ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាសោមនស្សរីករាយដោយមានកិត្តិយសបានចូលរួមក្នុងសន្និសីទ Boao ForumforAsiaAnnual2014និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ឧត្តុងឧត្តមរបស់លោកស្រីអស់លោកដែលបានអញ្ជើញចូលរួមសន្និសីទ ។
ក្នុងឱកាសដ៏មហោឡារិកនេះ ខ្ញុំសូមអនុញ្ញាតជម្រាបជូនអង្គសន្និសីទឲ្យបានជ្រាបថា វិទ្យុជាតិកម្ពុជាជាស្ថាប័នផ្សព្វផ្សាយរដ្ឋមួយនៅក្នុងក្របខ័ណ្ឌក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ។ ចាប់ពីថ្ងៃបដិសន្ធិមកវិទ្យុជាតិកម្ពុជាមានការវិវត្តន៍រីកចំរើនជាបន្តបន្ទាប់ដោយបានបំពេញភារកិច្ចផ្សព្វផ្សាយប្រចាំថ្ងៃយ៉ាងសកម្ម ដើម្បីសម្រេចគោលដៅជាចម្បងរបស់ខ្លួនគឺបំរើផលប្រយោជន៍ប្រជាជនកម្ពុជា ។ បេសកកម្មជាប្រវត្តិសាស្រ្តនេះបានតម្រូវឲ្យវិទ្យុជាតិកម្ពុជាបំពេញនូវតួនាទីសំខាន់ៗបី គឺ ផ្តល់ព័ត៌មាន ផ្តល់ការអប់រំនិងគារកំសាន្តជូនដល់មជ្ឈដ្ឋានអ្នកស្តាប់ភាគច្រើននៅទូទាំងប្រទេសក្នុងពេលដែលវិទ្យុឯកជនផ្សាយតែនៅទីប្រជុំជនប៉ុណ្ណោះ ។
ខ្លឹមសារសំខាន់ៗនៃការផ្សាយប្រចាំថ្ងៃរបស់វិទ្យុជាតិកម្ពុជាបានផ្តោតជាពិសេសទៅលើការពង្រឹងឯករាជ្យជាតិ សន្តិភាពស្ថេរភាព សណ្តាប់ធ្នាប់សង្គម ការពង្រឹងនីតិរដ្ឋ ការអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សការគោរពសិទ្ធិសេរីភាពនិងសេចក្តីថ្លៃថ្នូររបស់មនុស្សការពារវប្បធម៌ទំនៀមទម្លាប់ប្រពៃណីល្អរបស់ជាតិព្រមទាំងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ។ ដើម្បីសម្រេចឲ្យបានជោគជ័យតាមខ្លឹមសារនេះ វិទ្យុជាតិកម្ពុជាបានរៀបចំកម្មវិធីផ្សាយសំខាន់ៗជាច្រើនរូបភាពមានលក្ខណៈប្លែកនិងទាក់ទាញប្រិយមិត្តអ្នកស្តាប់ដែលរួមមាន៖
1. ការផ្សាយព័ត៌មានពិតព័ត៌មានប្លែកលឿនអាចទុកចិត្តបានបទយកការណ៍សម្ភាសន៍វិចារណកថា អត្ថាធិប្បាយដែលបង្កលក្ខណៈឲ្យអ្នកស្តាប់ងាយយល់ងាយចាំ ។វិទ្យុជាតិកម្ពុជាយកចិត្តទុកដាក់ផ្សព្វផ្សាយនូវព្រឹត្តិការណ៍សំខាន់ៗទាំងនៅក្នុងប្រទេសក៏ដូចជានៅលើសកលលោកដែលជាអាទ៍ ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី 5 នៃរដ្ឋសភាកាលពីថ្ងៃទី 28 កក្កដា ឆ្នាំ 2013 កន្លងទៅដែលបានប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយសន្តិភាពមានលក្ខណៈសេរីត្រឹមត្រូវនិងយុត្តិធម៌ ។ ទន្ទឹមនេះ ក៏បានផ្សព្វផ្សាយសកម្មភាពរបស់រាជរដ្ឋាភិបាលដែលកំពុងតែអនុវត្តនូវគោលនយោបាយយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី 3 នៅក្នុងនីតិកាលទី 5 នៃរដ្ឋសភា ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចំរើននិងធានាដល់ការលើកកម្ពស់កំរិតជីវភាពរស់នៅរបស់ប្រជាជនទូទៅលើកស្ទួយសេដ្ឋកិច្ចពង្រឹងយុត្តិធម៌សមធម៌ក្នុងសង្គមនិងផ្តល់សេវាសាធារណៈឲ្យកាន់តែប្រសើរថែមទៀត ។ ជុំវិញការប្រែប្រួលធាតុអាកាសក៏ត្រូវបានវិទ្យុជាតិកម្ពុជាយកចិត្តទុកដាក់ផ្សាយជាបន្តបន្ទាប់ផងដែរ ។
