ពេល​ចូលរួម​វេទិកា​កំពូល​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ចិន​និង​ម៉ាឡេស៊ី លោក ​Xi Jinping បាន​គូស​បញ្ជាក់​ថា ក្តាប់​យក​ឱកាស បន្ត​បើក​ទំព័រ​ថ្មី​ដើម្បី​ធ្វើ​កិច្ច​សហប្រតិបត្តិការ​និង​ផ្តល់​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក
2013-10-05 16:08:24  cri  Web Editor:Xu

       ថ្ងៃ​ទី ​៤ ​ខែ​តុលា លោក ​Xi Jinping ប្រធានរដ្ឋ​ចិន​និង​លោក ​Najib ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​បាន​អញ្ជើញ​ចូលរួម​វេទិការ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​រវាង​ចិន​និង​ម៉ាឡេស៊ី​ជាមួយ​គ្នា​នៅ​ក្រុង​គូឡាឡំពួរ ហើយ​បាន​ថ្លែង​សុន្ទរកថា​សំខាន់​ស្តីពី​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាក់​ស្តែង​រវាង​ប្រទេស​ទាំង​ពីរ និង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស​ចិន សង្ឃឹម​ឥស្សរជន​ក្នុង​មជ្ឈដ្ឋាន​សេដ្ឋកិច្ច​ប្រទេស​ទាំង​ពីរ​នឹង​ក្តាប់​យក​ឱកាស បន្ត​បើក​ទំព័រ​ថ្មី​ដើម្បី​កិច្ច​សហប្រតិបត្តិការ​និងផ្តល់​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក ។

       ក្នុង​កថា​ជូនពរ លោក ​Xi Jinping បាន​មាន​ប្រសាសន៍​ថា តាំង​ពី​ប្រទេស​ចិន​និង​ម៉ាឡេស៊ី​បាន​ចង​សម្ព័ន្ធ​ការទូត​ ៣៩ ​ឆ្នាំ​រៀង​មក កិច្ចសហប្រតិបត្តិការ​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​ត្រូវ​ពង្រីក​ដ៏​ស៊ី​ជម្រៅ​ដោយ​ឥត​ឈប់​ឈរ ។ ប្រទេស​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ម៉ាឡេស៊ី​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​ជាប់ រីឯ​ម៉ាឡេស៊ី​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ក្នុង​អាស៊ាន​របស់​ប្រទេស​ចិន​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ជាប់ កិច្ច​សហប្រតិបត្តិការ​របស់​ភាគី​ទាំង​ពីរ​លើ​គ្រប់​វិស័យ​សុទ្ធតែ​បាន​ដើរ​ក្នុង​ជួរ​មុខ​ក្នុង​កិច្ច​សហប្រតិបត្តិការ​រវាង​ចិន​និង​អាស៊ាន ។

       លោក ​Xi Jinping បាន​លើក​ឡើង​នូវ​សំណើរ​ស្តីពី​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ។ ទីមួយគឺ ពង្រីក​ពាណិជ្ជកម្ម​ទ្វេភាគី ខំប្រឹង​ធ្វើ​ឲ្យ​បរិមាណ​ទឹក​ប្រាក់​ពាណិជ្ជកម្ម​ដើរ​ដល់​ ១​ សែន ​៦ ​ម៉ឺន​លាន​ដុល្លារ​អាមេរិក​នៅ​​ឆ្នាំ​ ២០១៧ ។ ទីពីរ​គឺ ជំរុញ​ការ​វិនិយោគន៍​ទៅ​វិញ​ទៅ​មក បន្ត​គាំទ្រ​ការ​កសាង​សួន​ឧស្សាហកម្ម​ក្រុង​Qinzhou ​និង​ក្រុង​Kuantan ។ ទី​បី​គឺ ពង្រីក​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ហិរញ្ញវត្ថុ ពង្រីក​ទ្រង់​ទ្រាយ​ប្តូរ​រូបិយវត្ថុ​របស់​ខ្លួន​រវាង​​ទ្វេភាគី ចៀស​វាង​គ្រោះ​ថ្នាក់​នៃ​ហិរញ្ញវត្ថុ ។ ទីបួន​គឺ បង្កើន​កិច្ច​សហប្រតិបត្តិការ​ផ្នែក​កសិកម្ម​និង​នេសាទ​ឲ្យ​ស៊ី​ជម្រៅ ។ ទីប្រាំ​គឺ ពួត​ដៃ​គ្នា​ជំរុញ​កិច្ចសហប្រតិបត្តិការ​តំបន់ ជំរុញ​ការ​អភិវឌ្ឍន៍​ជា​មួយ​គ្នា ។

       លោក ​Najib ​បាន​ថ្លែង​ថា បច្ចុប្បន្ន​នេះ និន្នាកា​កំណើន​សេដ្ឋកិច្ច​ក្នុង​អាស៊ី​គឺ​ខ្លាំង​ក្លា តួនាទី​​នៃ​ទ្វីប​អាស៊ី​ក្នុង​ឆាក​អន្តរជាតិ​បាន​លើក​កម្ពស់​ជា​រៀង​រាល់​ថ្ងៃ ។ ម៉ាឡេស៊ី​និង​ចិន​ជា​ដៃគូ​សហប្រតិបត្តិការ​ដ៏​សំខាន់​ទៅ​វិញ​ទៅ​មក ប្រទេស​ទាំង​ពីរ​ត្រូវ​ចាត់​ទុក​ការ​បង្កើត​ទំនាក់​ទំនង​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ជា​ឱកាស​សំខាន់ ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ផ្តល់​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក សម្រេច​ការ​អភិវឌ្ឍន៍​រួម ហើយ​រួម​វិភាគទាន​កាន់​តែ​ធំ ដើម្បី​ជំរុញ​សន្តិភាព​និង​ភាព​រុងរឿង​ថ្កុំថ្កើង​ក្នុង​តំបន់​និង​ពិភពលោក ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