សន្និសីទប្រចាំឆ្នាំ២០១៨នៃវេទិកាអាស៊ីក្រុងប៉អៅបានបើកធ្វើនៅក្រុងប៉អៅ ខេត្តហៃណានប្រទេសចិននៅថ្ងៃទី១០ខែមេសា ។ លោកប្រធានរដ្ឋចិនស៊ីជីនភីងបានអញ្ជើញចូលរួមពិធីបើកសន្និសីទនិងថ្លែងសុន្ទរកថាគន្លឹះផងដែរ ។ បន្ទាប់ពីបញ្ចប់សុន្ទរកថា ថ្នាក់ដឹកនាំបរទេសដែលអញ្ជើញចូលរួមពិធីនេះបានបង្ហាញថា គោលនយោបាយមួយចំនួនស្តីពីការពង្រីកកំណែទម្រង់របស់ប្រទេសចិនគឺឲ្យមកនូវភាពសប្បាយរីករាយ ប្រទេសចិនបន្តជំរុញកំណែទម្រង់និងបើកទូលាយយ៉ាងមុតមាំនឹងផ្តល់ផលប្រយោជន៍ដល់ពិភពលោក ហើយជំរុញពិភពលោកឲ្យអភិវឌ្ឍនិងមានវិបុលភាពជាមួយគ្នាផងដែរ ។
លោក Antonio Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិបានថ្លែងថា សន្និសីទប្រចាំឆ្នាំនៃវេទិកាអាស៊ីក្រុងប៉អៅលើកនេះបានបង្ហាញឲ្យឃើញនូវកម្លាំងរស់រវើកដែលកើនឡើងឥតឈប់ឈរនិងស្មារតីសុទិដ្ឋិនិយមរបស់អាស៊ី ហើយក៏បានបង្ហាញឲ្យឃើញនូវការខិតខំប្រឹងប្រែងរបស់យើងដើម្បីបង្កើតសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិផងដែរ ។
លោក Duterte ប្រធានាធិបតីហ្វីលីពីនបានថ្លែងថា ការជំរុញឲ្យទ្វីបអាស៊ីនិងពិភពលោកកាន់តែមានវិបុលភាពគឺជាផលប្រយោជន៍រួមរបស់យើង ហើយក៏ជាករណីយកិច្ចរួមរបស់យើងដែរ ។ ប្រទេសនានាគប្បីបង្កើនកិច្ចសហប្រតិបត្តិការដើម្បីសម្រេចក្តីសុបិនដែលមានវិបុលភាពនិងមានរុងរឿងជាមួយគ្នា ។