រួម​ចិត្ត​រួម​ថ្លើម​គ្នា  ​បង្កើត​អនាគត​ថ្មី​សម្រាប់​កិច្ចសហប្រតិបត្តិការ​អាស៊ី​បូព៌ា

2014-11-12 16:14:16  cri  Web Editor:Deng Qian

       ថ្ងៃ​ស្អែក​នេះ ​​ខ្ញុំ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា ដើម្បី​ចូលរួម​សន្និសីទ​ពាក់ព័ន្ធ​មួយ​ចំនួន​នៃ​ថ្នាក់​ដឹកនាំ​អង្គការ​សហប្រតិបត្តិការ​អាស៊ី​បូព៌ា​ឆ្នាំ​នេះ ។ ​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​ចំនួន​​ ១៨​ ​នឹង​ជួប​ជុំ​គ្នា​នៅ​ក្រុង​ណៃពីដោ​ ដើម្បី​រួម​គ្នា​​​ពិភាក្សា​អំពី​មាគ៌ា​សហប្រតិបត្តិការ​​នៃ​ការ​អភិវឌ្ឍន៍​ដោយ​សន្តិភាព​របស់​អាស៊ី​បូព៌ា​ ដែល​ញ៉ាំង​ឲ្យ​មជ្ឈដ្ឋាន​ខាង​ក្រៅ​ផ្តោត​ក្រសែ​ចក្ខុ​យ៉ាង​ខ្លាំង​ ។​​ ខ្ញុំ​រំ​ពឹង​ទុក​ថា​ ​តាម​រយៈ​កិច្ចប្រជុំ​លើក​នេះ​​ កិច្ចសហប្រតិបត្តិការ​មេត្រីភាព​រវាង​ចិន​និង​អាស៊ាន​នឹង​បោះ​ជំហាន​រឹត​តែ​រឹង​មាំ​ ហើយ​ទទួល​បាន​សមិទ្ធផល​កាន់​តែ​គាប់​ចិត្ត​ ។​

     ​ប្រទេស​ចិន​និង​ប្រទេស​អាស៊ាន​បាន​ត​ភ្ជាប់​គ្នា​ទាំង​ដែន​គោក​និង​សមុទ្រ ដែល​មាន​ខ្សែ​បន្ទាត់​ព្រំដែន​លើ​គោក​សរុប​ជាង​ ៤ ​ពាន់​គីឡូម៉ែត្រ ។ ​រាប់​រយ​ពាន់​ឆ្នាំ​កន្លង​មក​នេះ​​ យើង​មាន​វប្បធម៌​ប្រហាក់​ប្រហែលគ្នា​ និង​មាន​សាច់​ឈាម​ផ្សារ​ភ្ជាប់​គ្នា ​គឺ​​ជា​គំរូ​ក្នុង​ប្រវត្តិសាស្រ្ត​នៃ​អរិយធម៌​អាស៊ី​បូព៌ា​ដែល​មាន​ជនជាតិ​ សាសនា​ និង​វប្បធម៌​ទីទៃ​​គ្នង​ធ្វើ​ការ​ផ្លាស់​ប្តូរ​និង​រៀន​សូត្រ​បទ​ពិសោធន៍​រវាង​គ្នា​និង​គ្នា​ ព្រម​និង​រួម​គ្នា​អភិវឌ្ឍន៍​ ។ ចលនា​ទាមទារ​ឯករាជ្យ​ប្រជាជាតិ​ក្នុង​សម័យ​ថ្មី​ដែល​ប្រែ​ប្រួល​ឥត​ឈប់​បាន​ផ្សារ​ភ្ជាប់​នូវ​ជោគ​វាសនា​របស់​យើង​ឲ្យ​មាន​ភាព​កាន់​តែ​ស្អិត​ល្មួត​ ។​ បន្ទាប់​ពី​ទសវត្សរ៍​ឆ្នាំ​ ៧០​ និង​ ​៨០​ នៃ​សតវត្សរ៍​មុន​ ​"អច្ឆរិយអាស៊ី​"​ បាន​ទាក់​ទាញ​ក្រសែ​ភ្នែក​ពិភពលោក ដែល​ក្នុងនោះ​គុណ​​បំណាច់​របស់​ប្រទេស​ចិន​និង​អាស៊ាន​គឺ​ធំ​ធេង​ពុំ​អាច​កាត់​ថ្លៃ​បាន​ ។​ រាប់​សិប​ឆ្នាំ​កន្លង​ទៅ​នេះ​ តាម​រយៈ​ការ​ខិត​ខំ​តស៊ូ​ឥត​ស្រាក​ស្រាន្ត​នៃ​ភាគី​ទាំង​ពីរ​ យើង​បាន​ចាប់​ផ្តើម​ពី​ការ​ចង​ចំណង​ការ​ទូត​និង​បាន​កា្លយ​ជា​ដៃ​គូ​យុទ្ធសាស្រ្ត​ ហើយ​បាន​និង​កំពុង​ជំរុញ​ជា​បន្ត​បន្ទាប់​​នូវ​ការ​កសាង​ទំនុក​ចិត្ត​លើ​គ្នា​​ ត្រួស​ត្រាយ​កិច្ច​សហប្រតិបត្តិការ​ដោយ​គ្រប់​ជ្រុង​ជ្រោយ​ សំដៅ​ផ្តល់​ផល​ប្រយោជន៍​ជាក់​ស្តែង​ជូន​ប្រជាជន​នៃ​បណ្តា​ប្រទេស​នានា​​ ហើយ​ក៏​ជំរុញ​ដល់​ស្ថិរភាព​និង​ភាព​រុង​រឿង​នៃ​តំបន់​អាស៊ី​បូព៌ា​ផង​ដែរ​ ។

