នៅរដូវផ្ការីកឆ្នាំ ២០១៨ "ពេលវេលាប៉អៅ" បានមកដល់ទៀតហើយ ។ ខេត្តហៃណាន ដែលជាតំបន់សេដ្ឋកិច្ចពិសេសធំជាងគេនិងជាបង្អួចបើកចំហនៃកំណៃទម្រង់របស់ប្រទេសចិន បានទាក់ទាញក្រសែចក្ខុរបស់ពិភពលោកជាថ្មីម្តងទៀត ។ ៥ឆ្នាំមុន លោក ស៊ីជីនភីង ប្រធានរដ្ឋចិនបានសន្យាយ៉ាងម៉ឺងម៉ាត់និងឱឡារិកចំពោះពិភពលោកថា "ប្រទេសចិននឹងប្រកាន់ខ្ជាប់ធ្វើកំណែទម្រង់និងបើកទូលាយមិនងាករេ " ថ្ងៃទី ១០ ខែមេសា ឆ្នាំនេះ លោកនឹងធ្វើការបកស្រាយអំពីទស្សនទាននៃផែនទីបង្ហាញផ្លូវអំពីកំណែទម្រង់និងបើកទូលាយជុំថ្មីរបស់ប្រទេសចិនទៅកាន់ពិភពលោកនៅទីនេះ ។
"ការលើកសំណួរក្នុងវេទិការប៉អៅ" ទ្វារសម្រាប់ការបើកទូលាយរបស់ប្រទេសចិននឹងមិនបិទឡើយ
នៅឆ្នាំ ២០១៣ អ្នកទទួលខុសត្រូវចំនួន ៣២ រូបរបស់សហគ្រាសចិននិងអន្តរជាតិដែលបានអញ្ជើញចូលរួមសនិ្នសីទប្រចាំឆ្នាំនៃវេទិកាអាស៊ីក្រុងប៉អៅ បានជួបសំណេះសំណាលជាមួយលោកប្រធានរដ្ឋចិន ស៊ីជីនភីង ៖
អគ្គនាយកនៃក្រុមហ៊ុន Pepsi របស់សហរដ្ឋអាមេរិកថ្លែងថា៖ សង្ឃឹមរដ្ឋាភិបាលចិននឹងបន្តពង្រីកការបើកទូលាយ និងជំរុញកំណែទម្រង់នៃប្រព័ន្ធត្រួតពិនិត្យនិងឲ្យសច្ចាប័នខាងរដ្ឋបាល ដើម្បីលើកទឹកចិត្តដល់ពាណិជ្ជករបរទេសឲ្យពង្រីកការបណ្តាក់ទុនក្នុងវិស័យកសិកម្មនិងសេដ្ឋកិច្ចបៃតងជាដើម ។
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនលោហធាតុ Fotis Chu គ្រុបរបស់ប្រទេសអូស្ត្រាលីបានថ្លែងថា៖ ដោយទទួលបានផលពីការនាំចេញថ្មរ៉ែដែកមកកាន់ប្រទេសចិន ក្រុមហ៊ុនរបស់លោកបានឈានចូលក្នុងជួរសហគ្រាសធនធានដែលមានភាពជោគជ័យបំផុតលើពិភពលោក ក្រុមហ៊ុនរបស់លោកនឹងបន្តពង្រីកទំហំបណ្តាក់ទុននៅប្រទេសចិន ក៏ដូចជាចូលរួមឲ្យបានកាន់តែច្រើននូវការអភិវឌ្ឍបុព្វហេតុសង្គមនៃប្រទេសចិន ។
ប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានប្រតិបតិ្តទីមួយនៃក្រុមហ៊ុន CP គ្រុបរបស់ប្រទេសថៃបានថ្លែងលើកជាសំណើឲ្យប្រទេសចិនពង្រីកថែមទៀតនូវតម្រូវការក្នុងស្រុក និងជំរុញភាពរីកចម្រើននៃវិស័យកសិកម្មនិងសេវាកម្មជាដើម ដើម្បីឲ្យសហគ្រាសកាន់តែច្រើនចូលរួមការធ្វើអាជីវកម្មលើវិស័យពាក់ព័ន្ធនឹងកសិករកសិកម្មនិងជនបទ ។
