បឹង ​Qing​ hai ​ ដែល​មាន​ទេសភាព​ដ៏​ស្អាត​ត្រកាល
2013-09-02 18:14:20  cri  Web Editor:cambodian

ខេត្ត​Qing ​hai ​ជាទី​កន្លែង​ដ៏​អាថ៌​កំបាំង​និង​ទាក់​ទាញ​ចិត្ត​មួយ ​ជា​ខេត្ត​សំខាន់​មួយ​នៅ​លើ​ខ្ពង់​​រាប​Qing​ hai​និង​ទីបេត៍​របស់​ចិន​ ហើយ​បាន​ត្រូវ​សន្មត​​ឈ្មោះ​នេះ​ដោយ​មកពី​មាន​បឹង​ Qing ​hai ​ដែល​ជា​បឹង​ទឹក​ប្រៃ​នៅ​ដីគោក​ដ៏​ធំបំផុត​នៃ​ប្រទេស​ចិន ។

បឹង​ Qing ​hai ​ស្ថិត​​នៅ​ភាគ​ឦសាន​នៃ​ខ្ពង់​រាប​Qing ​hai​និង​ទីបេត៍ ​ឃ្លាត​ពី​ក្រុង​Xi ​ning​ដែល​ជា​ទី​រួម​ខេត្ត​ចម្ងាយ​១៥០​គីឡូម៉ែត្រ​ មាន​ផ្ទៃដី​​៤៥០០​គីឡូម៉ែត្រ​ក្រឡា​ មាន​ឧព្វេធ​​៣២០០​ម៉ែត្រ ។​ កន្លែង​នេះ​មាន​ផ្ទៃ​ដី​​ធំ​ទូលាយ​ វាល​ស្មៅ​ល្វឹង​ល្វើយ ​ទន្លេ​បឹងបួ​ច្រើន​កុះករ​និង​មាន​ធម្មជាតិ​ដ៏​ស្ងាត់​ស្ងៀម​ ។​ កន្លែង​នេះ ​មាន​អាកាសធាតុ​ត្រជាក់​ស្រួល​ ទោះបី​ជា​នៅ​រដូវ​ក្តៅ​ដែល​មាន​ពន្លឺ​ព្រះអាទិត្យ​ដ៏​ខ្លាំង​ក្តី ក៏​ប៉ុន្តែ​សីតុណ្ហភាព​ជា​មធ្យម​ក្នុង​មួយ​​ថ្ងៃ​គឺ​​ប្រហែល​ជា​១៥​អង្សា ​ជា​កន្លែង​ដ៏​ល្អ​ប្រសើរ​មួយ​សម្រាប់​សម្រាក​លំហែ​កាយ​ពេល​រដូវ​ក្តៅ​ ។

បឹង ​Qing ​hai ​ជា​កន្លែង​ទេសចរណ៍​មួយ​ដែល​ពោរ​ពេញ​ទៅ​ដោយ​ភាពអច្ឆរិយៈ​និង​អាថ៌​កំបាំង​ ហើយ​ក៏ជា​បឹង​រតនៈ​​ដ៏​ធំ​សម្បើម​មួយ​ដែល​ត្រូវ​អ្នកវិទ្យាសាស្ត្រ​ទូទាំង​ពិភពលោក​យកចិត្តទុកដាក់​ផង​ដែរ ​។ ស្ថាប័ន​មាន​សមត្ថកិច្ច​នៃ​រដ្ឋាភិបាលចិន​ធ្លាប់​ធ្វើ​ការស្ទង់​ពិនិត្យ​ជា​ច្រើន​លើក​នូវ​បឹង​ Qing ​hai ​នេះ​ហើយ បាន​រក​ឃើញ​ធនធាន​រ៉ែ​ដ៏​សម្បូណ៌​ក្នុង​បឹង​ Qing ​hai ។​ បឹង​នេះ​សម្បូណ៌​ត្រី​Huang ​ជា​ជង្រុក​ត្រី​ធម្មជាតិ​ធំ​បំផុត​នៅ​តំបន់​ភាគ​ពាយ័ព្យ​របស់​ចិន ។

កោះ​បក្សី​នៅ​លើ​​បឹង​ Qing​ hai​ ជា​កន្លែង​ទេសចរណ៍​ដ៏​ល្បី​ឈ្មោះ ។​ កោះ​បក្សី​ស្ថិត​នៅ​ភាគ​ពាយ័ព្យ​នៃ​បឹង​ Qing ​hai​ មាន​បក្សី​ផ្លាស់​លំនៅ​តាម​រដូវ​គ្រប់​ប្រភេទ​ចំនួន​ជាង​១​សែន​ក្បាល ​ត្រូវ​គេ​ប្រសិទ្ធនាម​​ថា ​ជា​ពិភព​នៃ​​បក្សី​និង​អាណាចក្រ​នៃ​បក្សី ​។ កោះ​បក្សី​ជា​កន្លែង​ទាក់​ទាញ​អ្នកទេសចរណ៍​ច្រើន​បំផុត​នៃ​បឹង​ Qing ​hai ​។ នៅ​រដូវ​ផ្ការីក​រៀង​រាល់​ឆ្នាំ ​មាន​បក្សី​ផ្លាស់​លំនៅ​តាម​រដូវ​កាល​ប្រហែល​១សែន​ក្បាល​បាន​ហោះ​ហើរ​ពី​ភាគ​ខាង​ត្បូង​និង​អាស៊ី​អាគ្នេយ៍​មក​តាំង​លំនៅ​និង​បន្ត​ពូជ​នៅ​កោះ​នេះ ។

ទេសភាព​ដ៏​ស្អាត​ត្រកាល​នៃ​បឹង​ Qing​ hai ​បាន​ទាក់​ទាញ​អ្នកទេសចរ​រាប់​ពាន់​នាក់ ​ក្លាយ​ទៅ​ជា​កន្លែង​ទេសចរណ៍​ដែល​មាន​អ្នកទេសចរ​ក្នុង​និង​ក្រៅ​ប្រទេស​ចិន​ច្រើន​កុះ​ករ ។​ ដើម្បី​អភិវឌ្ឍន៍​របរ​ទេសចរណ៍​នៃ​ខ្ពង់រាប​ដែល​ទើប​រីកចម្រើន​ ស្ថាប័ន​​ទេសចរណ៍​នៃ​ខេត្ត ​Qing ​hai ​បាន​បង្កើត​​កន្លែង​ទេសចរណ៍​នៅ​បឹង​ Qing​ hai ​អ្នកទេសចរ​ទៅ​ដល់​កន្លែង​នោះ​ មិន​គ្រាន់តែ​អាច​ទស្សនា​ទេសភាព​នៃ​តំបន់​គង្វាល​នៃ​ខ្ពង់​រាប​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ក៏​អាច​ជិះ​សេះ​និង​ចាមរី ​ឬ​ទៅ​ទស្សនា​នៅ​ផ្ទះ​អ្នកគង្វាល​ដើម្បី​ស្វែង​យល់​ពី​ប្រពៃណី​ទំនៀម​ទម្លាប់​​របស់​អ្នកគង្វាល​ជនជាតិ​ទីបេត៍ ។

1 2
ទាក់ទង​ជាមួយ​យើង​ខ្ញុំ