សន្និសីទ​តុមូល​អ្នកដឹកនាំ​ប្រព័ន្ធ​សារ​ព័ត៌មាន​អាស៊ីបាន​សម្ភោធ​បើក​នៅ​ Bo Ao ​ខេត្ត ​ហៃណាន ​ប្រទេស​ចិន
2014-04-09 16:49:02  cri  Web Editor:Zhai Qianqian

រសៀលថ្ងៃទី​៨ មេសា  សន្និសីទតុមូលអ្នកដឹកនាំប្រព័ន្ធសារព័ត៌មានអាស៊ីបានសម្ភាធបើកនៅ Bo Ao ​ខេត្ត ហៃណាន​ ប្រទេសចិន ។

នេះគឺជាលើកទីមួយដែលវិទ្យុអន្តរជាតិចិនរៀបចំសន្និសីទអ្នកដឹកនាំប្រព័ន្ធសារព័ត៌មានអាស៊ី  វិទ្យអន្តជាតិចិនបានអញ្ជើញអ្នកដឹកនាំប្រព័ន្ធសារព័ត៌មានចិន  កម្ពុជា  សិង្ហបូរី កូរ៉េខាងត្បូង អូស្ត្រាលី ឡាវ វៀតណាម ឥណ្ឌា​ជាដើមមកចូលរួមសនិ្នសីទលើកនេះ ។

     ឯកឧត្តម តន់ យ៉ាន អគ្គនាយកនៃវិទ្យុជាតិកម្ពុជាបានចូលរួមសន្និសីទតុមូលអ្នកដឹកនាំប្រព័ន្ធសារព័ត៌មានអាស៊ីតាមសេចកី្តអញ្ជើ ។ ក្នុងសនិ្នសីទ ឯកឧត្តម តន់ យ៉ាន ​បាន​ថ្លែងសុន្ទរកថា ឧទេ្ទនាម​អំពីការអភិវឌ្ឍន៍សារព័ត៌មានប្រទេសកម្ពុជា ជាពិសេសគឺវិទ្យុជាតិកម្ពុជា ព្រមទាំង​បាន​ឧទេ្ទសនាម​អំពីលទ្ធផលនៃវិទ្យុមិត្តភាពកម្ពុជាចិន ដែលដំណើរការក្រោមកិច្ចសហប្រតិបតិ្តការនៃវិទ្យអន្តរជាតិចិននិងវិទ្យុជាតិកម្ពុជា  ។ ឯកឧត្តមបានថ្លែងថាៈ

ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាសោមនស្សរីករាយដោយមានកិត្តិយសបានចូលរួមក្នុងសន្និសីទ​Boao Forum for Asia Annual 2014  និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ឧត្តុងឧត្តមរបស់លោកស្រី អស់លោកដែលបានអញ្ជើញចូលរួមសន្និសីទ។

ក្នុងឱកាសដ៏មហោឡារិកនេះ ខ្ញុំសូមអនុញ្ញាតជម្រាបជូនអង្គសន្និសីទឲ្យបានជ្រាបថាវិទ្យុជាតិកម្ពុជាជាស្ថាប័នផ្សព្វផ្សាយរដ្ឋមួយនៅក្នុងក្របខ័ណ្ឌក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។ ចាប់ពីថ្ងៃបដិសន្ធិមក វិទ្យុជាតិកម្ពុជាមានការវិវត្តន៍រីកចំរើនជាបន្តបន្ទាប់ដោយបានបំពេញភារកិច្ចផ្សព្វផ្សាយប្រចាំថ្ងៃយ៉ាងសកម្ម ដើម្បីសម្រេចគោលដៅជាចម្បងរបស់ខ្លួនគឺ បំរើផលប្រយោជន៍ប្រជាជនកម្ពុជា។ បេសកកម្មជាប្រវត្តិសាស្រ្តនេះបានតម្រូវឲ្យវិទ្យុជាតិកម្ពុជាបំពេញនូវតួនាទីសំខាន់ ៗ បីគឺផ្តល់ព័ត៌មាន ផ្តល់ការអប់រំនិង​ការ​កំសាន្តជូនដល់មជ្ឈដ្ឋានអ្នកស្តាប់ភាគច្រើននៅទូទាំងប្រទេស ក្នុងពេលដែលវិទ្យុឯកជនផ្សាយតែនៅទីប្រជុំជន ប៉ុណ្ណោះ ។ 

