លោកស៊ី ជីនភីងអគ្គលេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនបានថ្លែងថា ក្នុងសនិ្នសីទពេញអង្គលើកទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណតិ្តទី ១៩ ដែលទើបបើកធ្វើអម្បាញ់មិញ បានជ្រើសតាំងស្ថាប័នដឹកនាំរបស់មជ្ឈិមបក្សកុម្មយនិស្តចិនអាណត្តិថី្ម សនិ្នសីទពេញអង្គបានជ្រើសតាំងខ្ញុំឲ្យបន្តកាន់តំណែងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនជាបន្តទៀត ។ នេះគឺជាការទទួលស្គាល់ចំពោះរូបខ្ញុំ ហើយក៏ជាការដាស់តឿននិងជាការជំរុញនិងលើកទឹតចិត្តចំពោះរូបខ្ញុំផងដែរ ។
ឥឡូវនេះ ខ្ញុំសូមឧទេ្ទសនាមពីសមាជិកគណៈអចិន្ត្រែយ៍នៃការិយាល័យនយោបាយមជ្ឈិម៦រូបទៀត ។ លោក លី ខឺឈាង លោក លី ចាន់ស៊ូ លោក វ៉ាង យ៉ាង លោក វ៉ាង ហ៊ូនីង លោក ចៅ ឡឺជី និងលោក ហាន ចឹង ។ ក្នុងនោះ លោក លី ខឺឈាង គឺជាសមាជិកគណៈអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី ១៨ ហើយសមាជិក៥ រូបទៀតសុទ្ធតែជាសមាជិកនៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី ១៨ លោកអ្នកអាចស្វែងយល់កាន់តែច្រើនអំពីព័ត៌មានពាក់ព័ន្ធនឹងសមាជិកគ្រប់រូបតាមរយៈប្រព័ន្ធសារព័ត៌មាន ។ ពេលនេះ ខ្ញុំសូមតាងនាមសមាជិកថ្នាក់ដឹកនាំនៃមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិថី្ម ថ្លែងអំណរគុណយ៉ាងស្មោះចំពោះសមាជិកបក្សគ្រប់រូបដែលបានផ្តល់ទំនុកចិត្តដល់យើងខ្ញុំ ។ យើងខ្ញុំនឹងខំព្យាយាមអស់ពីសមត្ថភាព ដើម្បីបំពេញភារកិច្ចស្របតាមតួនាទីរបស់ខ្លួនឲ្យបានល្អប្រសើរ មិនធ្វើឲ្យបក្សនិងប្រជាជនអស់សង្ឃឹមឡើយ ។