ថ្ងៃទី ២៥ ខែតុលា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី ១៩ បានបើកធ្វើសន្និសីទពេញអង្គលើកទីមួយនៅទីក្រុងប៉េកាំង និងបានជ្រើសតាំងស្ថាប័នដឹកនាំរបស់មជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិថី្ម ដែលមានលោក ស៊ី ជីនភីង ជាប្រមុខ។ ពេលជួបជាមួយអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ លោក ស៊ី ជីនភីង បានតាងនាមឲ្យថ្នាក់ដឹកនាំនៃមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិថ្មី សន្យាថានឹងខំព្យាយាមអស់ពីសមត្ថភាព ដើម្បីបំពេញភារកិច្ចស្របតាមតួនាទីរបស់ខ្លួនឲ្យបានល្អប្រសើរ មិនធ្វើឲ្យបក្សនិងប្រជាជនអស់សង្ឃឹមឡើយ ព្រមពេលជាមួយនេះ លោកក៏បានលើកឡើងនូវទិសដៅការងារសម្រាប់ប្រាំឆ្នាំខាងមុខនេះផងដែរ។
សមាជិកគណៈអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិថ្មីមានប្រាំពីររូប គឺ លោក ស៊ី ជីនភីង លោក លី ខឺឈាង, លោក លី ចាន់ស៊ូ ,លោក វ៉ាង យ៉ាង, លោក វ៉ាង ហ៊ូនីង, លោក ចៅ ឡឺជី និងលោក ហាន ចឹង ។ លោក ស៊ី ជីនភីង ដែលបន្តកាន់មុខតំណែងជាអគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានតាងនាមក្រុមថ្នាក់ដឹកនាំនៃមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិថ្មីថ្លែងទៅកាន់ប្រព័ន្ធសារព័ត៌មានមានជាតិនិងអន្តរជាតិថា ៖
" ក្នុងសនិ្នសីទពេញអង្គលើកទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណតិ្តទី ១៩ ដែលទើបបើកធ្វើអម្បាញ់មិញ បានជ្រើសតាំងស្ថាប័នដឹកនាំរបស់មជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិថី្ម សនិ្នសីទពេញអង្គបានជ្រើសតាំងខ្ញុំឲ្យបន្តកាន់តំណែងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនជាបន្តទៀត ។ នេះគឺជាការទទួលស្គាល់ចំពោះរូបខ្ញុំ ហើយក៏ជាការដាស់តឿននិងជាការជំរុញនិងលើកទឹកចិត្តចំពោះរូបខ្ញុំផងដែរ ។ ខ្ញុំសូមតាងនាមសមាជិកថ្នាក់ដឹកនាំនៃមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិថី្ម ថ្លែងអំណរគុណយ៉ាងស្មោះចំពោះសមាជិកបក្សគ្រប់រូបដែលបានផ្តល់ទំនុកចិត្តដល់យើងខ្ញុំ ។ យើងខ្ញុំនឹងខំព្យាយាមអស់ពីសមត្ថភាព ដើម្បីបំពេញភារកិច្ចស្របតាមតួនាទីរបស់ខ្លួនឲ្យបានល្អប្រសើរ មិនធ្វើឲ្យបក្សនិងប្រជាជនអស់សង្ឃឹមឡើយ ។ "
សមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ ដែលទើបបិទបញ្ចប់នៅម្សិលមិញ (ថ្ងៃទី ២៤ តុលា) បានដាក់ចេញនូវសេចក្តីសន្និដ្ឋានជាយុទ្ធសាស្ត្រដ៏សំខាន់ស្តីពីសង្គមនិយមមានលក្ខណៈពិសេសចិនបានឈានចូលក្នុងយុគសម័យថ្មី គតិសង្គមនិយមលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក ស៊ី ជីនភីង បានត្រូវដាក់បញ្ចូលក្នុងលក្ខន្តិកៈបក្សកុម្មុយនិស្តចិន ។ សមាជក៏បានលើកឡើងនូវការរៀបចំចាត់ចែងដោយគ្រប់ជ្រុងជ្រោយសម្រាប់ការអភិវឌ្ឍនៅពេលអនាគតរបស់ប្រទេសចិនផងដែរ។ លោក ស៊ី ជីនភីង បានថ្លែងថា ៖
" ឆ្លងតាមរយៈការខិតខំប្រឹងប្រែងអស់ពេលជាយូរមក សង្គមនិយមមានលក្ខណៈពិសេសនៃប្រទេសចិនបានឈានចូលយុគសម័យថ្មី។ក្នុងយុគសម័យថ្មីត្រូវតែមានមុតមាត់ថ្មីសន្លាង ហើយកាន់តែត្រូវមានសមិទ្ធផលថ្មីថែមទៀត។រយៈពេល៥ឆ្នាំចន្លោះពីសមាជបក្សលើកទី១៩ដល់សមាជបក្សលើកទី២០គឺជារយៈពេលជាប្រវត្តិសាស្រ្តសម្រាប់សម្រេចគោលដៅធ្វើការតស៊ូស្តីពីសតវត្សរ៍ចំនួន២ គោលដៅនៃសតវត្សរ៍ទី១ត្រូវធ្វើឲ្យបានសម្រេច ហើយគោលដៅនៃការតស៊ូសតវត្សរ៍ទី២ក៏ត្រូវមានការចាប់ផ្តើមដ៏ល្អផងដែរ។ក្នុងនោះមានដំណាក់កាលសំខាន់មួយចំនួនដែលបង្ហាញពីដំណើរវិវឌ្ឍរីកចម្រើននៃការងាររបស់យើង។ "
ដំណាក់កាលគន្លឹះសម្រាប់ទិសដៅការងារទាំងនេះរួមមាន៖ ឆ្នាំ ២០១៨ គឺជាខួបទី ៤០ នៃការធ្វើកំណែទម្រង់និងបើកចំហរបស់ប្រទេសចិន, ឆ្នាំ ២០១៩ គឺជាខួបឆ្នាំទី ៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន, ឆ្នាំ ២០២១ ជាខួបទី ១០០ នៃការបង្កើតគណបក្សកុម្មុយនិស្តចិន។ លោក ស៊ី ជីនភីង បានគូសបញ្ជាក់ ការធ្វើកំណែទម្រង់និងបើកចំហជាវិធីសាស្ត្រជាគន្លឹះមួយដែលសម្រេចដល់ជោគវាសនារបស់ប្រទេសចិនក្នុងសម័យនេះ ប្រទេសចិននឹងបូកសរុបបទពិសោធន៍ ធ្វើការកែទម្រង់លើគ្រប់វិស័យឲ្យកាន់តែស៊ីជម្រៅថែមទៀតដោយមិនងាករេ ពង្រីកការបើកចំហតទៅទៀតដោយមិនងាករេ ជំរុញឲ្យគ្រប់វិស័យមានការវិវឌ្ឍរីកចម្រើនគ្រប់ជ្រុងជ្រោយតាមទស្សនៈអភិវឌ្ឍថ្មី ប្រទេសចិននឹងចំណាយកម្លាំងបក្សនិងរដ្ឋទាំងមូល ដើម្បីសម្រេចគោលដៅកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយទៅតាមការកំណត់ ដើម្បីកសាងឲ្យប្រទេសរបស់ខ្លួនមានភាពថ្កុំថ្កើងរុងរឿងថែមទៀត និងផ្តល់ផលប្រយោជន៍ដល់ប្រជាជនចិននិងប្រជាជននៃបណ្តាប្រទេសនានា។ លោកបានបន្តទៀតថា ៖
