ព្រឹកថ្ងៃទី ១៦ ខែកញ្ញា ពិព័រណ៍ចិនអាស៊ានលើកទី ១១ និងសន្និសីទកំពូលពាណិជ្ជកម្មនិងការវិនិយោគទុនរវាងចិននិងអាស៊ានលើកទី ១១ ដែលសហការរៀបចំដោយប្រទេសចិននិងប្រទេសអាស៊ានទាំង ១០ បានសម្ពោធបើកនៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិក្រុងNanning ភូមិភាគស្វ័យត្រជនជាតិជាំងក្វាងស៊ី ។
លោក Zhang Gaoli ឧបនាយករដ្ឋមន្ត្រីចិន លោក Lee Hsien Loong នាយករដ្ឋមន្ត្រីសឹង្ហបូរីដែលជាប្រទេសប្រធានបទ ព្រមទាំងសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លោក Bounyang Vorachith អនុប្រធានាធិបតីឡាវ លោក U Nyan Tun អនុប្រធានាធិបតីមីយ៉ាន់ម៉ា លោក Pham Binh minh ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Tanasak ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ រួមជាមួយនិងតំណាងនៃមជ្ឈដ្ឋាននយោបាយនិងពាណិជ្ជកម្មនៃប្រទេសចិននិងអាស៊ានបានចូលរួមពិធីសម្ពោធបើក ហើយបានថ្លែងសុន្ទរកថាដោយឡែកពីគ្នា ។
នៅក្នុងពិធីសម្ពោធបើក លោក Zhang Gaoli បានថ្លែងសុន្ទរកថាដោយផ្តោតទៅ លើប្រធានបទស្តីពីការរួមគ្នាកសាងផ្លូវសូត្រលើសមុទ្រនៅសតវត្សរ៍ទី ២១ និងបានលើកឡើងនូវសំណើ ៦ ចំណុចក្នុងការជំរុញទំនាក់ទំនងរវាងចិននិងអាស៊ានអោលយវិវឌ្ឍន៍ថែមទៀត ។
ពិព័រណ៍និងសន្និសីទកំពូលនឹងធ្វើបទបង្ហាញយ៉ាងលេចធ្លោអំពីប្រធានបទ "រួមគ្នាកសាងផ្លូវសូត្រតាមសមុទ្រនៅសតវត្សរ៍ទី ២១" ដោយចាប់ផ្តើមពីពេលនេះតទៅ ហើយផ្តោតសំខាន់ទៅលើការកសាងតំបន់ពាណិជ្ជកម្មសេរីចិននិងអាស៊ានដែលឈានឡើងថែមមួយកម្រិតទៀត ជំរុញពាណិជ្ជកម្មមានភាពកាន់តែងាយស្រួល ពង្រីកសេរីភាពក្នុងការវិនិយោគទុននិងធ្វើអោយវិស័យសេវាកម្មមានភាពបើកចំហ ជំរុញការទាក់ទងគ្នាទៅវិញទៅមក ពង្រីកការផ្លាស់ប្តូរក្នុងវិស័យមនុស្សសាស្ត្រ ពង្វាតធំខ្សែរសង្វាក់ផលិតកម្មនៃពិព័រណ៍ ។