ព្រឹកថ្ងៃទី ១០ ខែមេសា សន្និសីទប្រចាំឆ្នាំ ២០១៨ នៃវេទិកាអាស៊ីក្រុងប៉អៅបានបើកធ្វើនៅក្រុងប៉អៅខេត្តហៃណានប្រទេសចិន ។ ថ្លែងក្នុងសុន្ទរកថាគន្លឹះក្នុងពិធីសម្ពោធបើក លោកស៊ីជីនភីង ប្រធានរដ្ឋចិនបានប្រកាសពីវិធានការធំៗទាំង ៤ ស្តីពីការពង្រីកការបើកទូលាយរបស់ចិន គឺបន្ធូរបន្ថយក្នុងកម្រិតខ្ពស់សម្រាប់ការអនុញ្ញាតឲ្យចូលទីផ្សារ បង្កបង្កើតបរិយាកាសវិនិយោគដែលកាន់តែមានកម្លាំងទាក់ទាញ បង្កើនការការពារកម្មសិទ្ធិបញ្ញា ពង្រីកការនាំចូលដោយម្ចាស់ការ ព្រមទាំងបានបង្ហាញពីការជឿជាក់ថា ការបើកទូលាយចំពោះក្រៅប្រទេសនៃប្រទេសចិនមុខជានឹងអាចបើកនូវសភាពការណ៍ដ៏ថ្មីសន្លាងមួយជាមិនខាន ។
ឆ្នាំនេះគឺជាខួបឆ្នាំទី ៤០ នៃកំណែទម្រង់និងការបើកទូលាយរបស់ប្រទេសចិន ។ ថ្លែងក្នុងសុន្ទរកថាគន្លឹះ លោកស៊ីជីនភីងបានបូកសរុបនូវសមិទ្ធផលដ៏អស្ចារ្យនិងបទពិសោធន៍ដ៏សំខាន់នៃប្រទេសចិនក្នុងកំណែទម្រង់និងការបើកទូលាយ ហើយបានបង្ហាញថា កំណែទម្រង់និងការបើកទូលាយដែលជាបដិវត្តន៍លើកទី ២ នៃប្រទេសចិន មិនគ្រាន់តែបានកែប្រែប្រទេសចិនដោយស៊ីជម្រៅប៉ុណ្ណោះទេ ថែមទាំងជះឥទ្ធិពលយ៉ាងជ្រាលជ្រៅលើពិភពលោកផងដែរ ។
សមាជបក្សកុម្មុយនិស្តចិនលើកទី១៩ដែលបានធ្វើឡើងនៅខែតុលាឆ្នាំ២០១៧បានប្រកាសថាសង្គមនិយមដែលប្រកបដោយលក្ខណៈពិសេសរបស់ចិនបានឈានចូលក្នុងយុគសម័យថ្មី។លោកស៊ីជីនភីងបានថ្លែងថា ក្នុងយុគសម័យថ្មី ប្រជាជនចិននឹងបន្តពង្រឹងសមត្ថភាពរបស់ខ្លួនឥតឈប់ឈរនិងការធ្វើច្នៃប្រឌិតថ្មីដោយខ្លួនឯងតទៅទៀត។បន្តធ្វើការច្នៃប្រឌិតថ្មីដោយក្លាហាននិងជំរុញការអភិវឌ្ឍតទៅទៀត។បន្តពង្រីកការបើកទូលាយនិងបង្កើនកិច្ចសហប្រតិបត្តិការតទៅទៀត។បន្តដើរទន្ទឹមនឹងពិភពលោកដើម្បីរួមចំណែកកាន់តែច្រើនចំពោះមនុស្សជាតិតទៅទៀត។
លោកស៊ីជីនភីងបានរំលឹកឡើងវិញម្តងទៀតថា មិនថាប្រទេសចិនអភិវឌ្ឍដល់កម្រិតណាក្តី សុទ្ធតែមិនបង្កជាការគំរាមកំហែងដល់អ្នកណានោះឡើយ មិនធ្វើវិទ្ធង្សនាលើប្រព័ន្ធអន្តរជាតិដែលកំពុងអនុវត្តក្នុងពេលបច្ចុប្បន្ននោះទេ ហើយក៏មិនរិះរកមធ្យោបាយដើម្បីបង្កើតក្របខ័ណ្ឌអំណាចរបស់ខ្លួននោះដែរ។ជានិច្ចកាលប្រទេសចិនគឺជាស្ថាបនិកនៃសន្តិភាពពិភពលោក ជាអ្នករួមចំណែកក្នុងការអភិវឌ្ឍពិភពលោកនិងជាអ្នកគាំពារនៃរបៀបរៀបរាយនិងសណ្តាប់ធ្នាប់អន្តរជាតិ។
មួយរយៈកាលកន្លងទៅនេះ អំពីគោលនយោបាយបើកទូលាយចំពោះបរទេសរបស់ប្រទេសចិន សហគមន៍អន្តរជាតិបានលេចចេញសំឡេងខុសគ្នាមួយចំនួន ។ លោកស៊ីជីនភីងធ្លាប់បានគូសបញ្ជាក់ក្នុងរបាយការណ៍នៃសមាជបក្សកុម្មុយនិស្តចិនលើកទី១៩ថា ប្រទេសចិនប្រកាន់ខ្ជាប់គោលនយោបាយជាតិជាមូលដ្ឋានគឺបើកទូលាយចំពោះបរទេស និងប្រកាន់ខ្ជាប់ការបើកទ្វារដើម្បីកិច្ចកសាង ។ ក្នុងសុន្ទរកថានៅក្រុងប៉អៅ លោកស៊ីជីនភីងបានបញ្ជាក់ម្តងទៀតថា ទ្វារបើកទូលាយចំពោះបរទេសរបស់ប្រទេសចិននឹងកាន់តែធំឡើងៗ ហើយក៏បានប្រកាសពីវិធានការធំៗទាំង៤សម្រាប់ពង្រីកការបើកទូលាយដូចជា ការបន្ធូរបន្ថយយ៉ាងខ្លាំងនូវការអនុញ្ញាតឲ្យចូលក្នុងទីផ្សារចិន បង្កើតបរិយាកាសវិនិយោគទុនដែលមានកម្លាំងទាក់ទាញកាន់តែធំ បង្កើនការការពារកម្មសិទ្ធិបញ្ញានិងពង្រីកការនាំចូលដោយម្ចាស់ការ ។