការខ្វែងគំនិតឲ្យបានល្អ ដាច់ខាតមិនអាចធ្វើឲ្យអាស៊ីបូព៌ាបាត់បង់ឱកាសអភិវឌ្ឍន៍ជាប្រវត្តិសាស្រ្តដោយសាររងការប៉ះពាល់ពីបញ្ហាទាំងនេះឡើយ។
******
លោកLi Keqiangបានធ្វើការអំពាវនាវឲ្យលើកកម្ពស់កម្រិតសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុនៃតំបន់អាស៊ីបូព៌ាថា បច្ចុប្បន្ននេះ សេដ្ឋកិច្ចអាស៊ីបូព៌ាកំពុងប្រឈមមុខនឹងសម្ពាធធ្លាក់ចុះខ្លាំងធំគួរសម គោលនយោបាយរបស់ប្រទេសមួយចំនួនបានជះឥទ្ធិពលដល់ស្ថិរភាពផ្នែកហិរញ្ញវត្ថុក្នុងតំបន់។ ប្រទេស១០បូក៣គប្បីបង្កើនកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុនិងខិតខំលើកកម្ពស់លក្ខណៈអនុវត្តនៃពហុភាវូបនីយកម្មនៃសេចក្តីផ្តួចផ្តើមក្រុងឈៀងម៉ៃ ត្រូវតែពង្រីកថែមមួយកម្រិតទៀតនូវទ្រង់ទ្រាយនិងក្របខ័ណ្ឌប្តូររូបិយវត្ថុ និងពង្រីកការទូទាត់ដោយរូបិយវត្ថុប្រទេសខ្លួនក្នុងការធ្វើពាណិជ្ជកម្មឆ្លងដែនព្រមទាំងបង្កើនកិច្ចកសាងយន្តការទូទាត់បញ្ជី។
******
លោកLi Keqiangក៏បានផ្តួចផ្តើមឲ្យអនុវត្តសេចក្តីផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបត្តិការក្នុងការកាត់បន្ថយភាពក្រីក្រនៃអាស៊ីបូព៌ាថា ការបង្រួញគម្លាតជីវភាព កាត់បន្ថយភាពក្រីក្រនិងកែលម្អជីវភាពរស់នៅរបស់ប្រជាជនជាភារកិច្ចចម្បងដែលប្រទេសអាស៊ីកំពុងប្រឈមមុខ។ ភាគីចិនផ្តួមផ្តើមឲ្យអនុវត្តសេចក្តីផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបត្តិការក្នុងការកាត់បន្ថយភាពក្រីក្រនៃអាស៊ីបូព៌ា នឹងផ្តល់ទឹកប្រាក់១០០លានយាន់ប្រាក់ចិនសម្រាប់អនុវត្តផែនការជំរុញការកាត់បន្ថយភាពក្រីក្រនៅជនបទ ព្រមទាំងបង្កើតទីតាំងគំរូផ្នែកកិច្ចសហប្រតិបត្តិការក្នុងការកាត់បន្ថយភាពក្រីក្រនៃអាស៊ីបូព៌ា។ លោកបានស្នើឲ្យកែលម្អយន្តការបម្រុងទុកអង្ករជាបន្ទាន់ដើម្បីសម្រេចការដែលមនុស្សគ្រប់រូបសុទ្ធតែមានស្បៀងអាហារទទួលទាគ្រប់គ្រាន់៕