      ប្រទេស​ចិន​ជា​កម្លាំង​ស្នូល​សម្រាប់​គាំ​ពារ​សន្តិភាព​នៅ​អាស៊ី​បូព៌ា​ ហើយ​ក៏​គាំទ្រ​អាស៊ាន​ដើរ​តួនាទី​យ៉ាង​សកម្ម​ក្នុង​ការ​គាំពារ​ស្ថិរភាព​ក្នុង​តំបន់​នេះ​ផង​ដែរ​ ។​​ រយៈ​ពេល​ជាង​ ២០​​ ឆ្នាំ​​បន្ទាប់​ពី​សង្រ្គាម​ត្រជាក់​​ មូលហេតុ​ចម្បង​ដែល​អាស៊ី​បូព៌ា​បាន​ងើប​ឡើង​យ៉ាង​ឆាប់​រហ័ស​គឺ​ដោយ​សារ​តែ​យើង​បាន​ឃ្លាត​ឆ្ងាយ​អំពី​សង្រ្គាម​និង​ភាព​រង្គោះ​រង្គើ​ ។ ​យើង​សុទ្ធ​តែ​បាន​ជឿ​ជាក់​ថា​​ ការ​គោរព​គ្នា​និង​ការ​រួម​រស់​នៅ​ដោយ​សុខដុមរមនា​គឺ​ជា​លក្ខខណ្ឌ​ជា​អាទិភាព​នៃ​ការ​រក្សា​ទំនាក់​ទំនងល្អ​ប្រសើរ​រវាង​ប្រទេស​និង​ប្រទេស​ ។​ ហើយ​ការ​ស្វែង​រក​មតិ​ឯកភាព​រក្សា​ទុក​មតិ​ខុស​គ្នា​និង​ពិគ្រោះ​ពិភាក្សា​ដោយ​សមភាព​គឺ​ជា​វិធីសាស្រ្ត​ដ៏​សមហេតុ​ផល​សម្រាប់​ដោះ​ស្រាយ​ការ​ខ្វែង​គំនិត​គ្នា​ ។​ នៅ​ក្នុង​ចំណោម​ដៃ​គូ​សន្ទនា​របស់​អាស៊ាន​ ប្រទេស​ចិន​បាន​ចូល​រួម​ "សន្ធិសញ្ញា​សហប្រតិបត្តិការ​​មិត្តភាព​អាស៊ី​អាគ្េនយ៍​​" មុន​គេ​ បាន​កសាង​ទំនាក់​ទំនង​ដៃ​គូ​យុទ្ធ​សាស្រ្ត​​ជា​មួយ​អាស៊ានមុន​គេ​ ហើយ​ក៏​បាន​ផ្តួច​ផ្តើម​ឲ្យ​មាន​ការ​ចុះ​ហត្ថលេខា​លើ​ "​សន្ធិ​សញ្ញា​សហប្រតិបត្តិការ​ដោយ​សុខដុមរមនា​និង​មាន​មេត្រីភាព​"ជា​មួយ​អាស៊ាន​មុន​គេ​បង្អស់​ផង​ដែរ​ ។ ​មាន​តែ​បង្ក​បង្កើត​នូវ​បរិយាកាស​ក្នុង​តំបន់​ដែល​ប្រកប​ដោយ​សន្តិសុខ​និង​មាន​ស្ថិរភាព​ប៉ុណ្ណោះ​ទេ​ ទើប​ប្រទេស​ចិននិង​អាស៊ាន​អាចផ្តោត​​​​សំខាន់​ទៅ​លើ​ការ​អភិវឌ្ឍន៍​នៃ​ប្រទេស​រៀង​ៗ​ខ្លួន​ ដែល​សម្រេច​បាន​នូវ​ការ​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន​ភាព​រុង​រឿង​ ។

