សម្តេចតេជោ ហ៊ុន សែន នឹងទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ានលើកទី២៥ និងកិច្ចប្រជុំ
ពាក់ព័ន្ធ នៅភូមា
2014-11-09 15:34:35  cri  Web Editor:Li Zhanjing
    សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​ចូលរួម កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​នឹង​ប្រព្រឹត្តទៅពីថ្ងៃ​ទី​១២ ដល់​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​រដ្ឋធានី ណៃ​ពី​ដោ​សាធារណរដ្ឋ​សហភាព មី​យ៉ាន់​ម៉ា តាម​ការអញ្ជើញ​របស់​លោក ថេ​ន សេន (THEN Sein)​ប្រធានាធិបតី នៃ​សាធារណរដ្ឋ សហភាព​មី​យ៉ាន់​ម៉ា​។​
​សេចក្តី​ជូន​ព័ត៌មាន​របស់ ក្រសួងការបរទេស​ក​ម្ពុ​ជា ចុះ​ថ្ងៃទី​៨ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៤​នេះ​បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​នឹង​ប្រព្រឹត្តទៅ ពីថ្ងៃ​ទី​១២ ដល់​ថ្ងៃទី​១៣ ខែវិច្ឆិកា​ឆ្នាំ​២០១៤ រួមមានៈ កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២៥, កិច្ចប្រជុំ​កំពូល អាស៊ាន​-​ឥណ្ឌា​លើក​ទី​១២, កិច្ចប្រជុំ​កំពូល អាស៊ាន​-​ជប៉ុន លើក​ទី​១៧, កិច្ចប្រជុំ​កំពូល អាស៊ាន​-​អង្គការសហប្រជាជាតិ លើក​ទី​៦, កិច្ចប្រជុំ​កំពូល​រំលឹក​ខួប អាស៊ាន​-​អូស្ត្រាលី លើក​ទី​៤០,​កិច្ចប្រជុំ​កំពូល មេគង្គ​-​ជប៉ុន លើក​ទី​៦, កិច្ចប្រជុំ​កំពូល អាស៊ាន​-​សហរដ្ឋអាមេរិក លើក​ទី​២, កិច្ចប្រជុំ​កំពូល អាស៊ាន​-​ចិន លើក​ទី​១៧, កិច្ចប្រជុំ​កំពូល អាស៊ាន​បូក​៣ លើក​ទី​១៧,​កិច្ចប្រជុំ​កំពូល​ធុរកិច្ច និង​វិនិយោគ​អាស៊ាន​, កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​អាស៊ាន ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​, កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា លើក​ទី​៩​។​
​ក្រសួងការបរទេស បាន​ឲ្យ​ដឹង​ទៀតថា គណៈប្រតិភូ​អមដំណើរ រួមមានៈ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​, លោក​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពា​ញិ​ជ្ជ​កម្ម​, លោក ហង្ស ជួន ណា​រ៉ុ​ន​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​សមាជិក​ដទៃទៀត នៃ​រាជរដ្ឋាភិបាល​។​
​ក្រៅពី​កិច្ចប្រជុំ​ខាងលើ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​ជួបពិភាក្សា​ទ្វេភាគី ដាច់ដោយឡែក ជាមួយ​លោក តូ​នី អា​បុ​ត នាយករដ្ឋមន្ត្រី​អូស្ត្រាលី​, លោក ណា​រ៉េ​ន​ដ្រា ម៉ូ​ឌី នាយករដ្ឋមន្ត្រី​ឥណ្ឌា និង​លោក ឌី​មី​ឌ្រី ម៉េ​ដ​វ៉េ​ដេ​វ នាយករដ្ឋមន្ត្រី នៃ​សហព័ន្ធរុស្ស៊ី​៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