ក្នុងខណៈពេលដែលសមាជបក្សកុម្មុយនិស្តចិនលើកទី១៩កំពុងបើកធ្វើនៅក្រុងប៉េកាំង ថ្នាក់ដឹកនាំ គណបក្សនយោបាយនិងអង្គការបរទេសមួយចំនួនបាននាំគ្នាហៅទូរស័ព្ទចូលឬផ្ញើសារលិខិតដើម្បីសម្តែងការជូនពរចំពោះការបើកធ្វើសមាជបក្សកុម្មុយនិស្តចិនលើកទី១៩។
ក្នុងសារលិខិតជូនពរ គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជាបានបង្ហាញថា នៅក្រោមការដឹកនាំយ៉ាងរឹងមាំរបស់មជ្ឈិមបក្សកុម្មុយនិស្តចិនដែលមានលោកស៊ីជីនភីងជាប្រមុខ ប្រជាជនចិនទទួលបានសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ។គំនិតផ្តួចផ្តើមដ៏មហិមាស្តីពីខ្សែក្រវាត់មួយនិងផ្លូវមួយនិងការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម័្ពន្ធអាស៊ីដែលលោកស៊ីជីនភីងបានលើកឡើងនោះ មិនគ្រាន់តែបានរួមវិភាគទានដ៏សំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងបានរួមវិភាគទានដល់សន្តិភាព ស្ថិរភាពនិងភាពចម្រុងចម្រើនរបស់តំបន់និងពិភពលោកផងដែរ។
លោកLee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរីបានថ្លែងថា សមាជកបក្សកុម្មុយនិស្តចិនលើកទី១៩ជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងដំណើរអភិវឌ្ឍរបស់បក្សកុម្មុយនិស្តចិននិងប្រទេសចិន។ កម្មវិធីគោលនយោបាយដែលសមាជលើកនេះកំណត់នឹងចង្អុលបង្ហាញទិសដៅច្បាស់លាស់សម្រាប់ការអភិវឌ្ឍរបស់ប្រទេសចិននាពេលអនាគត។
ដោយឡែក លោកGryzlov ប្រធានគណៈកម្មាធិការកំពូលនៃបក្សបង្រួបបង្រួមរុស្ស៊ីបានថ្លែងក្នុងសារលិខិតជូនពរថា បក្សកុម្មុយនិស្តចិនជាកម្លាំងចលករសម្រាប់ប្រទេសចិនក្នុងការសម្រេចបានការអភិវឌ្ឍជាវិជ្ជមាន។ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ប្រទេសចិននាពេលអនាគតនឹងកាន់តែអភិវឌ្ឍដោយផុលផុស ហើយកម្រិតជីវភាពរស់នៅរបស់ប្រជាជនចិនត្រូវបានលើកកម្ពស់ថែមទៀត៕