      ទំនាក់ទំនង​រវាង​ចិន​និង​អាស៊ាន​ជា​កម្លាំង​ចលករ​សម្រាប់​ជំរុញ​ការ​អភិវឌ្ឍន៍​និង​ភាព​រុងរឿង​ថ្កុំថ្កើង​ក្នុង​តំបន់ ។ ប្រទេស​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​អាស៊ាន ហើយ​ក៏​ជា​ប្រទេស​វិនិយោគទុន​ធំ​ទីបី​របស់​អាស៊ាន​ផង​ដែរ ។ តាំង​ពី​ឆ្នាំ ​២០០២ ​រៀង​មក ទំហំ​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំង​ពីរ​បាន​កើន​ឡើង​ ៧ ​ដង ឯ​ការ​វិនិយោគ​បាន​កើន​ឡើង​ ៤ ​ដង ។ ឆ្នាំ ​២០១៣ ​ទំហំ​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំង​ពីរ​បាន​កើន​ដល់​ ៤ ​សែន ​៤ ​ម៉ឺន ​៣ ​ពាន់​ ៦រយ ​លាន ​(៤៤៣៦០០ ​លាន) ​ដុល្លារ​អាមេរិក ទំហំ​វិនិយោគ​សរុប​បាន​កើន​ដល់​ ១ ​សែន ​២ ​ម៉ឺន ​លាន​ដុល្លារ​អាមេរិក ។ ការ​ផ្លាស់​ប្តូរ​គ្នា​រវាង​បុគ្គលិក​ភាគី​ទាំង​ពីរ​បាន​កើន​ដល់ ​១៨ ​លាន​នាក់ ។ ទំនាក់ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ដ៏​ស្អិត​ល្មួត​និង​សក្តានុពល​ដ៏​ធំធេង​នៃ​ទី​ផ្សារ​របស់​យើង​បាន​ជំរុញ​ការ​អភិវឌ្ឍន៍​តំបន់​យ៉ាង​ខ្លាំង ធ្វើ​អោយ​អាស៊ី​បូព៌ា​ក្លាយ​ទៅ​ជា​តំបន់​ដែល​មាន​ល្បឿន​នៃ​កំណើន​សេដ្ឋកិច្ច​លឿន​បំផុត និង​មាន​កម្លាំង​រស់​រវើក​ក្នុង​ការ​អភិវឌ្ឍន៍​ខ្លាំង​បំផុត​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ ។

       ​ទំនាក់ទំនង​រវាង​ចិន​និង​អាស៊ាន​ជា​គំរូ​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ ។ ជា​ច្រើន​ឆ្នាំ​កន្លង​មក ប្រទេស​ចិន​និង​អាស៊ាន​ហ៊ាន​សាក​ល្បង​ទៅ​ធ្វើ​អ្វីៗ​មុន​គេ ដែល​បាន​នូវ​លេខ​ ១ ​ជា​ច្រើន​លើ​ពិភពលោក ។ ក្នុង​ចំណោម​ដៃគូ​សន្ទនា​របស់​អាស៊ាន ប្រទេស​ចិន​បាន​ចូល​រួម​ក្នុង​ «អនុសញ្ញា​នៃ​កិច្ចសហប្រតិបត្តិការ​ដោយ​មេត្រីភាព​នៅ​អាស៊ី​អាគ្នេយ៍» ​មុន​គេ បង្កើត​ទំនាក់ទំនង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ជា​មួយ​អាស៊ាន​មុន​គេ ព្រម​ទាំង​សម្តែង​ការ​គាំទ្រ​មុន​គេ​សម្រាប់​ការ​ដែល​ចុះ​ហត្ថលេខា​លើ​ពិធីសារ​ «តំបន់​គ្មាន​អាវុធ​នុយគ្លេអ៊ែរ​នៅ​អាស៊ី​អាគ្នេយ៍»​ ជា​មួយ​អាស៊ាន នាំមុខ​ចាប់​ដំណើរការ​កិច្ច​ពិគ្រោះ​ពិភាក្សា​អំពី​តំបន់​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន និង​បាន​បង្កើត​ជា​តំបន់​ពាណិជ្ជកម្ម​សេរី​នៃ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ធំ​បំផុត​លើ​ពិភពលោក ។ ទំនាក់​ទំនង​រវាង​ចិន​និង​អាស៊ាន​មិន​គ្រាន់តែ​បាន​ជួយ​ជំរុញ​ដល់​ការ​វិវឌ្ឍន៍​ទំនាក់​ទំនង​រវាង​អាស៊ាន​និង​ដៃគូ​ផ្សេង​ទៀត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​បំពេញ​បន្ថែម​នូវ​កម្លាំង​ចលករ​ដ៏​ខ្លាំង​សម្រាប់​ដំណើរ​វិវឌ្ឍន៍​នៃ​កិច្ចសហប្រតិបត្តិការ​អាស៊ី​បូព៌ា​ទៀត​ផង ។