លោក ស៊ីជីនភីង បានឆ្លើយតបប្រកបដោយជំនឿចិត្តយ៉ាងមុតមាំថា ទ្វារសម្រាប់ការបើកទូលាយរបស់ប្រទេសចិននឹងមិនបិទឡើយ
— —យើងបានកំណត់គោលដៅតស៊ូស្តីពី "មួយសតវត្សរ៍ទាំងពីរ" ដោយបានលើកឡើងនូវការសម្រេចសុបិនចិនដែលស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ការសម្រេចគោលដៅទាំងនេះពិតជានឹងដាក់បញ្ចូលឥតឈប់ឈរនូវកម្លាំងរស់រវើកនិងកម្លាំងចលករថ្មីទៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសចិន ។
— —គោលនយោបាយរបស់ប្រទេសចិនស្តីពីការប្រើប្រាស់ទុនបរទេសគឺមិនកែប្រែទេ ព្រមនិងធានាតាមច្បាប់នូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពាណិជ្ជករបរទេសក្នុងការបណ្តាក់ទុនផងដែរ ។
— —ប្រទេសចិននឹងលើកខ្ពស់កម្រិតនៃសេដ្ឋកិច្ចបែបបើកទូលាយក្នុងក្របខ័ណ្ឌកាន់តែធំ វិស័យកាន់តែទូលំទូលាយនិងស្រទាប់កាន់តែស៊ីជម្រៅ ។ យើងប្រឆាំងយ៉ាងដាច់ខាតនូវការគាំពារនិយមទោះតាមរូបភាពណាក៏ដោយ រីករាយក្នុងការដោះស្រាយដោយសមរម្យនូវការខ្វែងគំនិតផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយប្រទេសពាក់ព័ន្ធតាមការពិគ្រោះពិភាក្សាគ្នា ខ្នះខ្នែងជំរុញការបង្កើតបានជាប្រព័ន្ធសេដ្ឋកិច្ចនិងពាណិជ្ជកម្មពហុភាគីដែលប្រកបដោយតុល្យភាព ឈ្នះ-ឈ្នះ និងផ្តោតសំខាន់ទៅលើការអភិវឌ្ឍ ។
"ខ្សែក្រវាត់មួយនិងផ្លូវមួយ" គ្រោងផែនការអំពីនិម្មាបនកម្មថ្មីនៃការបើកទូលាយរបស់ប្រទេសចិន
ក្នុងខណៈពេលអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអាស៊ីកណ្តាលនិងអាស៊ីអាគ្នេយ៍នៅរដូវរំហើយឆ្នាំ ២០១៣ លោកប្រធានរដ្ឋចិន ស៊ីជីនភីង បានលើកឡើងជាបន្តបន្ទាប់នូវគំនិតផ្តួចផ្តើមសំខាន់ៗស្តីពីការរួមសហការជាមួយប្រទេសពាក់ព័ន្ធក្នុងការកសាង "ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ " និង "ផ្លូវសូត្រលើសមុទ្រក្នុងសតវត្សរ៍ទី ២១" — —អំណើះតមក "ខ្សែក្រវាត់មួយនិងផ្លូវមួយ" បានក្លាយជាក្របខ័ណ្ឌថ្មីសម្រាប់ជំរុញឲ្យប្រទេសចិននិងពិភពលោករួមគ្នាពិភាក្សា រួមគ្នាកសាង និងចែករំលែកជាមួយ ។
លោកប្រធានរដ្ឋចិន ស៊ីជីនភីង ធ្លាប់ថ្លែងអំពីគោលបំណងដើមនៃគំនិតផ្តួចផ្តើមមួយនេះថា "គំនិតផ្តួចផ្តើមនេះគឺក្នុងគោលបំណងចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍នៃប្រទេសចិនជាមួយប្រទេសតាមបណ្តោយខ្សែក្រវាត់មួយនិងផ្លូវមួយ ដើម្បីឆ្ពោះទៅរកភាពចម្រុងចម្រើនជាមួយគ្នា ។"