ខ្លឹមសារសំខាន់ ៗ នៃការផ្សាយប្រចាំថ្ងៃរបស់ វិទ្យុជាតិកម្ពុជា បានផ្តោតជាពិសេសទៅលើការពង្រឹងឯករាជ្យជាតិ សន្តិភាព ស្ថេរភាព សណ្តាប់ធ្នាប់សង្គម ការពង្រឹងនីតិរដ្ឋ ការអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិសេរី ភាពនិងសេចក្តីថ្លៃថ្នូររបស់មនុស្ស ការពារ​វប្បធម៌ទំនៀមទម្លាប់  ប្រពៃណីល្អរបស់ជាតិ  ព្រមទាំងការអភិវឌ្ឍន៍សេដ្ឋកិច្ច  សង្គម  និងការកាត់បន្ថយភាព ក្រីក្ររបស់ប្រជាជន ។ដើម្បីសម្រេចឲ្យបានជោគជ័យតាមខ្លឹមសារនេះ  វិទ្យុជាតិកម្ពុជាបានរៀបចំកម្មវិធីផ្សាយសំខាន់ៗ ជាច្រើនរូបភាពមានលក្ខណៈប្លែក និងទាក់ទាញប្រិយមិត្តអ្នកស្តាប់ ដែលរួមមាន៖

1​.   ការផ្សាយព័ត៌មានពិត ព័ត៌មានប្លែក លឿន អាចទុកចិត្តបាន បទយកការណ៍ សម្ភាសន៍វិចារណកថា អត្ថាធិប្បាយដែលបង្កលក្ខណៈឲ្យអ្នកស្តាប់ ងាយយល់ ងាយចាំ ។វិទ្យុជាតិកម្ពុជាយកចិត្តទុកដាក់ផ្សព្វផ្សាយនូវព្រឹត្តិការណ៍សំខាន់ៗ ទាំង នៅក្នុងប្រទេស ក៏ដូចជានៅលើសកលលោកដែលជាអាទ៍ ការបោះឆ្នោតជ្រើសរើស តំណាងរាស្រ្តនីតិកាលទី 5 នៃរដ្ឋសភា កាលពីថ្ងៃទី 28 កក្កដា ឆ្នាំ 2013  កន្លងទៅដែលបានប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយសន្តិភាព មានលក្ខណៈសេរីត្រឹមត្រូវ និងយុត្តិធម៌។ ទន្ទឹមនេះ ក៏បានផ្សព្វផ្សាយសកម្មភាពរបស់រាជរដ្ឋាភិបាលដែលកំពុងតែអនុវត្តនូវគោលនយោបាយយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី 3 នៅ ក្នុងនីតិកាលទី 5 នៃរដ្ឋសភា  ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចំរើន និងធានា ដល់ការលើកកម្ពស់កំរិតជីវភាពរស់នៅរបស់ប្រជាជនទូទៅលើកស្ទួយសេដ្ឋកិច្ច  ពង្រឹងយុត្តិធម៌  សមធម៌ក្នុងសង្គម  និងផ្តល់សេវាសាធារណៈឲ្យកាន់តែប្រសើរថែមទៀត ។  ជុំវិញការប្រែប្រួលធាតុអាកាស  ក៏ត្រូវបាន វិទ្យុជាតិកម្ពុជាយកចិត្តទុកដាក់ផ្សាយជាបន្តបន្ទាប់ផងដែរ ។

2.   ផ្សព្វផ្សាយខ្លឹមសារអប់រំ​​ ការកំសាន្ត កម្មវិធីសន្ទនាមតិ ជជែកកំសាន្ត ផ្ទាល់ជាមួយ ប្រិយមិត្តអ្នកស្តាប់ដោយបានអញ្ជើញវាគ្មិនកិត្តិយសដែលជាឥស្សរជនសំខាន់ៗ មកពីរាជរដ្ឋាភិបាល  សង្គមស៊ីវិល  វិស័យឯកជន ប្រជាជន  ជនជាតិដើមភាគតិច  និងអ្នក ឯកទេសជាដើម។ កម្មវិធីសន្ទានាមតិនេះ ជាវេទិការជជែកពិភាក្សាផ្ទាល់ដោយលើកឡើងនូវប្រធានបទសំខាន់ ៗ ជុំវិញជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលធ្វើឲ្យវិទ្យុជាតិកម្ពុជាក្លាយជាស្ពានចម្លងដ៏រឹងមាំ​នៃទំនាក់ទំនងរវាងរាជរដ្ឋាភិបាលនិងប្រជាជនដែលជាម្ចាស់ឆ្នោត ។ រីឯវិស័យវប្បធម៌ ប្រពៃណី សិល្បៈបូរាណសម័យ គ្រប់ប្រភេទជាពិសេសសាសនាក៏ត្រូវបានលើកតម្កើងជាប្រចាំ ដោយរដ្ឋធម្មនុញ្ញ បានកំណត់ថា ពុទ្ធសាសនាជាសាសនារបស់រដ្ឋ ។