       "សាច់ញាតិ​សង្ឃឹម​សាច់​ញាតិ​ល្អ អ្នក​ជិត​ខាង​សង្ឃឹម​អ្នក​ជិត​ខាង​ល្អ" ។ ប្រទេស​ចិន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​អាស៊ាន ហើយ​បាន​ចាត់​ទុក​អាស៊ាន​ជា​ទិសដៅ​អទិភាព​នៃ​កិច្ចការ​ទូត​ជា​មួយ​ប្រទេស​ជិត​ខាង​របស់​ប្រទេស​ចិន ។ យើង​គាំទ្រ​យ៉ាង​មុត​មាំ​ចំពោះ​សាមគ្គីភាព​និង​ការ​រីក​ចំរើន​របស់​អាស៊ាន គាំទ្រ​ការ​កសាង​សហគមន៍​អាស៊ាន​តែ​មួយ និង​គាំទ្រ​ឋានៈ​ដឹកនាំ​របស់​អាស៊ាន​ក្នុង​កិច្ច​សហប្រតិបត្តិការ​តំបន់ ។ ក្នុង​ចំណោម​ដៃគូ​សន្ទនា​របស់​អាស៊ាន ប្រទេស​ចិន​យកចិត្តទុកដាក់​ចំពោះ​អាស៊ាន​បំផុត គាំទ្រ​អាស៊ាន​បំផុត ហើយ​បាន​ធ្វើ​វិនិយោគ​ច្រើន​បំផុត​នៅ​អាស៊ាន និង​បាន​លើក​ឡើង​នូវ​គំនិត​ផ្តួច​ផ្តើម​សម្រាប់​កិច្ចសហប្រតិបត្តិការ​ច្រើន​បំផុត​ផង​ដែរ ។ មិត្តភ័ក្តិ​អាស៊ាន​ជា​ច្រើន​សុទ្ធតែ​ថ្លែង​ថា ទំនាក់​ទំនង​រវាង​ចិន​និង​អាស៊ាន​ជា​ទំនាក់​ទំនង​មួយ​ដែល​ខ្លាំង​បំផុត​និង​ពោរ​ពេញ​ទៅ​ដោយ​ភាព​រស់​រវើក​បំផុត​ក្នុង​ចំណោម​ដៃគូ​សន្ទនា​របស់​​អាស៊ាន ។

       ក្នុង​សន្និសីទ​ថ្នាក់​ដឹកនាំ​ចិន​និង​អាស៊ាន​នៅ​ឆ្នាំ​ទៅ ខ្ញុំ​បាន​លើក​ឡើង​នូវ​ "ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ ​២​ បូក ​៧" ដែល​រួម​មាន​មតិ​ឯកភាព​ផ្នែក​នយោបាយ​ពីរ​ចំណុច ​និង​កិច្ចសហប្រតិបត្តិការ​លើ​​ ៧ ​វិស័យ​ធំៗ​ស្តីអំពី​ការ​អភិវឌ្ឍន៍​នៃ​ទំនាក់​ទំនង​រវាង​ភាគី​ទាំង​ពីរ ។ មួយ​ឆ្នាំ​កន្លង​មក ទំនាក់​ទំនង​រវាង​ចិន​និង​អាស៊ាន​ទទួល​បាន​ការ​វិវឌ្ឍន៍​ដ៏​ធំ​និង​សំខាន់ ។ នៅ ​៩ ​ខែ​ដើម​ឆ្នាំ​នេះ ទំហំ​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំង​ពីរ​មាន​ចំនួន ​៣៤៦៦០០ ​លាន​ដុល្លារ​អាមេរិក បាន​កើន​ឡើង​ ៧,៥ ​ភាគ​រយ​បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នា​ឆ្នាំ​ទៅ ។ យើង​បាន​ឈាន​ដល់​មតិ​ឯកភាព​គ្នា​អំពី​ការ​លើក​កម្ពស់​លំដាប់​ថ្នាក់​នៃ​តំបន់​ពាណិជ្ជកម្ម​សេរី​ចិន​និង​អាស៊ាន ហើយ​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ចរចា​ជា​ផ្លូវការ ។ សួន​ឧស្សាហកម្ម​ក្រុង​ស៊ូចូវ និង​ក្រុង​អេកូ-បរិស្ថាន​ធានជីន​រវាង​ចិន​និង​សិង្ហបុរី​បាន​ដំណើរការ​ដោយ​រលូន ភាគី​ទាំង​ពីរ​កំពុង​ពិគ្រោះ​ពិភាក្សា​បង្កើត​កម្មវិធី​កិច្ចសហប្រតិបត្តិការ​រវាង​អន្តរ​រដ្ឋាភិបាល​ទី​បី​នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​តំបន់​ភាគ​ខាង​លិច​នៃ​ប្រទេស​ចិន ។ កម្មវិធី​នៃ​កិច្ច​សហប្រតិបត្តិការ​"សួន​ឧស្សាហកម្ម​ពីរ​នៃ​ប្រទេស​ពីរ"​រវាង​ចិន​និង​ម៉ាឡេស៊ី ការ​កសាង​តំបន់​កិច្ចសហប្រតិបត្តិការ​ឆ្លង​ដែន​រវាង​ចិន​និង​មីយ៉ាន់ម៉ា ចិន​និង​វៀតណាម​ជា​ដើម​បាន​វិវឌ្ឍន៍​ដោយ​នឹងនរ ហើយ​កិច្ចសហប្រតិបត្តិការ​លើ​សមុទ្រ​រវាង​ចិន​និង​ឥណ្ឌូនេស៊ី​ក៏​ទទួល​បាន​ប្រសិទ្ធផល​ដ៏​សម្បូរបែប​ផង​ដែរ ។