" បក្សកុម្មុយនិស្តចិនបានតាំងចិត្តប្តេជ្ញាលើការសម្រេចឲ្យបាននូវបុព្វហេតុដ៏មហិមាដែលនាំមកនូវផលប្រយោជន៍ជូនប្រជាជនចិនគ្រប់ជំនាន់ បច្ចុប្បន្ននេះគឺជាពេលដែលបក្សមានកម្លាំងខ្លាំងក្លាសម្រាប់បំពេញភារកិច្ចមួយនេះ ។ បក្សកុម្មុយនិស្តចិនជាបក្សនយោបាយធំបំផុតលើពិភពលោក ។ គណបក្សធំគឺត្រូវទទួលបន្ទុកធំ ។ ការអនុវត្តជាក់ស្តែងបានបញ្ជាក់យ៉ាងពេញលេញថា បក្សកុម្មុយនិស្តចិនអាចដឹកនាំប្រជាជនចិនក្នុងការធ្វើបដិវត្តន៍សង្គមដ៏មហិមា ហើយក៏អាចធ្វើបដិវត្តន៍លើខ្លួនឯងដ៏មហិមាផងដែរ ។ យើងត្រូវមានភាពក្លៀវក្លាជានិច្ច ធ្វើជាអ្នកបម្រើរបស់ប្រជាជន អ្នកដើរជួរមុខនៃយុគសម័យនិងជាអ្នកទ្រទ្រង់ប្រជាជាតិ ។ ការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងដោយគ្រប់ជ្រុងជ្រោយគឺគ្មានទីបញ្ចប់ឡើយ យើងមិនត្រូវមានគំនិតគិតចង់អង្គុយសម្រាកនោះឡើយ ។ យើងនឹងបន្តបោសសំអាតមេរោគទាំងឡាយដែលអាចបំពុលដល់ភាពស្អាតស្អំនៅផ្ទៃក្នុងបក្ស ខិតខំប្រឹងប្រែងដើម្បីបង្កបង្កើតទៅជាបរិយាកាសនយោបាយដែលប្រកបដោយភាពស្អាតស្អំ ក្នុងន័យធ្វើឲ្យកម្លាំងវិជ្ជមានដ៏ខ្លាំងក្លារបស់បក្សអាចជំរុញដល់ការបណ្តុំថាមពលដ៏ផុលផុសពីក្នុងសង្គមទាំងមូលដើម្បីជំរុញដល់ការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសចិន ។ "
លោក ស៊ី ជីនភីង បានថ្លែងទៀតថា សមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ ទទួលបានសារលិខិតជូនពរដែលផ្ញើពីគណបក្សសំខាន់ៗចំនួន៤៥២នៃប្រទេសចំនួន១៦៥ ក្នុងនោះ មានជាង ៨០០ ច្បាប់គឺមកពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំគណបក្សនិងស្ថាប័នសំខាន់ៗនៃប្រទេសទាំងនេះ។ មជ្ឈិមបក្សកុម្មុយនិស្តចិនសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំបរទេសគ្រប់រូប។ លោកបានថ្លែងថា ៖
" បក្សកុម្មុយនិស្តចិននិងប្រជាជនចិនគឺបានដើរចេញមកពីភាពលំបាកវេទនា ដូច្នេះហើយ គឺជ្រួតជ្រាបអំពីតម្លៃនៃសន្តិភាពនិងតម្លៃនៃការអភិវឌ្ឍ ។ ជនជាតិចិនដែលមានជំនឿចិត្តនិងគោរពចំពោះខ្លួនឯង នឹងគាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍នៃការអភិវឌ្ឍរបស់ជាតិ ព្រមជាមួយនេះ ក៏នឹងរួមសហការជាមួយប្រជាជននៃបណ្តាប្រទេសនានា សកម្មជំរុញការបង្កើតសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ ក្នុងន័យរួមវិភាគទានកាន់តែធំធេងចំពោះបុព្វហេតុដ៏ឧដុង្គឧត្តមនៃសន្តិភាពនិងការអភិវឌ្ឍរបស់មនុស្សជាតិជាបន្តបន្ទាប់ ។ "៕