សមាជបក្សកុម្មុយនិស្តចិនលើកទី១៩បានបើកធ្វើនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី១៨ខែតុលាកន្លងទៅ របាយការណ៍ដែលលោកស៊ី ជីនភីងប្រធានរដ្ឋចិនបានថ្លែងជូនអង្គសមាជក្នុងនាមគណៈកម្មាធិការមជ្ឈិមអាណត្តិទី១៨ ត្រូវបានមតិតំបន់ហុងកុងនិងម៉ាកាវផ្តោតការយកចិត្តទុកដាក់ខ្ពស់។ កាសែតសំខាន់ៗរបស់ក្រុងហុងកុងនិងម៉ាកាវដែលផ្សព្វផ្សាយកាលពីថ្ងៃទី១៩ខែតុលាសុទ្ធតែបានធ្វើការបកស្រាយជាសំខាន់ចំពោះខ្លឹមសារពាក់ព័ន្ធ នឹងហុងកុងនិងម៉ាកាវដែលដកស្រាង់ពីរបាយការណ៍នេះ។
មតិតំបន់ហុងកុងនិងម៉ាកាវបានសម្គាល់ឃើញជាទូទៅថា ការអធិប្បាយចំពោះកិច្ចការហុងកុងនិងម៉ាកាវក្នុងរបាយការណ៍នេះ បានបង្ហាញថា មជ្ឈិមបក្សកុម្មុយនិស្តចិនបានចាត់ទុកការអនុវត្តគោលនយោបាយប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរដោយគ្រប់ជ្រុងជ្រោយនិងត្រឹមត្រូវ ក៏ដូចជាការរក្សាស្ថិរភាពនិងភាពរុងរឿងរបស់ហុងកុងនិងម៉ាកាវក្នុងរយៈពេលវែជាការទទូចទាមទារជាចាំបាច់ដើម្បីសម្រេចបានការស្តារឡើងវិញនូវភាពរុងរឿងដ៏មហិមា។ ជាមួយគ្នានេះ ហុងកុងនិងម៉ាកាវក៏គប្បីរួមបញ្ចូលទៅក្នុងផែនការអភិវឌ្ឍន៍ជាតិ រួមគ្នារ៉ាប់រងទំនួលខុសត្រូវជាប្រវត្តិសាស្រ្តក្នុងការស្តារប្រជាជាតិឡើងវិញ ព្រមទាំងចែករំលែកមោទនភាពដ៏មហិមានៃភាពរុងរឿងនិងសម្បូរសប្បាយរបស់មាតុប្រទេស៕