សន្និសីទពេញអង្គលើកទី ១ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី ១៩ បានបោះឆ្នោតជ្រើសតាំងលោកXi Jinping លោកLi Keqiang លោកLi Zhanshu លោកWang Yang លោកWang Huning លោកZhao Leji និងលោកHan Zhengជាសមាជិកអចិន្ត្រយ៍នៃការិយាល័យនយោបាយមជ្ឈិម ។ ពេលជួបជាមួយអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ លោកXi Jinpingបានថ្លែងអំណរគុណដោយស្មោះចំពោះសមាជិកបក្សទាំងអស់ដែលបានផ្តល់ទំនុកចិត្តចំពោះសមាសភាពនៃថ្នាក់ដឹកនាំមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិថ្មី ។ លោកបានថ្លែងទៀតថា ថ្នាក់ដឹកនាំអាណត្តិថ្មីច្បាស់ជានឹងខិតខំប្រឹងប្រែងដើម្បីបំពេញភារកិច្ចស្របតាមតួនាទីរបស់ខ្លួនឲ្យទទួលបានជោគជ័យ មិនធ្វើឲ្យបក្សនិងប្រជាជនចិនអស់សង្ឃឹមឡើយ ។