       យើង​រួមគ្នា​ជំរុញ​ការ​តភ្ជាប់​គ្នា​ក្នុង​តំបន់ ហើយ​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​អំពី​ការ​គ្រោង​ផែនការ​កសាង​ធនាគារ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​នៅ​ក្រុង​ប៉េកាំង​នា​ខែ​តុលា​ឆ្នាំ​នេះ ប្រទេស​អាស៊ាន​ទាំង​ ១០ ​សុទ្ធតែ​បាន​យល់​ព្រម​ចូលរួម​ក្នុង​នាម​​ជា​សមាជិក​អ្នក​ផ្តួច​ផ្តើម ។ ប្រទេស​ចិន​បាន​បង្កើត​មូលនិធិ​សហប្រតិបត្តិការ​លើ​សមុទ្រ​រវាង​ចិន​និង​អាស៊ាន និង​មូលនិធិ​សហប្រតិបត្តិការ​ផ្នែក​វិនិយោគ​រវាង​ចិន​និង​អាស៊ាន សម្រាប់​ប្រើប្រាស់​ក្នុង​ការ​គាំទ្រ​កម្មវិធី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ភាគី​ទាំង​ពីរ​ជា​ដើម ។ ក្រៅ​ពី​នេះ ប្រទេស​ចិន​កំពុង​សកម្ម​ធ្វើ​ការ​ពិគ្រោះ​ពិភាក្សា​ជាមួយ​ប្រទេស​ពាក់ព័ន្ធ​ដើម្បី​ជំរុញ​ការ​កសាង​ផ្លូវដែក​កាត់​ទ្វីប​អាស៊ី ។ ឆ្នាំ​នេះ​ជា​ឆ្នាំ​ផ្លាស់​ប្តូរ​វប្បធម៌​រវាង​ចិន​និង​អាស៊ាន យើង​បាន​ធ្វើ​សកម្មភាព​ដ៏​សម្បូរ​បែប ធ្វើ​អោយ​ប្រជាជន​នៃ​ភាគី​ទាំង​ពីរ​ចាប់​អារម្មណ៍​យ៉ាង​ពេញ​លេញ​នូវ​កម្លាំង​ទាក់ទាញ​នៃ​វប្បធម៌​បូព៌ា ដើម្បី​សម្រេច​ការ​ផ្សារ​ភ្ជាប់​គ្នា​រវាង​ចិត្ត​និង​ចិត្ត ។

       បច្ចុប្បន្ន​នេះ នយោបាយ​តាម​តំបន់​លើ​ពិភពលោក​បាន​ប្រឈម​មុខ​នឹង​ការ​ប្រែប្រួល​ថ្មី បញ្ហា​ជា​ចំណុច​ក្តៅ​បាន​កើត​ឡើង​ម្តង​ហើយ​ម្តង​ទៀត ការ​គំរាម​កំហែង​ផ្នែក​សន្តិសុខ​មិន​មែន​ប្រពៃណី​បាន​ផុស​ចេញ​ជា​បន្តបន្ទាប់ ។ ស្ថិត​នៅ​ក្រោម​បរិបទ​ថ្មី ជោគ​វិសនា​របស់​យើង​បាន​ផ្សារ​ភ្ជាប់​គ្នា​កាន់តែ​ជិត​ស្និទ្ធ​ជាង​អតីតកាល​ទៅ​ទៀត យើង​កាន់តែ​ត្រូវការ​បរិយាកាស​ប្រកប​ដោយ​សន្តិភាព​និង​ស្ថិរភាព​ជាង​ពេល​ណាៗ​ទាំង​អស់​នៅ​អតីតកាល ។ ក្នុង​នាម​ជា​​ប្រទេស​ជិត​ខាង ការកើត​មាន​ជម្លោះ​​គឺ​មិន​អាច​ចៀសវាង​បាន​ទេ ។ ទោះបី​ប្រទេស​ចិន​និង​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​ភាគ​តូច​មាន​ការ​ខ្វែង​គំនិត​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ក្តី ក៏​ប៉ុន្តែ​ការ​ខ្វែង​គំនិត​ទាំង​នេះ​មិន​បាន​ប៉ះពាល់​ដល់​ស្ថិរភាព​ជា​ទូទៅ​នៃ​ប្រទេស​អាស៊ី​អាគ្នេយ៍​ឡើយ ការ​ធ្វើ​នាវាចរណ៍​លើ​សមុទ្រ​ចិន​ខាង​ត្បូង​ដោយ​សេរី​និង​មាន​សុវត្ថិភាព​គឺ​ទទួល​បាន​ធានា ។ ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ប្រទេស​ចិន​និង​អាស៊ាន​បាន​រួម​គ្នា​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​អនុវត្ត​ «សេចក្តីប្រកាស​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង​» ​ដោយ​គ្រប់​ជ្រុង​ជ្រោយ​និង​មាន​ប្រសិទ្ធភាព កាល​ពី​ឆ្នាំ​ទៅ បាន​ចាប់​ផ្តើម​ការ​ពិគ្រោះ​ពិភាក្សា​អំពី ​"ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង" ហើយ​ទទួល​បាន​ការ​វិវឌ្ឍន៍​ជា​វិជ្ជមាន ។ យើង​បាន​កំណត់​ជាក់​លាស់​នូវ​ "គំនិត​គន្លង​ទាំង​ពីរ" ​ដើម្បី​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ពោល​គឺ ជម្លោះ​មាន​ពាក់ព័ន្ធ​ត្រូវ​អោយ​ប្រទេស​ពាក់ព័ន្ធ​ផ្ទាល់​ឆ្លង​តាម​រយៈ​ការ​ចរចា​និង​ពិគ្រោះ​ពិភាក្សា​ទៅ​ដោះស្រាយ​ដោយ​សន្តិវិធី ប្រទេស​ចិន​និង​ប្រទេស​អាស៊ាន​រួមគ្នា​គាំពារ​សន្តិភាព​និង​ស្ថិរភាព​នៃ​សមុទ្រ​ចិន​ខាង​ត្បូង ។ អោយ​តែ​ប្រកាន់​ខ្ជាប់​លើ​ផ្លូវ​ដ៏​ត្រឹម​ត្រូវ​ជាប់​ជា​និច្ច រក្សា​និន្នាការ​សន្ទនា​និង​ពិគ្រោះ​ពិភាក្សា បង្កើន​កិច្ចសហប្រតិបត្តិការ​ដោយ​ជាក់ស្តែង​លើ​សមុទ្រ យើង​មាន​ជំនឿ​យ៉ាង​មុត​មាំ​ថា យើង​មាន​សមត្ថភាព​ក្នុង​ការ​​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​បាន​យ៉ាង​សមរម្យ ។

