ថ្ងៃទី១៥ខែកញ្ញា លោក Zhang Gaoli ឧបនាយករដ្ឋមន្ត្រីចិនបានជួបសន្ទនាជាមួយលោក Lee Hsien Loong នាយករដ្ឋមន្ត្រីសឹង្ហបុរី សម្តេចហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមរួមជាមួយថ្នាក់ដឹកនាំប្រទេសដទៃទៀតដែលបានអញ្ជើញចូលរួមនៅក្នុងពិព័រណ៌ចិននិងអាស៊ានលើកទី១១និងសន្និសីទកំពូលខាងកិច្ចការពាណិជ្ជកម្មនិងការវិនិយោគទុនរវាងចិននិងអាស៊ាននៅក្រុង Nan ning ភូមិភាគស្វ័យតជនជាតិជាំងក្វាងស៊ី ។
ពេលជួបសន្ទនាជាមួយលោក Lee Hsien Loong លោក Zhang Gaoli បានថ្លែងថា កាលពីខែមុន លោកប្រធានាធិបតី Tan Keng Yam និងលោក Xi Jinping ប្រធានរដ្ឋចិនបានដើរដល់មតិឯកភាពគ្នាជាសំខាន់អំពីការជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងចិននិងសឹង្ហបុរីខណៈពេលដែលលោកមកបំពេញទស្សនកិច្ចនៅប្រទេសចិន ។ ភាគីចិនសង្ឃឹមរួមសហការជាធ្លុងមួយជាមួយភាគីសឹង្ហបុរី ដោយចាត់ទុកខួបឆ្នាំទី២៥ដែលប្រទេសទាំងពីរចិននិងសឹង្ហបុរីចងសម្ព័ន្ធផ្លូវទូតនៅឆ្នាំក្រោយជាឱកាស ធ្វើគម្រោងម៉ាក្រូនិងការណែនាំវិទ្យាសាស្ត្រចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងប្រទេសទាំងពីរឲ្យបានល្អ ហើយជំរុញទំនាក់ទំនងប្រទេសទាំងពីរវិវឌ្ឍន៍ទៅមុខតាមយុគសម័យថ្មី ។
លោក Lee Hsien Loong បង្ហាញថា ទំនាក់ទំនងចិននិងសឹង្ហបុរីរីកចម្រើនទៅមុខយ៉ាងល្អប្រសើរ ភាគីសឹង្ហបុរីរីករាយចិត្តរួមជាមួយភាគីចិន ធ្វើឲ្យការទាក់ទងគ្នាទៅវិញទៅមកនិងសេវាកម្មទំនើបគួបផ្សំជាមួយគ្នា បង្កើតកម្មវិធីកិច្ចសហប្រតិបត្តិការថ្មីរវាងរដ្ឋាភិបាលចិននិងសឹង្ហបុរីនៅភាគខាងលិចប្រទេសចិន ជំរុញការអភិវឌ្ឍន៍តំបន់ភាគខាងលិចប្រទេសចិនជាមួយគ្នា ។
ពេលជួបសន្ទនាជាមួយសម្តេចហ៊ុនសែន លោក Zhang Gaoli បានថ្លែងថា ប្រទេសកម្ពុជាជាប្រទេសនៅជិតខាងដ៏សំខាន់និងជិតស្និទ្ធរបស់ចិន ភាគីចិនរីករាយចិត្តអនុវត្តគោលនយោបាយមេត្រីភាពដែលរាប់អាននឹងកម្ពុជាដោយមិនងាករេ អនុវត្តជាក់ស្តែងនូវមតិឯកភាពដ៏សំខាន់ដែលអ្នកដឹកនាំចិននិងកម្ពុជាបានដើរដល់ ជំរុញទំនាក់ទំនងដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឲ្យរីកចម្រើនទៅមុខ ។
សម្តេចហ៊ុនសែនតំណាងភាគីកម្ពុជាបានថ្លែងអំណរគុណចំពោះភាគីចិនដែលតែងតែផ្តល់ជំនួយដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួននិងបង្ហាញថា រីករាយចិត្តជាមួយភាគីចិន ធ្វើឲ្យកិច្ចសហប្រតិបត្តិការមេត្រីភាពដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកក្នុងគ្រប់វិស័យស៊ីជម្រៅ ជំរុញទំនាក់ទំនងប្រទេសទាំងពីរទទួលការវិវឌ្ឍន៍ថ្មីឥតឈប់ឈរ ។
ក្នុងឱកាសជួបសន្ទនាជាមួយលោក Pham Binh Minh លោក Zhang Gaoli បានថ្លែងថា ប្រទេសចិននិងវៀតណាមបង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ស្វែងរកការអភិវឌ្ឍន៍រួម ជំរុញកិច្ចការសង្គមនិយម គឺមានអត្ថន័យសំខាន់ពិសេស ។ លោកសង្ឃឹមយ៉ាងស្មោះថា ភាគីវៀតណាមយកចិត្តទុកដាក់នូវអ្វីដែលភាគីចិនយកចិត្តទុកដាក់ដ៏ធំសំខាន់ ជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងវៀតណាម ក្នុងការនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនប្រទេសទាំងពីរ ។