កាលពីថ្ងៃទី ១០ ខែមេសា លោកស៊ីជីនភីង ប្រធានរដ្ឋចិនបានប្រកាសពីវិធានការមួយចំនួនរបស់ប្រទេសចិនសម្រាប់ពង្រីកការបើកទូលាយថែមទៀតក្នុងពិធីបើកធ្វើសន្និសីទប្រចាំឆ្នាំ២០១៨នៃវេទិកាអាស៊ីក្រុងប៉អៅ ហើយបានបង្ហាញពីការជឿជាក់ថាការបើកទូលាយចំពោះក្រៅប្រទេសនៃប្រទេសចិនមុខជានឹងបង្កើតបានជាសភាពការណ៍ថ្មីសន្លាងមួយជាមិនខាន ។ វិធានការថ្មីអំពីការបើកទូលាយចំពោះក្រៅប្រទេសនៃប្រទេសចិនទទួលបានការវាយតម្លៃខ្ពស់ពីសំណាក់តំណាងបណ្តាប្រទេសដែលបានចូលរួមសន្និសីទ ។
លោកស្រី ChristineLagarde អគ្គនាយកអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានវាយតម្លៃយ៉ាងសកម្មចំពោះវិធានការថ្មីទាំងនេះថា ក្នុងសុន្ទរកថា លោកស៊ីជីនភីងបានលើកឡើងអំពីការបើកទូលាយថែមទៀតលើវិស័យហិរញ្ញវត្ថុ ការធានារ៉ាប់រងនិងរថយន្តជាដើម កាត់បន្ថយរបាំងពាណិជ្ជកម្ម ផ្តល់បរិយាកាសធ្វើពាណិជ្ជកម្មដ៏យុត្តិធម៌ ការពារកម្មសិទ្ធបញ្ញា បើវិធានការជាក់ស្តែងទាំងនេះត្រូវបានអនុវត្ត នោះ ជឿជាក់ថា ប្រទេសចិននឹងទទួលបានជោគជ័យជាបន្តទៀតក្នុងរយៈពេល ៤០ ឆ្នាំខាងមុខលើមូលដ្ឋានជោគជ័យនៃការកែទម្រង់និងបើកទូលាយក្នុងរយៈពេល ៤០ ឆ្នាំកន្លងទៅ ។