       ក្នុង​អំឡុង​ពេល​នៃ​សន្និសីទ​លើក​នេះ ខ្ញុំ​រំពឹង​រួម​ជា​មួយ​ថ្នាក់​ដឹកនាំ​ប្រទេស​នានា​ផ្លាស់​ប្តូរ​យោបល់​ដោយ​ស៊ីជម្រៅ​អំពី​ការ​បង្កើន​កិច្ចសហប្រតិបត្តិការ​ផ្នែក​សន្តិសុខ​នយោបាយ ។ ប្រទេស​ចិន​រីករាយ​រួម​សហការ​ជា​មួយ​អាស៊ាន បន្ត​ពិគ្រោះ​ពិភាក្សា​អំពី​ការ​ចុះ​ហត្ថលេខា​លើ​ "សន្ធិសញ្ញា​នៃ​កិច្ចសហប្រតិបត្តិការ​ដោយ​សុខដុមរមនា​និង​មាន​មេត្រីភាព​ជា​មួយ​​ប្រទេស​ជិត​ខាង​រវាង​ចិន​និង​អាស៊ាន" ដើម្បី​ផ្តល់​ការធានា​ផ្នែក​ច្បាប់​និង​របប​សម្រាប់​ទំនាក់ទំនង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ភាគី​ទាំង​ពីរ ។ យើង​នឹង​រួម​សហការ​ជាមួយ​អាស៊ាន​សម្រាប់​តាក់តែង​ផែនការ​ប្រតិបត្តិការ​ឯកសារ​ទី​បី​នៃ​ «សេចក្តីប្រកាស​រួម​ស្តីពី​ទំនាក់ទំនង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ឆ្ពោះ​ទៅ​រក​សន្តិភាព​និង​ភាព​រុងរឿង​រវាង​ចិន​និង​អាស៊ាន» គ្រោង​ផែនការ​ទី​បង្ហាញ​ផ្លូវ​សម្រាប់​ការ​ផ្លាស់​ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​ដោយ​គ្រប់​ជ្រុង​ជ្រោយ​រវាង​ភាគី​ទាំង​ពីរ ។ កិច្ច​សហប្រតិបត្តិការ​ផ្នែក​សន្តិសុខ​ជា​វិធីសាស្ត្រ​ដ៏​សំខាន់​ដើម្បី​ជំរុញ​ទំនុក​ចិត្ត​លើ​គ្នា ។ ប្រទេស​ចិន​ស្វាគមន៍​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ប្រទេស​អាស៊ាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​នៅ​ឆ្នាំ​ក្រោយ​ដើម្បី​ធ្វើ​កិច្ចជំនួប​ក្រៅ​ផ្លូវការ ហើយ​រីក​រាយ​បង្កើន​កិច្ចសហប្រតិបត្តិការ​ជា​មួយ​អាស៊ាន​លើ​វិស័យ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន បង្ការ​និង​ព្យាបាល​ជំងឺ​ឆ្លង និង​ប្រឆាំង​ភេរវកម្ម​ជា​ដើម ។

