ខេត្តQing hai ជាទីកន្លែងដ៏អាថ៌កំបាំងនិងទាក់ទាញចិត្តមួយ ជាខេត្តសំខាន់មួយនៅលើខ្ពង់រាបQing haiនិងទីបេត៍របស់ចិន ហើយបានត្រូវសន្មតឈ្មោះនេះដោយមកពីមានបឹង Qing hai ដែលជាបឹងទឹកប្រៃនៅដីគោកដ៏ធំបំផុតនៃប្រទេសចិន ។
បឹង Qing hai ស្ថិតនៅភាគឦសាននៃខ្ពង់រាបQing haiនិងទីបេត៍ ឃ្លាតពីក្រុងXi ningដែលជាទីរួមខេត្តចម្ងាយ១៥០គីឡូម៉ែត្រ មានផ្ទៃដី៤៥០០គីឡូម៉ែត្រក្រឡា មានឧព្វេធ៣២០០ម៉ែត្រ ។ កន្លែងនេះមានផ្ទៃដីធំទូលាយ វាលស្មៅល្វឹងល្វើយ ទន្លេបឹងបួច្រើនកុះករនិងមានធម្មជាតិដ៏ស្ងាត់ស្ងៀម ។ កន្លែងនេះ មានអាកាសធាតុត្រជាក់ស្រួល ទោះបីជានៅរដូវក្តៅដែលមានពន្លឺព្រះអាទិត្យដ៏ខ្លាំងក្តី ក៏ប៉ុន្តែសីតុណ្ហភាពជាមធ្យមក្នុងមួយថ្ងៃគឺប្រហែលជា១៥អង្សា ជាកន្លែងដ៏ល្អប្រសើរមួយសម្រាប់សម្រាកលំហែកាយពេលរដូវក្តៅ ។
បឹង Qing hai ជាកន្លែងទេសចរណ៍មួយដែលពោរពេញទៅដោយភាពអច្ឆរិយៈនិងអាថ៌កំបាំង ហើយក៏ជាបឹងរតនៈដ៏ធំសម្បើមមួយដែលត្រូវអ្នកវិទ្យាសាស្ត្រទូទាំងពិភពលោកយកចិត្តទុកដាក់ផងដែរ ។ ស្ថាប័នមានសមត្ថកិច្ចនៃរដ្ឋាភិបាលចិនធ្លាប់ធ្វើការស្ទង់ពិនិត្យជាច្រើនលើកនូវបឹង Qing hai នេះហើយ បានរកឃើញធនធានរ៉ែដ៏សម្បូណ៌ក្នុងបឹង Qing hai ។ បឹងនេះសម្បូណ៌ត្រីHuang ជាជង្រុកត្រីធម្មជាតិធំបំផុតនៅតំបន់ភាគពាយ័ព្យរបស់ចិន ។
កោះបក្សីនៅលើបឹង Qing hai ជាកន្លែងទេសចរណ៍ដ៏ល្បីឈ្មោះ ។ កោះបក្សីស្ថិតនៅភាគពាយ័ព្យនៃបឹង Qing hai មានបក្សីផ្លាស់លំនៅតាមរដូវគ្រប់ប្រភេទចំនួនជាង១សែនក្បាល ត្រូវគេប្រសិទ្ធនាមថា ជាពិភពនៃបក្សីនិងអាណាចក្រនៃបក្សី ។ កោះបក្សីជាកន្លែងទាក់ទាញអ្នកទេសចរណ៍ច្រើនបំផុតនៃបឹង Qing hai ។ នៅរដូវផ្ការីករៀងរាល់ឆ្នាំ មានបក្សីផ្លាស់លំនៅតាមរដូវកាលប្រហែល១សែនក្បាលបានហោះហើរពីភាគខាងត្បូងនិងអាស៊ីអាគ្នេយ៍មកតាំងលំនៅនិងបន្តពូជនៅកោះនេះ ។
ទេសភាពដ៏ស្អាតត្រកាលនៃបឹង Qing hai បានទាក់ទាញអ្នកទេសចររាប់ពាន់នាក់ ក្លាយទៅជាកន្លែងទេសចរណ៍ដែលមានអ្នកទេសចរក្នុងនិងក្រៅប្រទេសចិនច្រើនកុះករ ។ ដើម្បីអភិវឌ្ឍន៍របរទេសចរណ៍នៃខ្ពង់រាបដែលទើបរីកចម្រើន ស្ថាប័នទេសចរណ៍នៃខេត្ត Qing hai បានបង្កើតកន្លែងទេសចរណ៍នៅបឹង Qing hai អ្នកទេសចរទៅដល់កន្លែងនោះ មិនគ្រាន់តែអាចទស្សនាទេសភាពនៃតំបន់គង្វាលនៃខ្ពង់រាបប៉ុណ្ណោះទេ ថែមទាំងក៏អាចជិះសេះនិងចាមរី ឬទៅទស្សនានៅផ្ទះអ្នកគង្វាលដើម្បីស្វែងយល់ពីប្រពៃណីទំនៀមទម្លាប់របស់អ្នកគង្វាលជនជាតិទីបេត៍ ។