ថ្ងៃទី៩ខែតុលា លោកLi Keqiangនាយករដ្ឋមន្រ្តីចិនបានចូលរួមសន្និសីទថ្នាក់ដឹកនាំចិន-អាស៊ានលើកទី១៦ ហើយបានថ្លែងសុន្ទរកថា ដោយបានអធិប្បាយលើមតិឯកភាព២ខាងនយោបាយនិងគំនិតស្តីពីកិច្ចសហប្រតិបត្តិការក្នុង៧វិស័យដែលផ្តួចផ្តើមដោយភាគីចិន ជារួមមានន័យថាក្របខ័ណ្ឌសហប្រតិបត្តិការ២បូក៧ នេះជាការបង្ហាញនិងការផ្តួចផ្តើមខាងគោលនយោបាយរបស់រដ្ឋាភិបាលអាណត្តិថ្មីរបស់ចិនអំពីការអភិវឌ្ឍន៍ទំនាក់ទំនងចិន-អាស៊ាន។
មតិឯកភាព២ចំណុចរួមមាន៖
ទី១ ឫសគល់នៃការជំរុញកិច្ចសហប្រតិបត្តិការគឺការធ្វើឲ្យមានទំនុកចិត្តគ្នាជាយុទ្ធសាស្រ្តនិងស៊ីជម្រៅ ត្រួសត្រាយការមានមេត្រីរាប់អាននិងប្រទេសជិតខាងរួមរស់ដោយសុខដុមរមនា។ ទី២ ចំណុចគន្លឹះនៃការធ្វើឲ្យកិច្ចសហប្រតិបត្តិការស៊ីជម្រៅគឺការផ្តោតសំខាន់ទៅដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ពង្រីកការផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ។
ការលើកឡើងនូវគំនិតខាងកិច្ចសហប្រតិបត្តិការក្នុង៧វិស័យគឺ ទី១ សកម្មស្វែងរកការចុះហត្ថលេខាលើសន្ធិសញ្ញាសហប្រតិបត្តិការដោយមេត្រីភាពនិងការរួមរស់នៅដោយសុខដុមរមនារវាងចិននិងប្រទេសអាស៊ាន។ ទី២គឺចាប់ដំណើរការការចរចាកម្រិតកាន់តែខ្ពស់ស្តីពីតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ជំរុញភាគីទាំងអស់ឲ្យចាត់វិធានការបើកចំហកាន់តែទូលាយខាងពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្មនិងកិច្ចសហប្រតិបត្តិការខាងការវិនិយោគទុនជាដើម។ ទី៣ពន្លឿនកិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធនៃការតភ្ជាប់គ្នានិងការផ្លាស់ប្តូរគ្នា។ ទី៤ បង្កើនកិច្ចសហប្រតិបត្តិការខាងហិរញ្ញវត្ថុនិងការបង្ការហានិភ័យនៃតំបន់។ ទី៥ ជំរុញដោយនឹងនរនូវកិច្ចសហប្រតិបត្តិការលើសមុទ្រ។ ទី៦បង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការខាងសន្តិសុខ។ ទី៧ ធ្វើឲ្យការផ្លាស់ប្តូរកាន់តែស្អិតល្មួតខាងមនុស្សសាស្រ្ត បច្ចេកវិទ្យានិងការការពារអេកូ-បរិស្ថាន ពង្រឹងមូលដ្ឋាននៃឆន្ទៈប្រជាជនិងកិច្ចសហប្រតិបត្តិការទ្វេភាគី៕