"ផ្សែងហុយឡើងត្រង់ទៅលើនៅកណ្តាលវាលខ្សាច់ ព្រះអាទិត្យមូលអស្តង្គតលើទន្លេវែង" ។ នេះជាកំណាព្យដ៏ល្បីឈ្មោះរបស់លោក Wang Wei កវីដ៏ល្បីល្បាញនៅរជ្ជកាល Tang ដែលល្បីរន្ទឺជាងមួយពាន់ឆ្នាំមកទល់បច្ចុប្បន្ន ។ កន្លែងដែលកំណាព្យបានរៀបរាប់គឺតំបន់ Sha po tou ស្ថិតនៅក្នុងស្រុកZhongwei ភាគខាងលិចនៃភូមិភាគស្វយ័តជនជាតិ Hui Ningxia ។
Sha po tou ជាតំបន់ការពារធម្មជាតិនៃអេកូឡូស៊ីវាលខ្សាច់ថ្នាក់ជាតិទីមួយរបស់ប្រទេសចិន នៅទីនេះមានរមណីយដ្ឋានជិះស្គីលើខ្សាច់ធម្មជាតិធំជាងគេក្នុងប្រទេសចិន ។ មានគេនិយាយលេងថា "មិនទៅដល់តំបន់ Sha po tou គឺស្មើនឹងមិនបានទៅដល់Ningxia ដូច្នោះ !" ភ្ញៀវទេសចរណ៍ទៅដល់ទីនោះសុទ្ធតែនឹងទៅទទួលបទពិសោធន៍ពីកម្មវិធីទេសចរណ៍ដ៏ពិសេស គឺការជិះស្គីលើខ្សាច់នេះមិនខាន ។
ក្រៅពីនេះ មានកម្មវិធីទេសចរណ៍ពិសេសមួយទៀត គឺការជិះឧបករណ៍ឆ្លងទឹកទន្លេដែលមានប្រវត្តិសាស្ត្រដ៏យូលង់ គឺជិះ "ក្បូនស្បែកពពែ" ឆ្លងកាត់ទន្លេលឿងដែលមានទឹកហូរត្របាញ់ ទៅដល់ឆ្នេរម្ខាងទៀត ។ ក្បូនស្បែកពពែបែបនេះក៏ត្រូវគេហៅថា "Pai zi" គឺធ្វើដោយកាត់ក្បាលនិងក្រចកពពែចេញ ហើយដេរស្បែកពពែ ដែលត្រូវព្រលាត់ចេញទាំងមូលនោះឲ្យដិត ពេលប្រើប្រាស់ត្រូវផ្លុំបញ្ចៀលខ្យល់ឲ្យវាប៉ោងឡើង ។ យកស្បែកពពែដែលប៉ោងឡើងប្រហែលជាង ១០ ទៅចងភ្ជាប់ជាជួរ មនុស្សតែម្នាក់ក៏អាចរើរួច ស្រួលណាស់ ។
បើថាSha po tou បានច្នៃប្រឌិតនូវអច្ឆរិយៈមួយ នោះបឹងសាហួ( Shahu) គឺជាអច្ឆរិយៈមួយទៀតនៃវាលខ្សាច់ ។ តំបន់រមណីយដ្ឋានបឹងShahuស្ថិតនៅក្នុងស្រុកPingluo ដែលមានចម្ងាយ ៥៦ គីឡូម៉ែត្រពីភាគពាយ័ព្យក្រុងYinchuan ទីប្រជុំជននៃភូមិភាគស្វ័យតជនជាតិHui Ningxia មានផ្ទៃដី៨០គីឡូម៉ែត្រក្រឡា ក្នុងចំណោមនោះមានទំហំផ្ទៃទឹក ៤៥ គីឡូម៉ែត្រក្រឡា ទំហំដីសើម ១០ គីឡូម៉ែត្រក្រឡា ទំហំវាលខ្សាច់ ២៣ គីឡូម៉ែត្រក្រឡា ។ ទឹកទន្លេលឿងហូរចូលបឹងShahu តភ្ជាប់ជាមួយបឹងនិងដីសើមជាច្រើន ។
បឹង Shahu មានធនធានដ៏សម្បូរស្តុកស្តម្ភ ក្នុងទឹកបឹងមានត្រីរាប់សិបប្រភេទរស់នៅអស់កាលជាច្រើនឆ្នាំមកហើយ ក្នុងចំណោមនោះ "ត្រីក្បាលធំ"ព្រៃគឺល្បីឈ្មោះជាងគេ ដោយសារមានក្បាលធំនិងខ្លួនតូច ដូច្នេះបានជាត្រូវគេដាក់ឈ្មោះបែបនេះ ។ ក្នុងក្បាលត្រីសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជាប្រូតេអ៊ីន និងវីតាមីនជាដើម ។ ដូច្នេះ បើធ្វើដំណើរទៅកំសាន្តនៅបឹង Shahu គឺត្រូវតែភ្លក់រសជាតិត្រីក្បាលធំ ។ ដោយសារវាជាអាហារបៃតងនិងលក្ខណៈពិសេស ក្រោយមកបានក្លាយជាអាហារលើតុជប់លៀងថ្នាក់ជាតិ ។ រហូតដល់បច្ចុប្បន្ននេះ វាបានល្បីល្បាញ់ទាំងក្នុងនិងក្រៅប្រទេសចិន ក្លាយទៅជាម្ហូបដែលមានការផ្គត់ផ្គង់តិចជាងតម្រូវការ ។
សំណួរទីមួយ កំណាព្យដែលបានពិពណ៍នាថា "ផ្សែងហុយឡើងត្រង់ទៅលើនៅកណ្តាលវាលខ្សាច់ ព្រះអាទិត្យមូលអស្តង្គតលើទន្លេវែង" គឺបានរៀបរាប់ពីទេសភាពនៅឯណា ?
A Sha po tou B បឹង Shahu C វាលខ្សាច់ Teng ge li
សំណួរទីពីរ ឧបករណ៍សម្រាប់ឆ្លងទន្លេដ៏បុរាណនៃSha po tou ឈ្មោះ "ក្បូនស្បែកពពែ" ធ្វើអំពីអ្វី ?
A ស្បែកជ្រូក B ស្បែកពពែ C ស្បែកគោ
សំណួរទីបី ទឹកក្នុងបឹងShahuគឺមានប្រភពពីទន្លេមួយណារបស់ប្រទេសចិន ?
A ទន្លេលឿង B ទន្លេយ៉ង់សេ C ទន្លេZhujiang
សំណួរទីបួន ទៅបឹងShahu ត្រូវតែពិសាចំណីអ្វី ?
A សាច់ពពែ B សាច់គោ C ត្រីក្បាលធំ
សំណួរឆ្លើយតាមគំនិតខ្លួន Sha po tou និងបឹង Shahu សុទ្ធតែមានចំណុចពិសេសធំជាងគេមួយគឺ មានខ្សាច់និងទឹកគួបផ្សំគ្នា តំបន់ទេសភាពទាំងពីរនេះ តើលោកអ្នកចូលចិត្តមួយណាជាង? ហេតុអ្វី ?