2. ផ្សព្វផ្សាយខ្លឹមសារអប់រំការកំសាន្តកម្មវិធីសន្ទនាមតិជជែកកំសាន្តផ្ទាល់ជាមួយប្រិយមិត្តអ្នកស្តាប់ដោយបានអញ្ជើញវាគ្មិនកិត្តិយសដែលជាឥស្សរជនសំខាន់ៗមកពីរាជរដ្ឋាភិបាលសង្គមស៊ីវិលវិស័យឯកជន ប្រជាជន ជនជាតិដើមភាគតិចនិងអ្នកឯកទេសជាដើម ។ កម្មវិធីសន្ទានាមតិនេះជាវេទិការជជែកពិភាក្សាផ្ទាល់ដោយលើកឡើងនូវប្រធានបទសំខាន់ៗជុំវិញជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលធ្វើឲ្យវិទ្យុជាតិកម្ពុជាក្លាយជាស្ពានចម្លងដ៏រឹងមំានៃទំនាក់ទំនងរវាងរាជរដ្ឋាភិបាលនិងប្រជាជនដែលជាម្ចាស់ឆ្នោត ។ រីឯវិស័យវប្បធម៌ប្រពៃណីសិល្បៈបូរាណសម័យគ្រប់ប្រភេទជាពិសេសសាសនាក៏ត្រូវបានលើកតម្កើងជាប្រចាំដោយរដ្ឋធម្មនុញ្ញបានកំណត់ថា ពុទ្ធសាសនាជាសាសនារបស់រដ្ឋ ។
3. ការផ្សាយពីទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការរវាងកម្ពុជាជាមួយបណ្តាប្រទេសជាមិត្តជិតឆ្ងាយនៅលើសាកលលោកកម្មវិធីផ្សាយអាស៊ានជាពិសេសការផ្លាស់ប្តូរកម្មវិធីផ្សាយរវាងវិទ្យុជាតិកម្ពុជាជាមួយវិទ្យុប្រទេសជាមិត្តដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកន្លងមកជាអាទ៍ យើងបានសហការបានល្អជាមួយវិទ្យុអន្តរជាតិចិន(CRI)ចាប់តាំងពីចុះហត្ថលេខាថ្ងៃទី 7 ខែ សីហា ឆ្នំា 2008 រួចមកយើងបានបង្កើតឡើងនូវវិទ្យុមិត្តភាពកម្ពុជាចិននៅភ្នំពេញនិងខេត្តសៀមរាបដោយធ្វើការបង្កើនម៉ោងផ្សាយភាសាខ្មែរជាបន្តបន្ទាប់ បង្កលក្ខណៈឲ្យអ្នកស្តាប់នៅកម្ពុជាមានការយល់ដឹងមួយកម្រិតថែមទៀតជាពិសេសអំពីទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការរវាងប្រជាជននិងរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជាចិន ។
ទោះបីជាសម្រេចបាននូវស្នាដៃជាបន្តបន្ទាប់ក្នុងការផ្សព្វផ្សាយកន្លងមកក៏ដោយក៏វិសាលភាពនៃការផ្សាយរបស់វិទ្យុជាតិកម្ពុជាពុំទាន់គ្របដណ្តប់ពាសពេញប្រទេសនៅឡើយ ជាពិសេសនៅតាមតំបន់ជនបទដាច់ស្រយាល ។ ប្រឈមនឹងការខ្វះខាតនេះ វិទ្យុជាតិកម្ពុជានឹងខិតខំកសាងធនធានមនុស្សនិងមូលដ្ឋានសម្ភារៈបច្ចេកទេស ដើម្បីបង្កើនគុណភាពនៃកម្មវិធីផ្សាយពង្រឹងនូវវិជ្ជាជីវៈសាព័ត៌មាន ដើម្បីរួមចំណែកលើកកម្ពស់នីតិរដ្ឋនិងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សព្រមទាំងបង្កើនថាមពលនៃការផ្សាយ ដើម្បីពង្រីកវិសាលភាពនិងប្រសិទ្ធភាពនៃសេវាផ្សព្វផ្សាយផ្តល់ព័ត៌មានផ្តល់ការអប់រំនិងការកំសាន្តប្រកបដោយគុណភាពនិងសមធម៌ជូនប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។
ជាទីបញ្ចប់ ខ្ញុំសូមសម្តែងអំណរគុណចំពោះវិទ្យុអន្តរជាតិចិនដែលបានរៀបចំឲ្យមានការចូលរួមក្នុងសន្និសីទដ៏សំខាន់នេះសម្រាប់រូបខ្ញុំនិងសហសេវិកខ្ញុំមកពីវិទ្យុជាតិកម្ពុជា ។ ខ្ញុំក៏សូមសម្តែងអំណរគុណដល់ស្ថាប័នរៀបចំកម្មវិធីនេះដែលបានផ្តល់នូវបដិសណ្ឋារកិច្ចដ៏កក់ក្តៅចំពោះការស្នាក់នៅរបស់យើងខ្ញុំ ។