       ការ​អភិវឌ្ឍន៍​របស់​ចិន​និង​អាស៊ាន​បាន​ទទួល​ផលប្រយោជន៍​ពី​ដំណើរការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់ ។ យើង​ត្រូវ​បើ្រ​ប្រាស់​អោយ​បាន​ល្អ​នូវ​វេទិកា​សំខាន់ៗ​ដូច​ជា​ពិព័រណ៍​ចិន​អាស៊ាន​ជា​ដើម ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំង​ពីរ​អោយ​វិវឌ្ឍន៍​ជា​បន្ត​បន្ទាប់ ។ យើង​ត្រូវ​ខំប្រឹង​ប្រែង​សម្រេច​ការ​ចរចា​ផ្នែក​ពាណិជ្ជកម្ម​សេរី​ក្នុង​តំបន់​តាម​ពេល​កំណត់ ដូច​ជា​លើក​កម្ពស់​លំដាប់​ថ្នាក់​នៃ​តំបន់​ពាណិជ្ជកម្ម​សេរី​ចិន​និង​អាស៊ាននិង​ទំនាក់ទំនងភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ដោយ​គ្រប់​ជ្រុង​ជ្រោយ ព្រម​និង​លើក​កម្ពស់​កម្រិត​ធ្វើ​សេរីភាវូបនីយកម្ម​និង​ភាព​ងាយ​ស្រួល​នៃ​ការ​វិនិយោគ​និង​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​តំបន់ ។

       ការ​រួម​គ្នា​កសាង​ផ្លូវ​សូត្រ​លើ​សមុទ្រ​ប្រចាំ​សតវត្សរ៍​ទី ​២១ បាន​បង្កើត​ជា​កាលានុវត្តភាព​​សម្រាប់​ប្រទេស​ចិន​និង​ប្រទេស​អាស៊ាន​ទទួល​បន្ត​និង​ផ្សាយ​ទូលាយ​នូវ​មិត្តភាព​ប្រពៃណី និង​សម្រេច​ភាព​រុង​រឿង​ថ្កុំ​ថ្កើង​ជា​មួយ​គ្នា ។ ប្រទេស​ចិន​ផ្តួច​ផ្តើម​អោយ​សន្មតយក​​ឆ្នាំ​ក្រោយ​ជា​ "ឆ្នាំ​សហប្រតិបត្តិការ​ផ្នែក​មហា​សមុទ្រ​រវាង​ចិន​និង​អាស៊ាន" ។ ឆ្លង​តាម​រយៈ​ការ​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សេដ្ឋកិច្ច​មហាសមុទ្រ វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​មហាសមុទ្រ កិច្ចការពារ​បរិស្ថាន​មហាសមុទ្រ និង​ការ​តភ្ជាប់​គ្នា​លើ​មហាសមុទ្រ​ជា​ដើម ដើម្បី​សម្រេច​ភាព​​រ៉ុងរឿង​ផ្នែក​សេដ្ឋកិច្ច​ជា​មួយ​គ្នា ពាណិជ្ជកម្ម​បំពេញ​បន្លែម​គ្នា និង​ដួងចិត្ត​ប្រជាជន​ផ្សារ​ភ្ជាប់​​គ្នា ។ យើង​ត្រូវ​បន្ត​សកម្ម​គ្រោង​ផែនការ​កសាង​ធនាគារ​វិនិយោគ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ដើម្បី​ផ្តល់​ការ​គាំទ្រ​ដ៏​មាន​កម្លាំង​សម្រាប់​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់ ជា​ពិសេស​នៅ​ក្នុង​ប្រទេស​អាស៊ាន ។

       ឆ្នាំ​ក្រោយ អាស៊ាន​នឹង​បង្កើត​ជា​សហគមន៍​បី​ផ្នែក​សន្តិសុខ​នយោបាយ សេដ្ឋកិច្ច និង​វប្បធម៌​សង្គម ។ នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ដែល​បង្កើត​បាន​នូវ​សហគមន៍​តំបន់​ក្នុង​ប្រវត្តិសាស្ត្រ​អាស៊ី គឺ​មាន​អត្ថន័យ​សំខាន់​ណាស់ ។ ប្រទេស​ចិន​រីករាយ​ពង្រីក​ការ​វិនិយោគ​ចំពោះ​ប្រទេស​មិន​សូវ​អភិវឌ្ឍន៍​របស់​អាស៊ាន បង្កើន​ការ​ផ្លាស់​ប្តូរ​និង​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​ប្រទេស​មហាអនុតំបន់​ទន្លេ​មេគង្គ​ក្នុង​វិស័យ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ការ​អភិវឌ្ឍន៍​សង្គម​ជា​ដើម គាំទ្រ​អាស៊ាន​បង្រួញ​គម្លាត​អភិវឌ្ឍន៍​ផ្ទៃ​ក្នុង​ ជំរុញ​ការ​កសាង​សហគមន៍​អាស៊ាន ។ ការ​អភិវឌ្ឍន៍​និង​ស្ថិរភាព​របស់​អាស៊ី​បូព៌ា​គឺ​សមស្រប​នឹង​ផល​ប្រយោជន៍​របស់​ភាគី​នានា ប្រទេស​ចិន​រីករាយ​បន្ត​គោរព​តាម​ស្មារតី​តំបន់​និយម​ដែល​បើក​ទូលាយ​ក្នុង​ន័យ​បង្កើន​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ដ៏​មាន​លក្ខណៈ​ល្អ​ជាមួយ​ប្រទេស​ក្រៅ​តំបន់​និង​នៅ​ក្នុង​តំបន់ ដើម្បី​រួមគ្នា​រួម​វិភាគទាន​សម្រាប់​ការ​អភិវឌ្ឍន៍​ក្នុង​តំបន់ ។