អ្នកជំនាញពាក់ព័ន្ធបានឯកភាពគ្នាថា "ខ្សែក្រវាត់មួយនិងផ្លូវមួយ"គឺជាវេទិកាថ្មីដែលប្រទេសចិនបានបង្កើតឡើងសម្រាប់ការបើកទូលាយ កិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍរបស់សេដ្ឋកិច្ចពិភពលោក ។
ប្រទេសចិនបើកចំហចំពោះបរទេសគឺក្នុងគោលបំណងចែករំលែកសមិទ្ធផលជាមួយប្រទេសនានា។នៅក្នុងរយៈពេល៥ឆ្នាំកន្លងទៅ ប្រទេសចិនបានប្រើប្រតិបត្តិការជាក់ស្តែងរបស់ខ្លួន ដើម្បីចែករំលែកផលប្រយោជន៍នៃការអភិវឌ្ឍជាមួយទូទាំងពិភពលោក សម្រេចកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយប្រទេសនិងអង្គការអន្តរជាតិជាង៤០លើកពិភពលោក ធ្វើកិច្ចសហប្រតិបត្តិការផ្នែកសមត្ថភាពផលិតកម្មជាមួយប្រទេសជាង៣០ ធ្វើវិនិយោគនៅប្រទេសតាមបណ្តោយខ្សែក្រវាត់មួយនិងផ្លូវមួយលើសពីទឹកប្រាក់៥ម៉ឺនលានដុល្លារអាមេរិក ធនាគារវិនិយោគហេដ្ឋរចនាសម្ព័ន្ធអាស៊ីបានផ្តល់ឥណទាន១ពាន់៧រយលានដុល្លារអាមេរិកដល់ប្រទេសដែលចូលរួមការកសាងខ្សែក្រវាត់មួយនិងផ្លូវមួយ មូលនិធិផ្លូវសូត្របានវិនិយោគទុនរហូតដល់៤ពាន់លានដុល្លារអាមេរិក សហគ្រាសប្រទេសចិនបានកសាងតំបន់សហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មចំនួន៥៦នៅក្នុងប្រទេសជាង២០ បង្កើតបានចំណូលពន្ធគយជិត១ពាន់១រយលានដុល្លារអាមេរិកនិងបង្កើតឱកាសការងារ១សែន៨ម៉ឺននាក់ដល់ប្រទេសមានពាក់ព័ន្ធ។
តំបន់សាកល្បងផ្នែកពាណិជ្ជកម្មសេរី៖ប្រទេសចិនបើកចំហតំបន់កាន់តែច្រើន
ទីក្រុងសៀងហៃ--ទីកន្លែងចាប់កំណើតនៃបក្សកុម្មុយនិស្តចិនជាទីក្រុងបើកចំហតាមសមុទ្រលើកដំបូងនៅប្រទេសចិន នៅឆ្នាំ២០១៣លើកស្លាកជាផ្លូវការនិងបង្កើតតំបន់សាកល្បងផ្នែកពាណិជ្ជកម្មសេរីក្រុងសៀងហៃ។
២ឆ្នាំកន្លងទៅ តំបន់សាកល្បងផ្នែកពាណិជ្ជកម្មសេរីខេត្តGuangdong ទីក្រុងTianjinនិងខេត្តFujianបានលើកស្លាកក្នុងពេលដំណាលគ្នា។ឆ្នាំ២០១៧ តំបន់សាកល្បងផ្នែកពាណិជ្ជកម្មសេរីខេត្តLiaoningខេត្តZhejiangខេត្តHananខេត្តHubeiទីក្រុងChongqingខេត្តSichuanនិងខេត្តShanxiបានលើកស្លាកជាផ្លូវការជាការចាប់ផ្តើមយុគសម័យថ្មី១បូក៣បូក៧។