3.   ការផ្សាយពីទំនាក់ទំនង មិត្តភាព និងសហប្រតិបត្តិការរវាងកម្ពុជា ជាមួយបណ្តា ប្រទេសជាមិត្តជិតឆ្ងាយនៅលើសាកលលោក កម្មវិធីផ្សាយអាស៊ាន  ជាពិសេសការផ្លាស់ប្តូរកម្មវិធីផ្សាយរវាង វិទ្យុជាតិកម្ពុជា ជាមួយវិទ្យុប្រទេសជាមិត្ត  ដែលបានចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងកន្លងមក  ជាអាទ៍  យើងបានសហការបានល្អជាមួយ វិទ្យុអន្តរជាតិចិន (CRI)​​ ចាប់តាំងពីចុះហត្ថលេខាថ្ងៃទី  7 ខែ សីហា ឆ្នាំ​ 2008 រួចមក  យើងបានបង្កើតឡើងនូវវិទ្យុមិត្តភាពកម្ពុជា ចិន  នៅភ្នំពេញ  និងខេត្តសៀមរាបដោយធ្វើការបង្កើនម៉ោងផ្សាយភាសាខ្មែរជាបន្តបន្ទាប់ បង្កលក្ខណៈឲ្យអ្នកស្តាប់នៅកម្ពុជា មានការយល់ដឹងមួយកម្រិតថែមទៀត  ជាពិសេសអំពីទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងប្រជាជននិងរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា ចិន  

ទោះបីជាសម្រេចបាននូវស្នាដៃជាបន្តបន្ទាប់ ក្នុងការផ្សព្វផ្សាយកន្លងមកក៏ដោយ ក៏វិសាលភាពនៃការផ្សាយរបស់ វិទ្យុជាតិកម្ពុជាពុំទាន់គ្របដណ្តប់ពាសពេញប្រទេសនៅឡើយ  ជាពិសេសនៅតាមតំបន់ជនបទដាច់ស្រយាល ។ ប្រឈមនឹងការខ្វះខាតនេះ  វិទ្យុជាតិកម្ពុជានឹងខិតខំកសាងធនធានមនុស្សនិងមូលដ្ឋានសម្ភារៈ បច្ចេកទេស  ដើម្បីបង្កើនគុណភាព  នៃកម្មវិធីផ្សាយ  ពង្រឹងនូវវិជ្ជាជីវៈសារ​ព័ត៌មាន  ដើម្បីរួមចំណែកលើកកម្ពស់នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស  ព្រមទាំង បង្កើនថាមពលនៃការផ្សាយដើម្បីពង្រីកវិសាលភាពនិងប្រសិទ្ធភាពនៃសេវាផ្សព្វផ្សាយ ផ្តល់ព័ត៌មានផ្តល់ការអប់រំនិងការកំសាន្តប្រកបដោយគុណភាព និងសមធម៌ ជូនប្រជាពលរដ្ឋ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។

ជាទីបញ្ចប់ ខ្ញុំសូមសម្តែងអំណរគុណចំពោះ វិទ្យុអន្តរជាតិចិន  ដែលបានរៀបចំ ឲ្យមានការចូលរួមក្នុងសន្និសីទដ៏សំខាន់នេះ សម្រាប់រូបខ្ញុំនិងសហសេវិកខ្ញុំមកពីវិទ្យុជាតិកម្ពុជា។  ខ្ញុំក៏សូមសម្តែងអំណរគុណដល់ស្ថាប័នរៀបចំកម្មវិធីនេះដែលបានផ្តល់នូវបដិសណ្ឋារកិច្ចដ៏កក់ក្តៅចំពោះការស្នាក់នៅរបស់យើងខ្ញុំ ។

ខ្ញុំសូមអរគុណចំពោះការយកចិត្តទុកដាក់ស្តាប់របស់លោកស្រី អស់លោក ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