       តាំង​ពី​ចូល​ឆ្នាំ​នេះ​រៀង​មក សេដ្ឋកិច្ច​ចិន​បាន​ប្រឈម​មុខ​នឹង​សម្ពាធ​ធ្លាក់​ចុះ​ដ៏​ធំ​បង្គួរ ប៉ុន្តែ​យើង​ប្រកាន់​ខ្ជាប់​គោលការណ៍​ទូទៅ​នៃ​ការងារ​ដែលស្វែង​រក​ការ​វិវឌ្ឍន៍​ពី​ក្នុង​ភាពនឹងនរ រក្សា​ការ​អត់​ធ្មត់ សកម្ម​អនុវត្ត មិន​ធ្វើ​ការ​រំញោច​ខ្លាំង មិន​បន្ធូរ​អត្រា​ការប្រាក់​នៃ​ធនាគារ គឺ​បាន​ជំរុញ​ការ​កែ​ទម្រង់​យ៉ាង​ខ្លាំង សម្រប​សម្រួល​រចនាសម្ព័ន្ធ​យ៉ាង​ខ្លាំង ខំប្រឹង​កែ​សម្រួល​ជីវភាព​រស់​នៅ​របស់​ប្រជាជន ទោះ​បី​សន្ទស្សន៍​សេដ្ឋកិច្ច​ខ្លះ​បាន​លេច​ចេញ​ការ​កើន​ឡើង​និង​ធ្លាក់​ចុះ​តិច​តួច​ក្តី ប៉ុន្តែ​ការ​ដំណើរការ​នៃ​​សេដ្ឋកិច្ច​នៅ​តែ​ឋិត​ក្នុង​ក្របខ័ណ្ឌ​សមហេតុផល ហើយ​ប្រសិទ្ធភាព​នៃ​គុណភាព​របស់​កំណើន​សេដ្ឋកិច្ច​ក៏​បាន​កើន​ឡើង​ផង​ដែរ ។ បរិមាណ​នៃ​អង្គភាព​សេដ្ឋកិច្ច​របស់​ចិន​មាន​ច្រើន ការ​បំរុង​ទុក​រូបិយប័ណ្ណ​បរទេស​មាន​ច្រើន ទំហំ​ទីផ្សារ​គឺ​ទូលំទូលាយ យើង​មាន​ជំនឿ​ចិត្ត​និង​មាន​សមត្ថភាព​អាច​រក្សា​កំណើន​សេដ្ឋកិច្ច​ជា​និរន្តរភាព ជឿជាក់​ថា សេដ្ឋកិច្ច​ប្រទេស​ចិន​នៅ​តែ​មាន​សក្តានុពល​អភិវឌ្ឍន៍​ដ៏​ធំធេង​ក្នុង​ពេល​អនាគត ។

       ការ​អភិវឌ្ឍន៍​របស់​ប្រទេស​ចិន​មិន​អាច​ឃ្លាត​ឆ្ងាយ​ពី​អាស៊ាន​ទេ ហើយ​ការ​អភិវឌ្ឍន៍​របស់​អាស៊ាន​ក៏​មិន​អាច​ខណ្ឌ​ចែក​ពី​ប្រទេស​ចិន​ដែរ ។ ទូទាំង​ពិភពលោក​សុទ្ធតែ​ផ្តោត​ការ​យកចិត្តទុកដាក់​ទៅ​លើ​អាស៊ីបូព៌ា សុទ្ធតែ​បាន​ផ្តោត​ការ​យកចិត្តទុកដាក់​ចំពោះ​ចិន​និង​អាស៊ាន ។ នេះ​ជា​តំបន់​ដែល​ពោរ​ពេញ​ទៅ​ដោយ​សេចក្តីសង្ឃឹម​មួយ ។ ប្រទេស​ចិន​នឹង​ឈរ​លើ​គោលជំហរ​ជាមួយ​អាស៊ាន​ដោយ​ម៉ឺងម៉ាត់ រួម​ចិត្ត​រួម​ថ្លើម បង្កើត​សហគមន៍​ជោគ​វិសនា​ចិន​និង​អាស៊ាន​ដែល​​កាន់តែ​ស្អិត​ល្មួត ឆ្ពោះ​ទៅ​រក​សហគមន៍​អាស៊ីបូព៌ា​ដោយ​ជំហាន​នឹងនរ រួម​គ្នា​បង្កើត​អនាគត​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​អាស៊ីបូព៌ា ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