ចាប់ពីឆ្នាំ២០១៣មក តំបន់សាកល្បងផ្នែកពាណិជ្ជកម្មសេរីថ្នាក់ជាតិចំនួន១១បានក្លាយទៅជាវេទិកាសំខាន់សម្រាប់ប្រទេសចិនពង្រីកកំណែទម្រង់និងបើកចំហព្រមទាំងរួមបញ្ចូលគ្នាទៅក្នុងការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច៕
លោកស៊ី ជីនភីងមានប្រសាសន៍ថា កិច្ចកសាងតំបន់សាកល្បងផ្នែកពាណិជ្ជកម្មសេរី ជាវិធានការសំខាន់មួយរបស់មជ្ឈិមបក្សកុម្មុយនិស្តចិនសម្រាប់ធ្វើការបើកចំហនិងកំណែទម្រង់ក្រោមស្ថានការណ៍ថ្មី ។
ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ តំបន់ពាណិជ្ជកម្មសេរីទាំងបីរបស់ប្រទេសចិនមានបរិយាកាសប្រកបអាជីវកម្មកាន់តែល្អប្រសើរឡើង ។
ការបើកចំហនិងកំណែទម្រង់ ៖ ជាអាថ៌កំបាំងបើកចំហរបស់ប្រទេសចិនសម្រាប់ការសម្រេចបាននូវការអភិវឌ្ឍកាន់តែធំ
ខែតុលា ឆ្នាំ ២០១៣ កិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី ១៨ បានសម្រេចចិត្តធ្វើកំណែទម្រង់និងបើកចំហគ្រប់ជ្រុងជ្រោយ ។
ខែមីនា ឆ្នាំ ២០១៨ ក្រុមដឹកនាំការងារធ្វើឲ្យកំណែទម្រង់និងបើកចំហកាន់តែស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយនៃមជ្ឈិមបក្សកុម្មុយនិស្តចិនបានត្រូវដំឡើងលំដាប់ថ្នាក់ទៅជាគណៈកម្មាធិការ ។
ពេលប្រឈមនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃសកលភាវូបនីយកម្មសេដ្ឋកិច្ច និងការប្រកួតប្រជែងនៃកម្លាំងជាតិដែលមានភាពកាន់តែខ្លាំងក្លា លោកស៊ី ជីនភីងបានថ្លែងដោយត្រង់ៗថា ប្រទេសចិនត្រូវក្តាប់ជាប់កាលានុវត្តភាព ដើម្បីសម្រេចការអភិវឌ្ឍថ្មីឲ្យបានកាន់តែច្រើន ហើយបើនិយាយពីឫសគល់គឺត្រូវផ្អែកលើកំណែទម្រង់និងបើកចំហ ។
ប្រមុខរដ្ឋនៃប្រទេសចិនរូបនេះបានកត់សម្គាល់ថា និយាយចំពោះប្រទេសធំដែលមានប្រជាជនជាង ១៣០លាននាក់បើចង់សម្រេចបាននូវទំនើបភាវូបនីយកម្ម ក្នុងប្រវត្តិសាស្រ្តគ្មានករណីដែលអាចយកត្រាប់តាមនោះទេ ។ ការអភិវឌ្ឍរបស់ប្រទេសចិនត្រូវតែដើរតាមផ្លូវរបស់ខ្លួន ត្រូវធ្វើកំណែទម្រង់និងបើកចំហ ក៏ដូចជាធ្វើការសិក្សាស្វែងរកឥតឈប់ឈរ ។
ក្នុងនាមជាសកម្មភាពសម្រាប់បើកទំព័រការទូតរបស់ប្រទេសចិនក្នុងឆ្នាំ ២០១៨ ពិភពលោកសុទ្ធតែរំពឹងស្តាប់សំឡេងរបស់ប្រទេសចិនក្នុងយុគសម័យថ្មីដែលបញ្ចេញនៅក្រុងប៉អៅដ៏ស្រស់ស្អាត ៕